គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ (គ.វ.ជ.) បានសម្រេចជ្រើសរើស និងប្រគល់ជ័យលាភីគម្រោងនវានុវត្តន៍សម្រាប់កែលម្អផ្នែកផ្តល់សេវាជួរមុខ របស់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២ (CPA2)។
ផ្អែកលើលទ្ធផលវាយតម្លៃរបស់គណៈកម្មការកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ មន្ទីរពេទ្យបង្អែកចំនួន៣ ព្រមទាំងបេក្ខជនជាគ្រូពេទ្យឆ្នើម បានឈ្នះជ័យលាភីរួមមាន៖ (១)លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ (មន្ទីរពេទ្យបង្អែកខេត្តកោះកុង) ៖ គម្រោង «ការរៀបចំសេវាជួរមុខប្រកបដោយគុណភាព និងប្រសិទ្ធភាព», (២)លោកវេជ្ជបណ្ឌិត នួន សុផាត (មន្ទីរពេទ្យបង្អែកព្រៃកប្បាស) ៖ គម្រោង «ការកែលម្អការគ្រប់គ្រងនិងការផ្តល់សេវានៃផ្នែកជួរមុខ» និង (៣)លោកវេជ្ជបណ្ឌិត ឈុន វិដា (មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ) ៖ គម្រោង «ការកែលម្អសេវាជួរមុខ»។
«គម្រោងនវានុវត្តន៍កែលម្អការផ្តល់សេវាជួរមុខ» គឺជាការដាក់ឱ្យអនុវត្តនូវគំនិតច្នៃប្រឌិត ឬបច្ចេកវិទ្យាថ្មីៗ នៅចំណុចដំបូងដែលប្រជាពលរដ្ឋមកប្រកៀកផ្ទាល់ជាមួយអង្គភាព ក្នុងគោលបំណងកាត់បន្ថយពេលវេលារង់ចាំ បង្កើនតម្លាភាព និងលើកកម្ពស់ការពេញចិត្តរបស់ពលរដ្ឋ។ ក្នុងបរិបទសុខាភិបាល គម្រោងទាំងនេះផ្តោតលើការរៀបចំប្រព័ន្ធគ្រប់គ្រងជួររង់ចាំឆ្លាតវៃ បញ្ជរព័ត៌មានតែមួយច្រក និងការទូទាត់ប្រាក់បែបឌីជីថល ដើម្បីសម្រាលភាពតានតឹង និងផ្តល់ភាពងាយស្រួលបំផុតជូនអ្នកជំងឺ។
បន្ទាប់ពីទទួលជ័យលាភីនេះ ម្ចាស់ជ័យលាភី និងគណៈគ្រប់គ្រងមន្ទីរពេទ្យ ត្រូវទទួលបន្ទុកអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព រួចរៀបចំរបាយការណ៍វឌ្ឍនភាពផ្ញើជូនក្រសួងមុខងារសាធារណៈ ក្នុងរយៈពេល ៣ខែ បន្ទាប់ពីការអនុវត្ត និងនៅពេលបញ្ចប់គម្រោង ព្រមទាំងត្រូវផ្តល់ការសហការក្នុងការចែករំលែកបទពិសោធជោគជ័យនេះ ទៅកាន់អង្គភាពផ្តល់សេវាសាធារណៈផ្សេងៗទៀតទូទាំងប្រទេសផងដែរ៕



