ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំ បានចាកចេញពីព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសអាស៊ែបៃហ្សង់ ដើម្បីចូលរួមការប្រកួតកីឡាបាល់ទាត់យុវជនអាយុក្រោម១៥ឆ្នាំ ពានរង្វាន់ពិភពលោក និងទិវាបាល់ទាត់ឆ្នាំ២០២៦។

ក្រោមការដឹកនាំពីគ្រូបង្គោលដែលជាអតីតកីឡាករជម្រើសជាតិកម្ពុជា ហុក សុជីវន្ត ក្រុមបាល់ទាត់យុវជនកម្ពុជាអាយុក្រោម១៥ឆ្នាំ បានចាកចេញពីមាតុប្រទេសនៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយមានការជួនដំណើរពីសំណាក់ឪពុកម្ដាយ អាណាព្យាបាល ក៏ដូចជាសាច់ញាតិ។

កម្ពុជាស្ថិតនៅពូល C នៃការប្រកួតព្រឹត្តិការណ៍នេះរួមជាមួយ ប្រទេសស៊ីមបាវ៉េ នីការ៉ាហ្កា អង់គ្លេស ម៉ុងតេណេហ្គ្រោ និងអៀរឡង់។ ហើយក្រុមបាល់ទាត់យុវជនកម្ពុជាអាយុក្រោម១៥ឆ្នាំ បើកការប្រកួតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ជាមួយស៊ីមបាវ៉េ ម៉ោង១២និង០០នាទី (ម៉ោងនៅកម្ពុជា)។ ថ្ងៃទី២៥ ខែតុលា ប្រកួតជាមួយនីការ៉ាហ្កា ម៉ោង៥និង៣០នាទីល្ងាច ម៉ោងនៅកម្ពុជា និងប្រកួតជាមួយអង់គ្លេស ម៉ោង ២០ ១១និង៤៥នាទី យប់ម៉ោងនៅកម្ពុជា។ ថ្ងៃទី២៦ ខែតុលា ប្រកួតជាមួយម៉ុងតេណេហ្គ្រោ ម៉ោង៥និង៣០នាទីល្ងាច នៅប្រកួតជាមួយអៀរឡង់ម៉ោង១១និង៤៥នាទីយប់ម៉ោងនៅកម្ពុជា។
សូមជម្រាបជូនថាក្រុមបាល់ទាត់យុវជន១៨៩ក្រុមនៅជុំវិញពិភពលោកចូលរួមការប្រកួតកីឡាបាល់ទាត់យុវជនអាយុក្រោម១៥ឆ្នាំ ពានរង្វាន់ពិភពលោក ដោយបែងចែកជា៣២ពូល ពីពូល A ដល់ ពូល AF ហើយក្រុមនីមួយៗត្រូវលេងជម្រុះសន្សំពិន្ទុ ក្នុងពូលរៀងៗខ្លួន។ ក្រោយបញ្ចប់ការប្រកួតក្នុងពូលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ក្រុមដែលទទួលបានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥ រឺលេខ៦ ត្រូវឡើងទៅលេងនៅក្នុងវគ្គទី២បន្តទៀតដោយបែងចែកជា៦កម្រិត (Six Tiers) ពីកម្រិត A ដល់កម្រិត F។
ក្នុងការប្រកួតវគ្គទី២នេះ ក្រុមដែលបញ្ចប់នៅចំណាត់ថ្នាក់លេខ១ក្នុងពូលទាំង៣២ត្រូវឡើងទៅលេងជុំទី២ក្នុងកម្រិត A។ ក្រុមដែលបញ្ចប់នៅចំណាត់ថ្នាក់លេខ២ក្នុងពូលទាំង៣២ ត្រូវឡើងទៅលេងកម្រិត B។ ពោលជារួមក្រុមដែលបញ្ចប់នៅចំណាត់ថ្នាក់លេខ ៣ លេខ៤ លេខ៥ និងលេខ៦ ត្រូវឡើងទៅលេងក្នុងកម្រិត C D E និង F តាមលំដាប់លំដោយ។ វគ្គនេះត្រូវលេងនៅថ្ងៃទី២៨ និងទី២៩ ខែតុលា ដោយកម្រិតនីមួយៗ លេងក្នុងរូបមន្តចាញ់ធ្លាក់ រហូតរកឃើញក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រតាមកម្រិតនីមួយដែលត្រូវលេងបញ្ចប់ថ្ងៃទី៣០ ខែតុលា។
ការប្រកួតទាំងអស់ត្រូវលេងនៅទីក្រុងបាគួ ក្នុងមជ្ឈមណ្ឌលកីឡា Hovsan ដែលមានផ្ទៃដី១២ហិកតា ហើយការប្រកួតនេះ ម្ខាងមានគ្នា ៨នាក់ លេងមួយវគ្គ២០នាទី និងសម្រាក៥នាទី៕









