លោក សិរី រាជបុត្រ អ្នកគ្រប់គ្រងក្លិបប្រដាល់ចតុមុខ បានគូសបញ្ជាក់ថា ការហ្វឹកហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីដែលថ្មី និងប្លែក ដើម្បីអភិវឌ្ឍន៍សមត្ថភាព បច្ចេកទេស កាន់តែប្រសើរ ក៏ដូចជាបើកឱកាសកាន់តែទូលំទូលាយសម្រាប់ការប្រកួត ទាំងក្នុង និងក្រៅប្រទេស។

ការគូសបញ្ជាក់នេះ បន្ទាប់ពីក្លិបរបស់ខ្លួន បានទទួលការបង្ហាត់ និងចែករំលែកនូវបច្ចេកទេសហ្វឹកហាត់ឃីកបុកស៊ីង ពីគ្រូបង្វឹកអន្ដរជាតិ ដែលសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ក្រោមជំនួយភេសជ្ជៈ Cambodia Sport+ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានជួលគ្រូបង្វឹកជនជាតិចិន មកចែករំលែកដល់បណ្ដាក្លិបនានានៅកម្ពុជា។

ក្នុងនាមក្លិបផ្ដោតសំខាន់លើការបង្ហាត់ និងពង្រឹងក្បាច់គុនបុរាណខ្មែរ ដល់កីឡាករជាច្រើន លោកពិតជារីករាយ និងស្វាគមន៍ក្នុងការចែករំលែកនូវបច្ចេកទេសហ្វឹកហាត់ថ្មីៗពិសេសៗពីគ្រូជំនាញឃីកបុកស៊ីង ដែលបានផ្ដល់នូវផលវិជ្ជមានជាច្រើនដល់កូនសិស្ស ទោះបីមានកីឡាករជាច្រើន ធ្លាប់បានប្រកួត រហូតដណ្ដើមបានឈ្នះពាន និងមេដាយ។ លោក សិរី រាជបុត្រ ថា នេះជាអ្វីដែលអ្នកហាត់កីឡាប្រយុទ្ធត្រូវការ ដើម្បីដុសខាតសមត្ថភាព និងមានឱកាសប្រកួតកាន់តែច្រើន ដ្បិតបច្ចុប្បន្នការប្រកួតឃីកបុកស៊ីង កំពុងមានទីផ្សារទាំងក្នុង និងក្រៅប្រទេស។

ទន្ទឹមជាមួយគ្នាកីឡាករ រិន ដេវីត ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ លើប្រភេទកីឡាឃីកបុកស៊ីង បានសម្ដែងក្ដីរីករាយ ដែលបានហ្វឹកហាត់ជាមួយអ្នកជំនាញអន្ដរជាតិ ។ ទោះបីខ្លួនធ្លាប់ប្រកួត និងជោគជ័យច្រើនក្នុងការប្រកួតឃីកបុកស៊ីង តែនៅតែមានចំណុចខ្វះខាត ខណៈឆ្លងកាត់ហ្វឹកហាត់កន្លងមក រូបគេបានយល់កាន់ច្បាស់ពីក្បួនច្បាប់ ក៏ដូចជាបច្ចេកទេសពិសេសៗ ដែលមិនត្រឹមធ្វើឲ្យខ្លួនអាចប្រកួតឃីកបុកស៊ីងដោយកាន់តែមានទំនុកចិត្តនោះទេ តែក៏ផ្ដល់ផលល្អដល់ការប្រកួតលក្ខណៈគុនខ្មែរផងដែរ។

សូមរំឮកថា យុទ្ធនាការពង្រឹងគុណភាព ស្ដង់ដារបច្ចេកទេសហ្វឹកហាត់ឃីកបុកស៊ីង ដែលសហព័ន្ធបានរៀបចំ ក្រោមជំនួយឧបត្ថម្ភពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីសជីស នេះ បានចាប់ផ្ដើមតាំងពីពាក់កណ្ដាលខែមិថុនា ហើយគ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២៦។ បច្ចុប្បន្នមានក្លិបជាច្រើន ដែលទទួលបានការបង្ហាត់ពីគ្រូបង្វឹកជនជាតិចិនក្រោមគម្រោងដ៏មានសារៈសំខាន់នេះ ហើយក៏មានកីឡាករជាបន្ដបន្ទាប់ បានប្រកួត និងទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរ ជាក់ស្ដែងកីឡាករ លន់ បញ្ញា ដែលបានយកឈ្នះដៃគូលើសង្វៀន K-1 នាពេលកន្លងទៅ។
យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងលើកស្ទួយការអភិវឌ្ឍសមត្ថភាពកីឡាករត្រៀមប្រជែងមេដាយឲ្យបានកាន់តែច្រើនក្នុងការប្រកួតជើងឯកអាស៊ី ឆ្នាំ២០២៦ ផ្សារភ្ជាប់ការលើកស្ទួយគុនខ្មែរ តាមរយៈការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ជាតិ និងអន្ដរជាតិនានាផងដែរ៕ អត្ថបទ លី ឈុនឡា




