ក្រសួងទេសចរណ៍ បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះកម្មវិធី «តស់! ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជា» ខួប ៦ឆ្នាំ ដែលលើសពីកម្មវិធីកីឡា តែបានរួមចំណែកលើកកម្ពស់សុខភាព វិស័យទេសចរណ៍ ពិសេសដើម្បីគោលដៅមនុស្សធម៌ ដោយស្ថាបនិកគម្រោងនេះ រំពឹងកៀរគរថវិកាបានកាន់ច្រើនជាងមុន សម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរ។

នេះបើយោងតាមសន្និសីទសារព័ត៌មាន ស្ដីពីការប្រកាសរៀបចំព្រឹត្តិការណ៍ «តស់! ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជា» ខួប ៦ឆ្នាំ នៅ Connexion កោះពេជ្រ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ រួមជាមួយថ្នាក់ដឹកនាំគម្រោង និងភាគីពាក់ព័ន្ធ ព្រមទាំងបុគ្គលមានប្រជាប្រិយលើបណ្ដាញសង្គមមួយចំនួន ដែលត្រូវបានតែងតាំងជាទូតសុឆន្ទៈរបស់កម្មវិធីកីឡាបែបទេសចរណ៍ ផ្សារភ្ជាប់ការងារសង្គមនេះផងដែរ។
ឯកឧត្តម វ៉ាហេង ដាវុធ បានបង្ហាញការគាំទ្រនូវរាល់សកម្មភាពកីឡាទេសចរណ៍ ជាពិសេសការភ្ជាប់ជាមួយការងារមនុស្សធម៌ ដែលជាការរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខភាព និងការជួយសង្គ្រោះកុមារកម្ពុជា ក៏ដូចជាការបំផុសចលនាទេសចរណ៍ក្នុងស្រុក ព្រមទាំងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ តាមរយៈសកម្មភាពកីឡានេះផងដែរ។ លើសពីនេះ ក្នុងនាមក្រសួងទេសចរណ៍ ឯកឧត្តមក៏គាំទ្រការរៀបចំព្រឹត្តិការណ៍បែបនេះ នៅតាមតំបន់សក្ដានុពលធម្មជាតិផ្សេងៗទៀតផង។
ដោយឡែកលោក អ៉ីវ គីមសួរ ស្ថាបនិកគម្រោង និងលោក រស់ សាត អ្នកដឹកនាំគម្រោង «តស់! ដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជា» បានលើកឡើងស្រដៀងគ្នាពីគោលបំណង រួមជាមួយការអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមព្រឹត្តិការណ៍ឲ្យបានច្រើនកុះករ ដ្បិតការចូលរួមមិនត្រឹមនាំមកនូវបទពិសោធន៍ថ្មីៗ ទំនាក់ទំនងថ្មីៗ និងទទួលបាននូវសុខភាពល្អនោះទេ តែក៏បានចូលរួមបំផុសចលនាទេសចរណ៍ក្នុងស្រុក ពិសេសគឺការរួមគ្នាជួយមន្ទីរពេទ្យកុមារអង្គរ ដែលត្រូវចំណាយថវិកាប្រមាណ ៦លានដុល្លារក្នុងមួយឆ្នាំដើម្បីជួយសង្គ្រោះកុមារប្រមាណ ១២ម៉ឺននាក់ ។ ផ្អែកលើភាពជោគជ័យនៃការរៀបចំកន្លងមក លោក អ៉ីវ គីមសួរ រំពឹងឆ្នាំនេះ នឹងកៀរគរបានថវិកាកាន់តែច្រើនថែមទៀត។
ទន្ទឹមជាមួយគ្នា លោក Neil Andrew Sibbald បានសម្ដែងក្ដីរីករាយ ចំពោះការរួបរួមសាមគ្គីរបស់គ្រប់ភាគីពាក់ព័ន្ធ ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ ដើម្បីកុមារកម្ពុជា ។ លោកសង្ឃឹមថា ទោះបីតិចក្ដីច្រើនក្ដី តាមរយៈកម្មវិធីនេះ នឹងមានការចូលរួមច្រើនពីប្រជាពលរដ្ឋ ដើម្បីផ្ដល់នូវក្ដីសង្ឃឹម ក៏ដូចជាការជួយសង្គ្រោះជីវិតកុមារ ដែលជាទំពាំងស្នងឬស្សីរបស់សង្គមជាតិ។
ជាមួយការត្រលប់មកវិញនៃកម្មវិធីសប្បុរសធម៍នេះដែរ គ្រោងនឹងដំណើរការរៀបចំរយៈពេល ៣ថ្ងៃ និងបែងចែកជា ២ ក្នុងនោះមានកញ្ចប់តម្លៃ ៨៨ដុល្លារសម្រាប់ការចូលរួមកម្មវិធីពេញ ៣ថ្ងៃ ២យប់ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា និងកញ្ចប់តម្លៃ ១៨ដុល្លារ សម្រាប់ការចូលរួមដើរផ្លូវការនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ហើយថវិកាសល់ពីការរៀបចំ រួមជាមួយការបរិច្ចាគរបស់ក្រុមហ៊ុន និងសប្បុរសជននានា នឹងត្រូវបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរទាំងអស់៕អត្ថបទ លី ឈុនឡា


