ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងក្រសួងអប់រំយុវជន និងកីឡានាពេលនេះ គឺដើម្បីពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងទាំងពីរ ក្នុងការលើកកម្ពស់ការអប់រំបរិស្ថាន ការកាត់បន្ថយ និងការគ្រប់គ្រងសំរាមប្លាស្ទិកនៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស។ ពិធីនេះ បានរៀបចំឡើងនៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ និង លោក លោកស្រីជាមន្រ្តីជំនាញ និងបច្ចេកទេសនៃក្រសួងទាំងពីរ។

ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងទាំងពីរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងឡើងពីវឌ្ឍនភាពនៃយុទ្ធនាការកាត់បន្ថយប្លាស្ទិក ជាមួយសិស្សានុសិស្សនៅតាមសាលាទូទាំងប្រទេស។ សមិទ្ធផលដែលសម្រេចបានគួរជាទីមោទននេះ គឺដោយមានការចូលរួមយ៉ាងផុសផុលពីសិស្សានុសិស្ស និងប្រជាជនប្រមាណជាង ១៤លាននាក់ ដែលធ្វើឱ្យការប្រើប្រាស់ថង់ប្លាស្ទិកធ្លាក់ចុះដល់ ៨៤,៥% នៅឆ្នាំ២០២៤ តាមរយៈយុទ្ធនាការ ថ្ងៃនេះ! ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ។ ដែលការណ៍នេះ បានអនុលោមតាមយុទ្ធសាស្ត្រចក្រាវង្សវិស័យបរិស្ថាន ដែលមាន ភាពស្អាត ភាពបៃតង និងចីរភាព។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ស្តែងចេញពីកិច្ចសហប្រតិបត្តិនាថ្ងៃនេះ កម្ពុជានឹងឆ្ពោះទៅគោលដៅជាប្រទេសសំណល់សូន្យ (Zero Wate) ដោយពង្រីកការចែកធុងសំរាមដល់សាលារៀន វត្តអារាម និងមណ្ឌលសុខភាព ដើម្បីបង្រៀនសិស្សានុសិស្សឱ្យចេះទុកដាក់ និងញែកសំរាមបានត្រឹមត្រូវ និងការរៀបចំឱ្យមានទីលានទុកដាក់សំរាម សំណល់រឹង ដើម្បីកែច្នៃនិងទាញយកថាមពលពីសំណល់ (Waste-to-Energy) ក៏ដូចជាការបន្តដាំដើមឈើ និងបន្តផ្តល់ជូនកូនឈើប្រមាណ ៥ ដល់ ១០លានដើមក្នុងមួយឆ្នាំ ដើម្បីធានាបាននូវបរិស្ថានស្អាត និងកម្ពុជាគ្មានសំណល់ (Zero Waste) នាពេលអនាគត។

ស្របនឹងការថ្លែងឡើងនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណ និងបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្ដួចផ្ដើមក្នុងការចុះអនុស្សរណៈយោគយល់គ្នា (MoU) រវាងក្រសួងទាំងពីរ ក្នុងការកាត់បន្ថយ និងគ្រប់គ្រងសំណល់ប្លាស្ទិកតាមគ្រឹះស្ថានសិក្សា ដោយអនុលោមតាមស្តង់ដាសាលារៀនគំរូ និងការគ្រប់គ្រងសំរាមរបស់ក្រសួងបរិស្ថាន ដែលតម្រូវឱ្យសាលារៀននីមួយៗត្រូវមានការយកចិត្តទុកដាក់ខ្ពស់លើអនាម័យ និងការញែកសំរាម។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តឱ្យមានការបញ្ចូលការអប់រំបរិស្ថាន និងការគ្រប់គ្រងសំរាមចាប់ពីកម្រិតមតេ្តយ្យសិក្សា និងថ្នាក់បឋមសិក្សា ដើម្បីបណ្ដុះស្មារតីកុមារឱ្យមានភាពស្អាត និងចេះទុកដាក់សំរាមតាំងពីវ័យក្មេង លើសពីនេះឪពុកម្ដាយ អាណាព្យាបាល និងសហគមន៍ក៏មានតួនាទីរួមចំណេកក្នុងកិច្ចការងារនេះផងដែរ។ បន្ទាប់មកក្រសួងនឹងមានការដាក់ចេញនូវយុទ្ធការចុះវាយតម្លៃ និងប្រកួតប្រជែងជាប្រចាំឆ្នាំ ដើម្បីពិនិត្យមើលភាពជោគជ័យ និងបញ្ហាប្រឈមនានាក្នុងការអនុវត្តការងារកាត់បន្ថយសំណល់ប្លាស្ទិកនៅតាមសាលារៀនទូទាំងប្រទេស។

សូមជម្រាបជូនថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ភាគីក្រសួងបរិស្ថានតំណាងដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងភាគីក្រសួងអប់រំ យុវជន និងកីឡាតំណាងដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានសមាសភាពអមពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំនៃក្រសួងទាំងពីរផងដែរ៕



