ក្នុងឱកាសអបអរសាទរខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាមានប្រសាសន៍បញ្ជាក់ថា «បើគ្មានជំនួបសីហនុ .ហ៊ុន សែន ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរ»។

តាមរយៈសារនៅលើបណ្ដាញសង្គមនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ក្រឡេកមើលទៅក្រោយ! ថ្ងៃ២៣ តុលា១៩៩១ ម៉ោង ៣ល្ងាចនៅទីក្រុងប៉ារីសប្រទេសបារាំងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលនិយមហៅថា «កិច្ចព្រមព្រៀងប៉ារីស»។ សម្ដេចតេជោថ្លែងថា «ដើមឈើមួយដើមត្រូវមានគល់ មានដើម មានម៉ែក មានស្លឹកទើបហៅថា ដើមឈើបាន»។
សម្ដេចតេជោបន្តថា ដូចគ្នានេះដែរកិច្ចព្រមព្រៀងប៉ារីសបានចាប់ផ្តើមពីជំនួបចរចារវាង សម្តេចព្រះនរោត្ដម សីហនុជាមួយ សម្ដេចតេជោ ហ៊ុន សែន ដែលគេតែងនិយាយថា «ជំនួប សីហនុ.ហ៊ុន សែន» ថ្ងៃ ២ ធ្នូ ១៩៨៧។
សម្ដេចតេជោបានថ្លែងថា «គ្មានជំនួបសីហនុ .ហ៊ុន សែន វាក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ។ យើងបានប្រើពេលជាច្រើនដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយនេះ។ បើគិតពីថ្ងៃ ២ ធ្នូ១៩៨៧ ដល់ ២៣ តុលា ១៩៩១ គឺមានរយៈពេល១,៤២១ ថ្ងៃត្រូវជា ២០៣សប្តាហ៍ ស្មើ និង ៤៦ ខែនិង ២១ ថ្ងៃឬ ៣ឆ្នាំ១០ ខែនិង២១ ថ្ងៃ»។
សម្ដេចតេជោបញ្ជាក់ថា សម្ដេចជាមនុស្សតែម្នាក់គត់ដែលមានវេទិការចរចាច្រើនជាងគេ (ពាក្យនេះពួកតាំងខ្លួនជាបិតា ២៣ តុលាច្បាស់ជាពេបជ្រាយ) ដែលអាចបញ្ជាក់បាននៅត្រង់មួយទល់បី(សម្ដេចតេជោ ហ៊ុន សែន ត្រូវតទល់ជាមួយសម្តេចព្រះនរោតម្ត សីហនុ ផងជាមួយលោក តា សឺន សានផង ជាមួយ ខៀវ សំផនផង) ដែលពេលខ្លះជួបដោយឡែក និងពេលខ្លះជួបរួម។ ឯដៃគូរបរទេសមិនថាប្រទេសគាំទ្រទេ ប្រទេសដែលមិនគាំទ្រក៏ត្រូវការជួបជាមួយសម្ដេចតេជោ ហ៊ុន សែន ដើម្បីពន្យល់គ្នា ឬស្វែងយល់ឬស្វែងរកការស្រុះស្រួល។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងវេទិកាចរចាសម្ដេចជាមនុស្សដែលមានវ័យក្មេងជាងគេក្នុងចំណោមភាគីកម្ពុជា និងប្រតិភូពីប្រទេសដែលចូលរួមដែលចាប់ផ្តើមចរចាអាយុ ៣៥ឆ្នាំ និងពេលចុះហត្ថលេខាអាយុ៣៩ឆ្នាំ។
សូមបញ្ជាក់ថា ៣៥ឆ្នាំមុន ពោលគឺនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ភាគីទាំង ៤ របស់កម្ពុជារួមមាន៖ សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយ សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី ១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ មុននឹងឈានមកដល់កិច្ចព្រមព្រៀង នាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ២-៤ ខែធ្នូ ឆ្នាំ ១៩៨៧)៕




