សារព័ត៌មានអង់គ្លេសបានរាយការណ៍កាលពីថ្ងៃចន្ទថា សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានផ្ញើលិខិតទៅកាន់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដោយទាមទារឱ្យមានចម្លើយត្រឹមថ្ងៃទី២ ខែវិច្ឆិកា ពាក់ព័ន្ធនឹងការដឹកនាំរបស់ប្រធាន FIFA លោក Gianni Infantino រួមទាំងសំណួរអំពីគម្រោង FIFA Forward Enterprise (FFE) និងពានរង្វាន់ FIFA Peace Prize។

UEFA បានដឹកនាំការអំពាវនាវឱ្យលោក Infantino ចុះចេញពីតំណែង ចាប់តាំងពីលោកបានស្នើគម្រោង FFE ដែលក្រោយមកត្រូវបានបោះបង់ចោល។ គម្រោងនេះមានគោលបំណងបង្កើតក្រុមហ៊ុនមួយ ដើម្បីគ្រប់គ្រងផលប្រយោជន៍ពាណិជ្ជកម្មនៃការប្រកួតដែលរៀបចំដោយ FIFA រួមទាំងព្រឹត្តិការណ៍ World Cup និងលក់ភាគហ៊ុនមួយផ្នែកទៅឱ្យអ្នកវិនិយោគឯកជន។
លោក Infantino ដែលមានវ័យ ៥៦ ឆ្នាំ និងត្រៀមឈរឈ្មោះបោះឆ្នោតជាថ្មីនៅឆ្នាំក្រោយ បានសុំទោសចំពោះក្រុមប្រឹក្សា FIFA កាលពីសប្តាហ៍មុន។ លោកក៏បានស្នើឱ្យអ្នកចូលរួមដាក់សំណួរពាក់ព័ន្ធនឹងការដឹកនាំរបស់លោកជាលាយលក្ខណ៍អក្សរ ដើម្បីឱ្យលោកឆ្លើយនៅក្នុងកិច្ចប្រជុំលើកក្រោយ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ។
កាលពីថ្ងៃចន្ទ អគ្គលេខាធិការ UEFA លោក Theodore Theodoridis បានផ្ញើលិខិតទៅកាន់សមភាគីរបស់លោកនៅ FIFA គឺលោក Mattias Grafstrom ដោយទាមទារឱ្យមានការឆ្លើយតបឆាប់រហ័សចំពោះសំណួរចំនួន ៤២ ដែលគ្របដណ្តប់លើប្រធានបទចំនួន ១២។

ជាការឆ្លើយតប FIFA បានចេញសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា ខ្លួនមានបំណងឆ្លើយតបចំពោះបញ្ហាដែលត្រូវបានលើកឡើង។
អ្នកនាំពាក្យ FIFA បានបញ្ជាក់ថា៖ «បទប្បញ្ញត្តិស្តីពីអភិបាលកិច្ចរបស់ FIFA កំណត់ថា កិច្ចប្រជុំក្រុមប្រឹក្សា និងឯកសារពាក់ព័ន្ធត្រូវរក្សាការសម្ងាត់»។
អ្នកនាំពាក្យរូបនេះបានបន្តថា FIFA មានបំណងឆ្លើយសំណួរដែលសមាជិកក្រុមប្រឹក្សាបានដាក់ជូន ប៉ុន្តែមិនមានបំណងរំលោភលើគោលការណ៍សម្ងាត់ តាមរយៈការធ្វើអត្ថាធិប្បាយជាសាធារណៈទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអំពីការទំនាក់ទំនងផ្ទៃក្នុង ឬឯកសារផ្ទៃក្នុងនោះទេ។
FIFA ក៏បានសង្កត់ធ្ងន់ថា ការគោរពបទប្បញ្ញត្តិទាំងនេះ គឺជាការបង្ហាញការគោរពចំពោះក្រុមប្រឹក្សា និងសមាជិកម្នាក់ៗរបស់ខ្លួន។ FIFA បានបញ្ជាក់ថា ខ្លួននឹងបន្តរក្សាគោលការណ៍នេះ ហើយមិនចូលរួមក្នុងការជជែកតវ៉ាជាមួយភាគីទីបីណាមួយ ដែលអាចប៉ះពាល់ដល់គោលការណ៍ខាងលើឡើយ។
ចំណែក UEFA មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
គួរបញ្ជាក់ថា លោក Infantino គ្រោងឈរឈ្មោះបោះឆ្នោតជាថ្មីសម្រាប់តំណែងប្រធាន FIFA នៅខែមីនា ឆ្នាំ២០២៧ ខណៈកាលបរិច្ឆេទផុតកំណត់សម្រាប់បេក្ខជនដែលមានបំណងប្រកួតប្រជែងដាក់បេក្ខភាព គឺថ្ងៃទី១៨ ខែវិច្ឆិកា ខាងមុខនេះ៕ អត្ថបទ៖នាង សុភាវុធ
