គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំ នៅព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈមួយចំនួន។
ជាលទ្ធផល អង្គប្រជុំបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាល មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភា ដើម្បីពិនិត្យ និងសិក្សា និងធ្វើរបាយការណ៍ជូនសម័យប្រជុំរដ្ឋសភានាពេលខាងមុខ ដែលរួមមាន៖
១)សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ។ អង្គប្រជុំបានអនុម័តប្រគល់សសេចក្ដីព្រាងច្បាប់នេះ ជូន គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដើម្បីពិនិត្យ និងសិក្សា និងធ្វើរបាយការណ៍ជូនសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។
២)សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។ អង្គប្រជុំបានអនុម័តប្រគល់សេចក្ដីព្រាច្បាប់ទាំងពីរនេះ ជូន គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដើម្បីពិនិត្យ និងសិក្សា និងធ្វើរបាយការណ៍ជូនសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។
៣)សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន អង្គប្រជុំបានអនុម័តប្រគល់ជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា សហការជាមួយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ធ្វើការពិនិត្យ និងសិក្សា និងធ្វើរបាយការណ៍ជូនសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។
៤) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក អង្គប្រជុំបានអនុម័តប្រគល់ជូន គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា ធ្វើការសហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ដើម្បីពិនិត្យ និងសិក្សា និងធ្វើរបាយការណ៍ជូនសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ៕






