មន្ត្រីជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញពីការព្រួយបារម្ភអំពីគ្រោះថ្នាក់ចរាចរណ៍ដែលនៅតែកើតមានឡើងដោយសារតែការមិនគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ពោលគឺនៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ នេះ បានបណ្តាលឲ្យមានអ្នកស្លាប់រហូតដល់ជាង ១ពាន់នាក់ ដែលមានអ្នកស្លាប់រហូតដល់ទៅ ៧០% គឺមិនពាក់មួកសុវត្ថិភាព។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបានថ្លែងថា ការរៀបចំសិក្ខាសាលាស្តីពីសុវត្ថិភាពចរាចរណ៍ជូនដល់ក្រុមអ្នកដឹកជញ្ជូន គឺក្នុងគោលបំណងដើម្បីចូលរួមចំណែកការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ហើយមួយរយៈចុងក្រោយនេះ តាមរបាយការណ៍ដែលបានឆ្លុះបញ្ចាំងឃើញថា គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ជាពិសេសក្នុងរយៈពេល ៩ខែ មានអ្នកកស្លាប់ដល់ទៅ ១១៦៩នាក់ ដែលនេះគឺជាការឆ្លុះបញ្ចាំងថាការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅមិនទាន់ទទួលយកបាននៅការគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ពោលគឺការប្រើប្រាស់ម៉ូតូមានតួលេខខ្ពស់រហូតដល់ ៨៣% នៃគ្រោះថ្នាក់ចរាចរណ៍ផ្តើមចេញពីអ្នកប្រើប្រាស់ទោចក្រយានយន្តតែម្តង ដែលមានអ្នកស្លាប់រហូតដល់ទៅ ៧០% គឺមិនពាក់មួកសុវត្ថិភាព។
ឧត្តមសេនីយ៍ឯក ចេវ ហាក់ បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវយល់ដឹងអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងកុំបើកបរប្រថុយប្រថាន និងត្រូវគោរពច្បាប់ចរាចរណ៍។ ពីព្រោះគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើង គឺបង្កដោយការបើកបរក្នុងល្បឿនលឿន ៤៦% និងមិនគោរពសិទ្ធិអាទិភាព ២២% នៃគ្រោះថ្នាក់ចរាចរណ៍៕ អត្ថបទ៖ វង្ស សុភាព

