ភ្នំពេញ៖ កម្ពុជាបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តគោរព និងអនុវត្តសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី៣ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងផ្សេងៗជាមួយថៃ ដើម្បីស្ដារស្ថានការណ៍ឱ្យប្រសើរឡើងវិញ។ ខណៈគណៈកម្មការផ្សះផ្សា នៃUNCLOS ក៏បានលើកទឹកចិត្តឱ្យភាគីទាំងពីរឱ្យអនុវត្តវិធានការដែលបានព្រមព្រៀងគ្នា ដែលនឹងជួយបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាប្រកបដោយស្ថាបនាក្នុងដំណើរការផ្សះផ្សា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅថ្ងៃទី២៩ខែតុលា នេះ បានលើកឡើងអំពីកិច្ចប្រជុំនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ដែលក្នុងកិច្ចប្រជុំនេះ កម្ពុជាបានលើកឡើងពីបញ្ហាមួយចំនួនដែលបានកើតឡើងនាពេលថ្មីនេះៗ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ហើយសង្កត់ធ្ងន់ពីភាពចាំបាច់ដែលភាគីទាំងពីរ ត្រូវពិភាក្សាគ្នាស្វែងរកមធ្យោបាយដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ឯកឧត្តម បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ភាគីទាំងពីរ បានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។

ឯកឧត្តម បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។
ឯកឧត្តម ក៏បានរម្លឹកអំពីការជំរុញរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីនីតិសមុទ្រ ក្នុងកិច្ចប្រជុំលើកទី២ នៅក្រុងឡាអេ ឱ្យភាគីកម្ពុជា និងថៃ អនុវត្តវិធានការដែលភាគីទាំងពីរធ្លាប់បានព្រមព្រៀងពីមុនឱ្យបានពេញលេញ៕ អត្ថបទ៖ វ៉ាន់
