ភ្នំពេញ៖ ពលរដ្ឋបន្តនាំគ្នាទៅធ្វើជីវមាត្រ ដើម្បីផ្ទៀងផ្ទាត់ទន្និន័យបញ្ជីឈ្មោះឲ្យបានត្រឹមត្រូវ បម្រើឲ្យការបោះឆ្នោតនៅពេលខាងមុខ ។
នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ ដែលជាថ្ងៃទី២០ហើយ នៃដំណើរការចុះឈ្មោះ ពិនិត្យបញ្ជីឈ្មោះ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២៦ នៅសាលាសង្កាត់ចាក់អង្រែក្រោម នៃរដ្ឋបាលខណ្ឌមានជ័យ មានបងប្អូនប្រជាពលរដ្ឋបានបន្តនាំគ្នាទៅធ្វើជីវមាត្រឡើងវិញ ដើម្បីផ្ទៀងផ្ទាត់ទន្និន័យរបស់ខ្លួនឲ្យបានត្រឹមត្រូវត្រៀមសម្រាប់ការចូលរួមបោះឆ្នោត នៅឆ្នាំ២០២៧ និង២០២៨ខាងមុខ ។

លោកជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម នៃរដ្ឋបាលខណ្ឌមានជ័យ ឲ្យដឹងថា ក្នុងសង្កាត់របស់លោកមានប្រជាជនដែលត្រូវធ្វើជីវមាត្រ ប្រមាណ៦ពាន់នាក់ ក៏ប៉ុន្តែគិតត្រឹមថ្ងៃទី២៧នេះ ចំនួនពលរដ្ឋជាក់ស្តែងដែលបានមកធ្វើទើបតែបានជាង៤០០នាក់ប៉ុណ្ណោះ ដែលគិតជាអត្រាភាគរយ គឺនៅមានកម្រិតទាប ។ ដូច្នោះហើយ រដ្ឋបាលសង្កាត់ បានដាក់ចេញផែនការជាច្រើនបន្តបន្ទាប់ ដើម្បីផ្សព្វផ្សាយឲ្យកាន់តែទូលាយ សំដៅជម្រុញដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានចុះឈ្មោះនៅឆ្នាំ២០១៦ ឬឆ្នាំ២០១៧ រុះរាន់ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ ឲ្យបានគ្រប់ៗគ្នា ។
បច្ចុប្បន្ននេះ លោកបានជម្រុញទៅដល់មេភូមិទាំង០៨ ក្នុងសង្កាត់ឲ្យយកលិខិតអញ្ជើញថ្មីបន្ថែមទៀត ដែលទទួលបានការអនុញ្ញាតពី គ.ជ.ប ទៅជូនពលរដ្ឋដែលត្រូវធ្វើជីវមាត្រ ទៅដល់ខ្នងផ្ទះរបស់គាត់តែម្តង និងបន្តផ្សព្វផ្សាយតាមរយៈការចាក់ឃោសនៈស័ព្ទ ក៏ដូចជាការជំរឿយឲ្យបានញឹកញយដល់ពួកគាត់ជាដើម ព្រោះការធ្វើជីវមាត្រ គឺសំដៅដល់ការថតរូបថ្មី និងស្គេនក្រយ៉ៅដៃថ្មី ព្រោះរយៈពេល១០ឆ្នាំម្តង ពលរដ្ឋម្នាក់ៗអាចនឹងមានការប្រែប្រួលរូបរាង ពណ៌សម្បុរ និងក្រយ៉ៅដៃជាដើម។
លោកចៅសង្កាត់បន្ថែមថា សម្រាប់អត្រាអ្នកគ្រប់អាយុ១៨ឆ្នាំត្រូវចុះឈ្មោះថ្មី និងអ្នកទើបផ្លាស់ចូលមកក្នុងមូលដ្ឋាន មានប្រមាណជាង៥០០នាក់ ហើយបច្ចុប្បន្ននេះមានជាង៣០០នាក់ហើយ ដែលបានអញ្ចើញមកចុះឈ្មោះថ្មី ដែលស្មើនឹង៧១ភាគរយ នៃចំនួនពលរដ្ឋសរុប។
ពលរដ្ឋដែលបានទៅធ្វើជីវមាត្រ ក៏សម្តែងនូវក្តីពេញចិត្តចំពោះការបម្រើនីតិវិធីបានលឿនរហ័ស ពីសំណាក់ក្រុមការងារ និងចាត់ទុកថា ការចូលរួមបោះឆ្នោត គឺជាកាតព្វកិច្ច ដែលមិនអាចជៀសបានហើយជោគវាសនារបស់ជាតិ ក៏ឋិតលើសន្លឹកឆ្នោតរបស់ពួកគាត់ម្នាក់ៗផងដែរ ។
គួរជម្រាបថា ការចុះឈ្មោះ ពិនិត្យបញ្ជីឈ្មោះ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២៦ នឹងប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ពោលនៅសល់រយៈពេល ៣៥ថ្ងៃទៀតប៉ុណ្ណោះ ៕ លីហេង





