ប្រជាពលរដ្ឋ ទាំងជាតិ និងអន្ដរជាតិប្រមាណជាង ១,៥០០នាក់ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៩ នេះ បានចូលរួមកម្មវិធីរត់កម្សាន្ដ Kinal Fun Run 2026 ដែលជាការរត់ផ្ទាល់តាមផ្លូវយន្ដហោះ ក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោក សុខ ហួម៉េង តំណាងក្រុមហ៊ុន PPM ដែលបានរៀបចំកម្មវិធីនេះ បានសម្ដែងក្ដីរីករាយ ក្រោយមានការគាំទ្រ និងចូលរួមលើសការរំពឹងទុក សម្រាប់ការរៀបចំលើកដំបូងនេះ ។ ចំពោះគោលបំណងសំខាន់ គឺដើម្បីលើកកម្ពស់សុខភាព តាមរយៈសកម្មភាពកីឡា ដល់ប្រជាពលរដ្ឋគ្រប់វ័យ ហើយលោកក៏សង្ឃឹមថា នឹងអាចរៀបចំជាបន្ដបន្ទាប់ទៀតផងដែរ។
ជាមួយគ្នាដែរ លោក ឯល រ៉ូហ្សាក់ ក៏បានបង្ហាញនូវការគាំទ្រ និងរីករាយក្នុងការចូលរួមកម្មវិធី Kinal Fun Run 2026 ផងដែរ ។ ក្នុងនាមអ្នកស្នេហាវិស័យកីឡាមួយរូប លោកថា កម្មវិធីនេះ ពិតជាល្អដែលផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានលេងកីឡាដើម្បីសុខភាព ផ្សារភ្ជាប់ជាមួយការរំឮកអនុស្សាវរីយ៍នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដែលជាទីតាំងប្រវត្តិសាស្ដ្រមួយផង។
គួរដឹងថា នេះជាលើកដំបូងហើយ ដែលក្រុមហ៊ុន PPM បានរៀបចំព្រឹត្តិការណ៍កីឡាបែបសុខភាពនេះឡើង ដោយមានកិច្ចសហការពីក្លិបកីឡារត់ប្រណាអ Unity Run Club និងមានការគាំទ្រពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការផ្ដល់ទីតាំងដើម្បីរៀបចំកម្មវិធីឲ្យប្រព្រឹត្តទៅដោយរលូន ប្រកបដោយភាពសប្បាយរីករាយ ស្នាមញញឹម និងអនុស្សាវរីយ៍ដ៏ល្អសម្រាប់អ្នកចូលរួមផងដែរ៕អត្ថបទ លី ឈុនឡា