ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ បានបង្ហាញរូបភាពសកម្មភាព ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអនម៉លសែនសុខ និងទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអនម៉លមានជ័យ ដែលមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាទៅទទួលសេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦ ម្សិលមិញនេះ ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអនម៉លសែនសុខ (អ៊ីអន២) និងទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអនម៉លមានជ័យ (អ៊ីអន៣) បានបំពេញបែបបទផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងប្រគល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់តាមតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអនម៉លសែនសុខ និងអ៊ីអនម៉លមានជ័យ បំពេញការងារពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ៤:០០ ល្ងាច ដើម្បីសម្រួលដល់ប្រជាពលរដ្ឋឱ្យអាចមកទទួលសេវាបានកាន់តែងាយស្រួល និងទាន់ពេលវេលា។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បញ្ជាក់បន្ថែមថា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ គឺជាឯកសារផ្លូវការមួយ ដែលបញ្ជាក់អំពីអត្តសញ្ញាណ និងសញ្ជាតិខ្មែរ របស់ប្រជាពលរដ្ឋម្នាក់ៗ ស្របតាមច្បាប់ជាធរមាន។ ឯកសារនេះមានសារសំខាន់ណាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រោះជាមូលដ្ឋានសម្រាប់បញ្ជាក់អត្តសញ្ញាណ នៅពេលទាក់ទងសេវាសាធារណៈ និងឯកជនផ្សេងៗ៕






