ពានរង្វាន់បាល់ទាត់ស្វាយរៀងខាប់ ផ្នែកមជ្ឈិមវ័យ លើកទី១ ឆ្នាំ២០២៦ នឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី២៤ ខែតុលាចុងសប្ដាហ៍នេះ ដោយមានបេក្ខភាព ១៣ក្រុមចូលរួម មកបីបណ្ដាក្រុង/ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង។

នេះគឺជាពានរង្វាន់ថ្មីមួយទៀត ដែលសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្តស្វាយរៀង បានរៀបចំឡើង បន្ទាប់ពីពានរង្វាន់បាល់ទាត់មហាជន យុវជន និងផ្នែកនារីជាច្រើនកម្រិតនាពេលកន្លងមក។
ក្នុងចំណោម ១៣ក្រុមដែលចូលរួមប្រកួតពានរង្វាន់បាល់ទាត់ ស្វាយរៀង ខាប់ ផ្នែកមជ្ឈិមវ័យ លើកដំបូងនេះ គឺបែងចែកជា ២ពូល ក្នុងនោះពូលA រួមមានក្រុមសសយក ស្រុកកំពង់រោទិ៍, វិទ្យាល័យព្រះពន្លា, អង្គសាលា, ABA BANK, CRS វ័យចាស់, មិត្តចាស់ និងក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង គ្រាដែលពូលB គឺមានក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, ធារី ក្រុងបាវិត, ដារ៉ូពិទូ វ័យចាស់, ខ្ញីចាស់ជីភូ, United SEZ និងក្រុមមិត្តល្អ។

គួរដឹងថា ពានថ្មីរបស់ ស.ស.យ.ក ខេត្តស្វាយរៀង នេះ ផ្ដោតលើកីឡាករមានអាយុ ៣០ឆ្នាំឡើង ក្នុងលក្ខខណ្ឌចូលរួមក្រុមនីមួយៗ ត្រូវមានកីឡាករអាយុចាប់ពី ៣០ឆ្នាំ ដល់លេខ៣២ ចំនួន ៥នាក់, កីឡាករអាយុចាប់ពី ៣៣ ដល់ ៣៤ឆ្នាំចំនួន ៥នាក់ និងកីឡាករអាយុចាប់ពី ៣៥ឆ្នាំឡើងទៅចំនួន ១២នាក់ ហើយកីឡាករទាំងអស់ ត្រូវមានកន្លែងកំណើត ឬទីលំនៅបច្ចុប្បន្ននៅខេត្តស្វាយរៀង មុនថ្ងៃប្រកួតរយៈពេល ១២ខែ។
សម្រាប់គោលបំណងសំខាន់ៗ នៃពានរង្វាន់បាល់ទាត់មិនអាជីពនេះ គឺដើម្បីពង្រឹងមិត្តភាព និងទំនាក់ទំនងល្អ ក៏ដូចជាលើកទឹកចិត្តឲ្យមានការលេងកីឡា និងគាំទ្រដល់ចលនាកីឡាក្នុងខេត្តស្វាយរៀង តាមរយៈសកម្មភាពបាល់ទាត់ក្នុងសហគមន៍ឲ្យមានភាពរស់រវើក ស្របតាមគោលនយោបាយអភិវឌ្ឍវិស័យកីឡាជាតិ ក៏ដូចជាយុទ្ធនាការប្រជាជនម្នាក់ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕ អត្ថបទ លី ឈុនឡា
