ក្រុមបាល់ទាត់បាត់ដំបងយូណាយធីត បានយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តកោះកុង ដោយលទ្ធផល ១-០ ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី១ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ ថ្នាក់ខេត្ត។
ការប្រកួតដ៏ជក់ចិត្តនេះ ធ្វើឡើងនៅទីលានវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស តេជោ សែន កោះកុង កាលពីល្ងាចថ្ងៃពុធ ដោយក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាទៅវិញទៅមក រហូតដល់នាទី៧៧ ទើបមានគ្រាប់បាល់កើតឡើង ដែលរកបានដោយកីឡាករ ទូច គឹមឆាយ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះរបស់ក្រុមភ្ញៀវផងដែរ។
ជ័យជម្នះនេះ បានក្លាយជាដើមទន់ដ៏សំខាន់របស់ក្រុមបាត់ដំបងយូណាយធីត មុនជំនួបជើងទី២ ដែលពួកគេត្រូវបើកទ្វារផ្ទះទទួលខេត្តកោះកុងវិញម្ដង នាថ្ងៃទី២៨ ខែតុលាខាងមុខ តែកោះកុងក៏មិនទាន់អស់សង្ឃឹមដូចគ្នា ដ្បិតសល់ ៩០នាទីទៀត ដើម្បីកំណត់ជោគវាសនាក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំនេះ៕ អត្ថបទ លី ឈុនឡា




