ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញសុទិដ្ឋនិយម ចំពោះព្រឹត្តិការណ៍វាយកូនគោលន្តរជាតិ Cambodia Golf Invitational 2026 នឹងក្លាយជាឱកាសថ្មីមួយ ក្នុងការចូលរួមលើកកម្ពស់កិត្យានុភាពជាតិ និងជំរុញវិស័យទេសចរណ៍កីឡារបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីស្វាគមន៍ និងទទួលទានអាហារសាមគ្គីដល់ប្រតិភូកីឡាវាយកូនគោលមកពីស្ថាប័ន Golfasian ប្រមាណ ៧០នាក់ មកពី ១១ប្រទេស រួមមាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហុងកុង អង់គ្លេស ស្កុតឡេន អៀរឡង់ ឥណ្ឌា សហរដ្ឋអាមេរិក អាហ្វ្រិកខាងត្បូង នូវែលសេឡង់ និងអូស្ត្រាលី នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦កន្លងទៅ។
ឆ្លៀតឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះការគំនិតផ្តួចផ្តើម ពិសេសសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា ដែលបានជំរុញ និងសម្របសម្រួលឲ្យមានព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏មានសារៈសំខាន់នេះនៅកម្ពុជា ដែលជារួមចំណែកផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា បង្ហាញសក្តានុពលទីលានវាយកូនគោលលំដាប់អន្តរជាតិ ព្រមទាំងផ្តល់ឱកាសដល់អ្នកចូលរួមស្វែងយល់ពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។

បន្ថែមលើនេះ ឯកឧត្តម ហួត ហាត់ បានគូសរំលេចពីអត្ថប្រយោជន៍សំខាន់ៗចំនួន៥ ដែលត្រូវបានរំពឹងនឹងកើតឡើងក្នុងព្រឹត្តិការណ៍ Cambodia Golf Invitational នេះ រួមមាន៖ ទី១. លើកកម្ពស់កិត្យានុភាព និងម៉ាកសញ្ញាទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ។ ទី២. ធ្វើពិពិធកម្មផលិតផលទេសចរណ៍ តាមរយៈការអភិវឌ្ឍទេសចរណ៍កីឡា ស្របតាមទិសដៅ «Beyond Temples»។ ទី៣. ទាក់ទាញភ្ញៀវទេសចរដែលមានលទ្ធភាពចំណាយខ្ពស់ បង្កើនការចំណាយ និងរយៈពេលស្នាក់នៅ ព្រមទាំងពង្រីកឱកាសធុរកិច្ច និងវិនិយោគ។ ទី៤. បង្ហាញសមត្ថភាព ហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពសេវាកម្មរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាកម្រិតអន្តរជាតិ និងទី៥. ពង្រឹងទីតាំងកម្ពុជាជាគោលដៅទេសចរណ៍វាយកូនគោលប្រកបដោយគុណភាពក្នុងតំបន់អាស៊ីអាគ្នេយ៍។
ទន្ទឹមជាមួយគ្នាតំណាងក្រុមហ៊ុន Golfasian និងជានាយករៀបចំព្រឹត្តិការណ៍ Cambodia Golf Invitational បានសម្ដែងក្ដីរីករាយ សម្រាប់ដំណើរមកដល់ប្រទេសលើកដំបូង ក្នុងការរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះ ដោយលោករំពឹងនឹងក្លាយជាវេទិកាដ៏ល្អ សម្រាប់ការជួបជុំអ្នកនិយមលេងកីឡាវាយកូនគោលជុំវិញពិភពលោក បានស្គាល់នូវវប្បធម៌ថ្មី កន្លែងថ្មី បទពិសោធន៍ថ្មី និងប្រទេសថ្មីៗ ពិសេសប្រទេសកម្ពុជា ដែលជាប្រទេសមួយមានសក្ដានុពលក្នុងវិស័យកីឡាវាយកូនគោលនេះផងដែរ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានចាត់ទុកព្រឹត្តិការណ៍ដដែលនេះ គឺជាព្រឹត្តិការណ៍លើសពីកីឡា តែជាការចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាទាក់ទាញនូវការវិនិយោគផងដែរ។
ព្រឹត្តិការណ៍វាយកូនគោលន្តរជាតិ Cambodia Golf Invitational 2026 ប្រព្រឹត្តទៅពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែតុលា តែការប្រកួតផ្លូវការ នឹងធ្វើឡើងរយៈពេល ៣ថ្ងៃ និងបែងចែកជា ៣ជុំ ដែលត្រូវធ្វើការប្រកួតលើទីលានស្ដង់ដារចំនួន ៣ រួមមានជុំទី១ ប្រកួតនៅថ្ងៃទី២៦ ខែតុលា នៅទីលានហ្គាឌិនស៊ីធី, ជុំទី២ ប្រកួតនៅទីលានវាយកូនគោលឈុនអូន នាថ្ងៃទី២៧ ខែតុលា និងជុំទី៣ ប្រកួតនាថ្ងៃទី២៩ ខែតុលា នៅទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីស៊ត៕ អត្ថបទ លី ឈុនឡា


