កំពង់ធំ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញក្នុងកម្មវិធីប្រកាសតែងតាំងប្រធានកិត្តិយស ប្រធានក្រុមប្រឹក្សា និងអនុប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពង់ធំ នៅក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី៣៦ ក្នុងខេត្តកំពង់ធំ ។
នៅក្នុងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពង់ធំ និងពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៦ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា ការសច្ចាបញ្ចូលសមាជិកថ្មី ក្នុងសមាគមកាយឫទ្ធិនារីកម្ពុជា គឺបានជួយបង្កើតឱកាសដល់កុមារី និងយុវតី បានអភិវឌ្ឍខ្លួនឯង ខណៈពួកគេនឹងទទួលបានការរៀនសូត្រ ដូចក្មេងស្រីក្នុងទីក្រុង បង្រៀនឲ្យពួកគេមានភាពជឿជាក់លើខ្លួនឯង មានកម្លាំងចិត្ត ក្លាហាន ហ៊ានបញ្ចេញនូវសមត្ថភាពជួយដល់អ្នកដទៃ ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តថា ទស្សនវិស័យរបស់សាមគមកាយឫទ្ធិនារីកម្ពុជា គឺចង់ឃើញកុមារី និងយុវតីកម្ពុជា រស់នៅក្នុងសីលធម៌ សេរីភាព សមភាព សេចក្តីថ្លៃថ្នូរ និងមានមោទនភាព ចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន ហើយបេសកកម្មរបស់សមាគម ជួយអភិវឌ្ឍថាមពល កុមារី និងយុវតី ដើម្បីឲ្យក្លាយទៅជាពលរដ្ឋល្អ ដែលមានការទទួលខុសត្រូវ ចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិ ។
ជាមួយនេះ លោកជំទាវបណ្ឌិត បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជាគ្រប់សាខា ត្រូវបន្តធ្វើ និងជាប់ជាប្រចាំ រៀបចំផែនការឲ្យបានសមស្រប និងជាក់ស្ដែងដើម្បីជួយកុមារី និងយុវតីនៅតាមមូលដ្ឋាន ដោយសមាគមស្នាក់ការកណ្ដាល មានក្រុមការងាររងចាំជួយ និងគាំទ្រ, ត្រូវពង្រឹងនូវគុណភាពសមាជិក តាមរយៈការជួយបណ្ដុះបណ្ដាលពួកគេ ឲ្យសមស្របទៅនឹងទំហំគ្រូបង្រៀន ឬស្ថានភាពជាក់ស្ដែងនៃសមាគម, ត្រូវស្ដាប់នូវគំនិត និងលើកទឹកចិត្តដល់កុមារី និងយុវតី ហើយជំរុញដល់ពួកគេ ឲ្យហ៊ានបញ្ចេញសមត្ថភាព ។
លោកជំទាវបណ្ឌិត បានបន្ថែមថា សម្រាប់សមាជិក ដែលបានសច្ចានៅថ្ងៃនេះ ជាការចាប់ផ្ដើមដំណើរថ្មី ជាមួយនឹងសមាគមកាយឫទ្ធិនារីកម្ពុជា ដែលចាប់ផ្ដើមរៀនសូត្រជាមួយគ្នា បង្កើតមិត្តភាព និងធ្វើអំពើល្អជាមួយគ្នា ដូច្នេះសូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះការចូលរួមស្ម័គ្រចិត្តក្នុងមហាគ្រួសារសមាគមកាយឫទ្ធិនារី ហើយសូមអរគុណសាទរ ចំពោះការបង្កើតសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពង់ធំ ។
សម្រាប់ថ្នាក់ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពង់ធំ ដែលត្រូវប្រកាសតែងតាំង រួមមានលោកជំទាវ វូ សុភៈទេវី ប្រធានកិត្តិយស, លោកជំទាវ លឹម មួយស្រៀន ប្រធានក្រុមប្រឹក្សា, លោកជំទាវ សៀង លី អនុប្រធានក្រុមប្រឹក្សា និងលោកស្រី អ៊ុ សៀងហៃ អនុប្រធានក្រុមប្រឹក្សា រួមទាំងសមាជិកដែលត្រូវសច្ចាថ្មី ក្នុងខេត្តកំពង់ធំ មានចំនួន ៥៩១នាក់ ហើយមានសមាជិកសច្ចាថ្មីមកពីសាខាផ្សេងៗចំនួន ២៣២នាក់ ។
គួរបញ្ជាក់ថា សមាគមកាយឫទ្ធិនារីកម្ពុជា ត្រូវបានបង្កើតឡើងនៅកម្ពុជាតាំងពីមុនឆ្នាំ១៩៥៣ ក្នុងអំឡុងពេលអាណានិគមបារាំង ប៉ុន្តែសមាគមបានផ្អាកដោយសារសង្គ្រាម ។ នៅឆ្នាំ១៩៩៦ សមាគមកាយឫទ្ធិនារីកម្ពុជា ត្រូវបានបង្កើតឡើងវិញ ក្រោមការដឹកនាំរបស់លោកស្រី លាង ម៉េងហួ ជាស្ថាបនិក និងមានលោកជំទាវឧកញ៉ាបណ្ឌិត តាំង ផល្លី ជាសហស្ថាបនិក ហើយបច្ចុប្បន្នសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស ។
សម្រាប់ទិសដៅរបស់សមាគមកាយឫទ្ធិនារីកម្ពុជា គឺការលើកកម្ពស់ និងកសាងកុមារី យុវតី ឲ្យក្លាយជាពលរដ្ឋល្អ។ គម្រោងសកម្មភាពប្រចាំឆ្នាំ រួមមានទី១. ការអប់រំបណ្ដុះបណ្ដាល, ទី២ ការចូលរួមថែរក្សាបរិស្ថាន, ទី៣. សុខភាព និងសុវត្ថិភាព, ទី៤. វប្បធម៌ សិល្បៈ ប្រពៃណី និងហត្ថកម្ម និងទី៥. ការចូលរួមសកម្ម ភាពផ្សេងៗ។ សមាគមកាយឫទ្ធិនារីកម្ពុជា នឹងបន្តបេសកកម្មជាមួយរាជរដ្ឋាភិបាល ដោយឆន្ទៈ និងបេះដូង ដើម្បីអភិវឌ្ឍកុមារី និងយុវតីកម្ពុជា ខណៈបច្ចុប្បន្ននេះមានសមាជិកចំនួន ១០០ ៧៦រូប ៕ អត្ថបទ បាន សុខរិទ្ធិ




