នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសមជាមួយ លោកស្រីសាស្ត្រាចារ្យ Véronique Phé ស្ថាបនិក និងជាប្រធានអង្គការ AIRES Global Health ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ក្នុងការលើកកម្ពស់សុខភាពស្ត្រី ជាពិសេសសុខភាពប្រព័ន្ធទឹកនោម និងសុខភាពអាងត្រគាករបស់ស្ត្រី ព្រមទាំងការអភិវឌ្ឍសមត្ថភាពធនធានមនុស្សសុខាភិបាលនៅកម្ពុជា តាមរយៈកម្មវិធី LOTUS។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះលោកស្រីសាស្ត្រាចារ្យ Véronique Phé ព្រមទាំងអង្គការ AIRES Global Health និងមូលនិធិ Pièrre Fabre ដែលបានចូលរួមគាំទ្រការលើកកម្ពស់សុខភាពស្ត្រីនៅកម្ពុជា តាមរយៈការផ្ទេរចំណេះដឹង ការបណ្តុះបណ្តាលជំនាញ និងការផ្លាស់ប្តូរបទពិសោធន៍វេជ្ជសាស្ត្ររវាងក្រុមគ្រូពេទ្យកម្ពុជា និងបារាំង។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងសុខាភិបាលកំពុងអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាលជាតិលើកទី៤ ឆ្នាំ២០២៥-២០៣៤ (HSP4) ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០ និងផែនទីបង្ហាញផ្លូវឆ្ពោះទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលនៅឆ្នាំ២០៣៥។ ក្នុងទិសដៅនេះ កិច្ចសហប្រតិបត្តិការអន្តរជាតិមានតួនាទីសំខាន់ក្នុងការពង្រឹងសមត្ថភាពស្ថាប័នជាតិ អភិវឌ្ឍធនធានមនុស្សសុខាភិបាល និងលើកកម្ពស់គុណភាពសេវាសុខាភិបាលប្រកបដោយសមធម៌ សុវត្ថិភាព និងនិរន្តរភាព។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការលើកកម្ពស់សុខភាពស្ត្រី ជាពិសេសការបង្ការ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបញ្ហាប្រព័ន្ធទឹកនោម និងសរីរាង្គអាងត្រគាក ដូចជា ការលេចនោម និងការធ្លាក់សរីរាង្គអាងត្រគាក គឺជាកិច្ចការសំខាន់មួយក្នុងការកែលម្អគុណភាពជីវិត សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពរបស់ស្ត្រី។ ការពង្រឹងសមត្ថភាពអ្នកជំនាញ និងការពង្រីកលទ្ធភាពទទួលបានសេវាឯកទេស នឹងរួមចំណែកកាត់បន្ថយឧបសគ្គផ្នែកភូមិសាស្ត្រ សេដ្ឋកិច្ច និងសង្គមវប្បធម៌ ក្នុងការទទួលបានសេវាថែទាំសុខភាព។

លោកស្រីសាស្ត្រាចារ្យ Véronique Phé បានជម្រាបជូនថា កិច្ចសហការជាមួយក្រសួងសុខាភិបាលកម្ពុជា តាមរយៈកម្មវិធី LOTUS ដែលបានផ្តល់ឱកាសដល់ក្រុមគ្រូពេទ្យនៃប្រទេសទាំងពីរ ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ព្យាបាល និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ តាមរយៈការរៀបចំថ្នាក់បណ្តុះបណ្តាលជាន់ខ្ពស់ (Masterclass) និងការបណ្តុះបណ្តាលអនុវត្តជាក់ស្តែង។ លោកស្រីក៏បានលើកឡើងពីគំនិតផ្តួចផ្តើមគាំទ្រគ្រូពេទ្យឯកទេសផ្នែកប្រព័ន្ធទឹកនោមវ័យក្មេងកម្ពុជាចំនួន ៣ រូប មកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីទៅបំពេញកម្មសិក្សាសង្កេតនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងគោលបំណងពង្រឹងជំនាញឯកទេស និងជំរុញការផ្ទេរចំណេះដឹង និងបទពិសោធន៍មកអនុវត្តក្នុងការផ្តល់សេវាសុខាភិបាលនៅកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សូមលើកទឹកចិត្តឱ្យ AIRES Global Health និងដៃគូបន្តពិចារណាពង្រីកឱកាសអាហារូបករណ៍ និងកម្មវិធីបណ្តុះបណ្តាលឯកទេសនៅប្រទេសបារាំង ស្របតាមតម្រូវការអាទិភាពរបស់ប្រព័ន្ធសុខាភិបាលកម្ពុជា។ ការបណ្តុះបណ្តាលទាំងនេះគួរត្រូវបានភ្ជាប់ជាមួយការផ្ទេរចំណេះដឹងជាប្រព័ន្ធ ការណែនាំបច្ចេកទេសដោយអ្នកជំនាញ (Clinical Mentorship) និងការចែករំលែកបទពិសោធន៍ទៅកាន់ក្រុមគ្រូពេទ្យក្នុងស្រុក ដើម្បីធានាថាចំណេះដឹងដែលទទួលបានអាចបម្លែងទៅជាការកែលម្អជាក់ស្តែងនៃការផ្តល់សេវាព្យាបាល។
ជារួម ជំនួបបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងភាពជាដៃគូ ដោយផ្តោតលើការអភិវឌ្ឍសមត្ថភាពធនធានមនុស្សសុខាភិបាល ការលើកកម្ពស់គុណភាពសុខភាពស្ត្រី និងការធានាប្រសិទ្ធភាពនៃសេវា៕ អត្ថបទ រដ្ឋា
