នគរបាលរាជធានី បានបំពាក់កាមេរ៉ានៅគ្រប់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ដើម្បីជំរុញពលរដ្ឋចូលរួមគោរពច្បាប់ និងពង្រឹងការអនុវត្តរបស់មន្ត្រី។ ការបំពាក់កាមេរ៉ា ដើម្បីឱ្យមានតុល្យភាព នៃការអនុវត្តច្បាប់លើពលរដ្ឋ ដែលត្រូវបាននគរបាលឃាត់ដោយកំហុសចរាចរណ៍។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបំពាក់នូវកាមេរ៉ាសុវត្ថិភាពនៅគ្រប់គោលដៅអនុវត្តច្បាប់ចរាចរណ៍ទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីជម្រុញប្រជាពលរដ្ឋអ្នកដំណើរទាំងអស់ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងជាការពង្រឹងតាមដានលើការអនុវត្តរបស់មន្ត្រីនគរបាលផងដែរ លើបាតុភាពមួយចំនួនដែលកើតឡើងរវាងនគរបាលជាមួយប្រជាពលរដ្ឋ។
ឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែននគរបាលចរាចរណ៍ឲ្យដឹងថា អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខក្រសួងមហាផ្ទៃ ក៏ដូចជានាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ពិសេសក្រោមការដឹកនាំចង្អុលបង្ហាញទិសពីរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺតែងតែបានបានជម្រុញជារឿយៗបំផុត ទៅដល់ផែននគរបាលជំនាញ ឲ្យពង្រឹងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងដាក់ចេញនូវយុទ្ធវិធីនានា សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ គ្រាដែលអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបច្ចុប្បន្ននេះ កំពុងបន្តគំរាមកំហែងខ្ពស់ដល់សុវត្ថិភាពដងផ្លូវសាធារណៈក្នុងសង្គមជាតិ។

លោកឧត្តមសេនីយ៍ទោស្នងការរងបន្ថែមថា កាមេរ៉ាទាំងអស់ នៅតាមគោលដៅអនុវត្តការរឹតបន្តឹងច្បាប់នីមួយៗ មានកែវថតចំនួនបួន ហើយតាមគោលដៅនីមួយៗ មានប្រព័ន្ធកាមេរ៉ាដែលអាចភ្ជាប់ជាមួយកម្មវិធីក្នុងទូរស័ព្ទ និង iPad របស់លោក និងលោកឧត្តមសេនីយ៍ឯកស្នងការបានដោយផ្ទាល់ ។ នៅពេលមានបញ្ហា ឬបាតុភាពណាមួយកើតឡើងនៅគោលដៅណាមួយនោះ នោះសមត្ថកិច្ចថ្នាក់លើ នឹងអាចពិនិត្យមើលរូបភាព និងព័ត៌មានជាក់លាក់ពីកាមេរ៉ាសុវត្ថិភាពនេះបាន ។
លោកឧត្តមសេនីយ៍បញ្ជាក់បន្តថា ចាប់ពីពេលនេះតទៅ បងប្អូនប្រជាពលរដ្ឋអាចមានទំនុកចិត្តលើសមត្ថកិច្ចនគរបាលចរាចរណ៍។ ប្រសិនបើបងប្អូនយល់ថា ខ្លួនមិនបានប្រព្រឹត្តកំហុស អាចស្នើសុំសមត្ថកិច្ចនៅគោលដៅនោះពិនិត្យកាមេរ៉ា វានិងបង្ហាញវីដេអូដែលពាក់ព័ន្ធនឹងការធ្វើដំណើរ ឬការបើកបរល្មើសច្បាប់របស់បងប្អូនបាន ។

ពលរដ្ឋគាំទ្រ ការបំពាក់កាមេរ៉ាសុវត្ថិភាពតាមគោលដៅអនុវត្ត និងចាត់ទុកថា ការធ្វើបែបនេះជាការបង្ហាញតម្លាភាពទាំងលើការអនុវត្តច្បាប់របស់មន្ត្រី និងភាពខុស ឬត្រូវរបស់អ្នកបើកបរទាំងឡាយផងដែរ។
ពលរដ្ឋអ្នកដំណើរលើកឡើងថា កត្តារួមចំណែកគ្នាដើម្បីកាត់បន្ថយបានពីអាត្រាគ្រោះថ្នាក់ គឺផ្តើមចេញពីការចូលរួមទាំងអស់គ្នាគ្រប់ជម្ឈដ្ឋាន យើងពុំអាចពឹងផ្អែកតែម្ខាងទៅលើសមត្ថកិច្ចអ្នកអនុវត្តច្បាប់នោះឡើយ ។ ហើយបើពលរដ្ឋម្នាក់ៗចូលរួមគោរពច្បាប់បានត្រឹមត្រូវហើយ ចូលនាំគ្នាកុំខ្លាចសមត្ថកិច្ចអី ព្រោះអ្នកអនុវត្តច្បាប់ អនុវត្តតែទៅលើបុគ្គលដែលល្មើសប៉ុណ្ណោះ ។ ការមិនល្មើសច្បាប់ គឺជាការឲ្យតម្លៃលើអាយុជីវិតខ្លួនឯង ក៏ដូចជាអ្នកដទៃ ។
គួរជម្រាបថា ការអនុវត្តវិធានការរឹតបន្តឹងច្បាប់ឡើងវិញ គឺត្រូវបានធ្វើឡើងតាំងពីដើមខែកញ្ញា ឆ្នាំ២០២៦មកម្ល៉េះ ដោយការអនុវត្តនេះ ធ្វើឡើងក្នុងរាជធានី-ខេត្ត ចំនួន០៥តែប៉ុណ្ណោះ គឺរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តកំពង់ស្ពឺ, ខេត្តកណ្តាល និងខេត្តស្វាយរៀង។ ដោយឡែកក្របខ័ណ្ឌខេត្តដទៃដែលនៅសេសសល់ គឺមិនមានការអនុវត្តវិធានការច្បាប់នោះឡើយ គឺមានការអនុវត្តវិធានការអប់រំណែនាំតែប៉ុណ្ណោះ៕ អត្ថបទ ៖ លីហេង




