លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានប្ដេជ្ញានឹងធ្វើឲ្យអ្នកគាំទ្រមានមោទនភាពជាថ្មី ក្នុងជំនួបទល់ក្រុមភ្ញៀវ Kitchee របស់ហុងកុង ក្នុងជំនួបជើងទី១ នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two 2026/27 ពូលH នាវេលាម៉ោង ៧៖១៥នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Oleg ថា នេះគឺជាការប្រកួតដ៏ល្អក្នុងពានរង្វាន់អន្ដរជាតិ ហើយលោកនឹងផ្ដោតសំខាន់លើការប្រកួតនេះ ជាជាងផ្ដោតលើតារាងចំណាត់ថ្នាក់ ។ លោកសង្ឃឹមថា នឹងអាចធ្វើឲ្យអ្នកគាំទ្រមានមោទនភាព និងសប្បាយរីករាយជាមួយការប្រកួតនេះ តែលោកក៏នៅតែគោរព Kitchee ដែលជាក្រុមសម្បូរដោយកីឡាករមានបទពិសោធន៍ និងទេពកោសល្យផងដែរ។
គួរដឹងថា បច្ចុប្បន្នភ្នំពេញក្រោន កំពុងធ្វើបានល្អក្នុងពានរង្វាន់កម្រិតទី២ ទ្វីបអាស៊ីនេះ ដោយរកបាន ៦ពិន្ទុពេញពី ២ប្រកួតដំបូង ដោយយកឈ្នះក្រុម Kuching City របស់ម៉ាឡេស៊ី ២-១ ក្នុងដី មុនបន្ដយកឈ្នះក្រុមម្ចាស់ផ្ទះ Gangwon FC ២-១ ដូចគ្នា នៅទឹកដីកូរ៉េខាងត្បូង។ រីឯក្រុម Kitchee វិញ ដ្បិតមិនទាន់ស្គាល់ជ័យជម្នះ តែពួកគេក៏មិនទាន់រងបរាជ័យផងដែរ ដោយ ២ប្រកួតស្មើទាំងពីរ ។ ដូច្នេះជំនួបរវាងក្រុមទាំងពីរយប់នេះ ត្រូវបានគេមើលឃើញនឹងក្លាយជាជំនួបដ៏តានតឹង និងជក់ចិត្តបំផុតសម្រាប់អ្នកគាំទ្រ៕អត្ថបទ លី ឈុនឡា





