ទាក់ទងនឹងសំណុំរឿងក្រុមហ៊ុនព្រីនស៍គ្រុប ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ និងប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យ BTV ដឹងថា ត្រូវបានអូសបន្លាយរយៈពេលជាច្រើនខែមកហើយ ដោយសារសំណុំរឿងនេះជាសំណុំរឿងធំ និងមានភាពស្មុគស្មាញ ដែលជាក្រុមហ៊ុនមួយដែលមានបណ្តាញអង្គការចាត់នៅក្នុង និងក្រៅប្រទេសទេស។

នៅក្នុងប្រទេសកម្ពុជា យើងបានរកឃើញបណ្តាញក្រុមហ៊ុនដែលមានការពាក់ព័ន្ធចំនួន ៩៨ ក្រុមហ៊ុន និងបណ្តាញក្រុមហ៊ុននៅក្រៅប្រទេសមានចំនួន ១០០ ក្រុមហ៊ុន ហើយតុលាការកម្ពុជាបាននិងកំពុងដំណើការនីតិវិធីស៊ើបសួរនៅក្នុងសំណុំរឿងព្រីនស៍គ្រុប ពាក់ព័ន្ធនឹងបទឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) និងបទសម្អាតប្រាក់មានស្ថានទម្ងន់ទោស ដោយមានបុគ្គលឈ្មោះ ចេន ហ្ស៊ី (CHEN ZHI) ជាមេខ្លោង និងបក្ខពួក បានលួចលាក់ប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក ដោយបានយកទីតាំងផ្សេងៗ រួមមាន អគារ និងទីតាំងកាស៊ីណូដែលជ្រកក្រោមស្លាកក្រុមហ៊ុនសម្ព័ន្ធព្រីនស៍គ្រុបនេះ។ បច្ចុប្បន្ន តុលាការបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទនៅក្នុងសំណុំរឿងនេះសរុបចំនួន ៣២ នាក់, បានបង្កាប់ដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលើជនត្រូវចោទចំនួន ៤ នាក់ និងបានឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យចំនួន ៥ នាក់ ផ្សេងទៀត ព្រមទាំងទ្រព្យសម្បត្តិដែលមានការពាក់ព័ន្ធនឹងសំណុំរឿងនេះ។
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា បុគ្គលដែលជាមេខ្លោងចំនួន ៦ នាក់ ដែលរួមមាន ឈ្មោះ ចេន ហ្ស៊ី, ឈ្មោះ លី សុង, ឈ្មោះ លីវ យិន, ឈ្មោះ អ៊ឹង ដារ៉ា, ឈ្មោះ អៀង សុខលីម, និង ឈ្មោះ Huang Ron ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងបញ្ជូនទៅតុលាការដើម្បីអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់។ ចំពោះក្រុមជនត្រូវចោទ និងមេខ្លោងផ្សេងទៀតចំនួន ២៩ នាក់ ដែលកំពុងគេចខ្លួនទៅក្រៅប្រទេស សមត្ថកិច្ចកម្ពុជាបានដំណើរការនីតិវិធីស្នើសុំដាក់បញ្ជូលទៅក្នុងនិវេទិ៍ក្រហមរបស់ INTERPOL និងស្នើសុំជំនួយទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ទៀតថា បច្ចុប្បន្នសមត្ថកិច្ចកម្ពុជាកំពុងសហការជាមួយភ្នាក់ងារ FBI របស់អាមេរិក, ក្រសួងសន្តិសុខសាធារណៈចិន និងដៃគូអន្តរជាតិនានា ក្នុងការបន្តស្រាវជ្រាវស៊ើបអង្កេត ស្នើសុំផ្លាស់ប្តូរព័ត៌មាន ដើម្បីប្រមូលភស្តុតាងជូនតុលាការធ្វើការសម្រេចផ្តន្ទាទោសជនល្មើស និងបណ្តាញក្រុមឧក្រិដ្ឋជន។ ចំពោះទ្រព្យសម្បត្តិដែលជាអគារ កាស៊ីណូ អចលទ្រព្យជាច្រើនពាន់កន្លែង និងចលនទ្រព្យជាច្រើនដែលពាក់ព័ន្ធនឹងសំណុំរឿងក្រុមហ៊ុនព្រីនស៍គ្រុប ត្រូវបានប៉ាន់ស្មានថាមានទឹកប្រាក់ស្មើក្នុងរង្វង់ជិតមួយពាន់លានដុល្លា និងត្រូវបានតុលាការសម្រេចបង្កក ខណៈពេលកំពុងពិនិត្យមូលដ្ឋានច្បាប់ និងភស្តុតាង ដើម្បីធ្វើការចាត់ចែងជាបណ្តោះអាសន្ននូវទ្រព្យដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស ឬជាផលនៃបទល្មើស ឱ្យមកស្ថិតក្រោមការគ្រប់គ្រងឬជាសម្បត្តិរបស់រដ្ឋ ឬឈានទៅសម្រេចការរឹបអូសជាស្ថាពរស្របតាមច្បាប់ និងនីតិវិធីជាធរមាននាពេលខាងមុខ៕ អត្ថបទ៖ វង្ស សុភាព








