ភ្នំពេញ៖ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែល កំពុងធ្វើចត្តាឡីស័ក នៅក្នុងបុរីពិភពថ្មីកួរស្រូវ៣ទាំងអស់ អនុវត្តឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត ជាពិសេស គឺត្រូវចូលរួមវិធាន ៣ការពារ ៣កុំ ខណៈមេរោគកូវីដ-១៩ ដ៏កាចសាហាវមួយនេះ បានបន្តរីករាលដាលខ្លាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនជាបន្តបន្ទាប់ហើយនោះ។
ក្នុងពិធីចុះចែកអំណោយរបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយបានកំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះចំនួន ២៥គ្រួសារ ប្រឈមខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ស្ថិតនៅក្នុងបុរីពិភពថ្មីកួរស្រូវ៣ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញនោះ លោកអធិការខណ្ឌដង្កោ បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនេះបានយល់ដឹងមកហើយ ចំពោះវិធានការ ការពារនូវមេរោគកូវីដ-១៩នេះ ដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានធ្វើការណែនាំជាបន្តបន្ទាប់នោះ។ ដូច្នេះ ដើម្បីឲ្យវិធានការនេះកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតនោះ គឺត្រូវមានការចូលរួមពីសំណាក់បងប្អូនទាំងអស់ ទើបស្ថានការណ៍កូវីដ-១៩នេះ មិនបន្តរីករាលដាលទៅក្នុងសហគមន៍ទៀត។
លោលអធិការ បានលើកឡើងថា «ក្នុងនាមអាជ្ញាធរ សូមបងប្អូនទាំងអស់បន្តរួមគ្នាអនុវត្តឲ្យមានត្រឹមត្រូវ និងគ្រប់ពេលវេលាទាំងអស់នូវវិធាន«៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ដែលសម្តេចបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ហើយសម្តេច និងក្រសួងសុខាភិបាលបានអំពាវនាវជាច្រើនលើកច្រើនសារមកហើយទាក់ទងនឹងវិធានការ ការពារ នៃមេរោគកូវីដ១៩នេះ»។
លោកបន្តថា បច្ចុប្បន្នភាពនេះ ការរីករាលដាលនៃមេរោគកូវីដ-១៩ បានបន្តផ្ទុះជារឿយៗនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួននៅប្រទេសកម្ពុជា ដែលរហូតមកដល់ពេលនេះ តាមការប្រកាសរបស់ក្រសួងសុខាភិបាល នៅប្រទេសកម្ពុជាយើងមានករណីឆ្លងមេរោគកូវីដ-១៩នេះ គឺបានឡើងដល់ ១៧៨៨នាក់ហើយ ដោយក្នុងនោះ បានធ្វើការព្យាបាលសះស្បើយចំនួន ៩៩៩នាក់ ខណៈអ្នកកំពុងបន្តសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងកន្លែងនានាចំនួន៧៨៣នាក់ ប៉ុន្តែអាល់កុល បានបណ្តាលឲ្យបាត់បង់ជីវិតចំនួន ០៤នាក់ផងដែរ ដោយស្ថានភាពជំងឺរបស់ពួកគាត់បានវិវត្តន៍រកសភាពធ្ងន់ធ្ងរ ដែលយើងមិនអាច សង្គ្រោះពួកគាត់បាននោះ។
ក្នុងឱកាសចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនោះដែរ លោកអធិការ ក៏បានលើកឡើងផងដែរថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ពិនិត្យឃើញពីការលំបាកក្នុងជីវភាព ខណៈដែលបងបងប្អូនកំពុងធ្វើចត្តាឡីស័ក ក៏បានឧបត្ថម្ភជាស្បៀងអាហារជូនដល់បងប្អូនក្នុងការចូលរួមជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាលកម្ពុជាដើម្បីដោះស្រាយទុក្ខលំបាករបស់បងប្អូន។ កាយវិការដ៏សប្បុរសនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ជាទីបំផុតរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅគ្រាដែលបងប្អូនកំពុងប្រឈមភាពខ្វះខាតក្នុងជីវភាពដោយសារតែជំងឺឆ្លងកូវីដ-១៩។
សូមបញ្ជាក់ថា បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានសង្កាត់រលួសឱ្យដឹងថា នៅក្នុងបុរីពិភពថ្មីកួរស្រូវ៣ សង្កាត់រលួស ក្នុងខណ្ឌដង្កោ មានប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កសរុបចំនួន ៣៦គ្រួសារ។ ពួកគាត់ទទួលបានអំណោយពីអាជ្ញាធរខណ្ឌដង្កោជាបន្តបន្ទាប់រួចហើយផងដែរ។ ប្រជាពលរដ្ឋទាំងនេះ បានធ្វើចត្តាឡីស័ករយៈពេលប្រមាណ១សប្ដាហ៍នឹងបានធ្វើតេស្តលើកទី១គឺអវិជ្ជមាន ក្រោយជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះ៕ អត្ថបទ៖ បានចក់