ភ្នំពេញ៖ ក្រុមយុវជន យុវនារី ដែលស្ម័គ្រចូលបំពេញកាតព្វកិច្ចយោធា បានប្តេជ្ញាខិតខំលត់ដំសមត្ថភាពកំឡុងពេលទៅហ្វឹកហ្វឺនពីរឆ្នាំ ដើម្បីក្លាយជាអ្នកការពារខ្លាំងក្លាបន្តវេនរបស់ជាតិ ។

រាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតឲ្យក្រសួងការពារជាតិ ជ្រើសរើសយុវជនចំនួន១ម៉ឺននាក់ ដើម្បីចូលរួមហ្វឹកហាត់បំពេញកាតព្វកិច្ចវគ្គមួយ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្រុមយុវជន យុវនារី ដែលទន្ទឹមចាំការប្រកាសឈ្មោះ ក៏សម្តែងក្តីត្រេកអរ ចំពោះដំណឹងអំពីការប្រកាសឈ្មោះ និងកាន់តែឆាប់ក្នុងការហ្វឹកហ្វឺន ដោយពួកគាត់ បានបង្ហាញស្មារតី និងសុឆន្ទៈមុតមាំ ក្នុងការខិតខំហ្វឹកហ្វឺនសមត្ថភាព ក្នុងពេលបំពេញកាតព្វកិច្ច០២ឆ្នាំ ដោយប្តេជ្ញាខ្ពស់ លើការប្តូរផ្តាច់ជាមួយការរួមចំណែកការពារប្រទេសជាតិ ពីការឈ្លានពានពីសំណាក់រដ្ឋបរទេសណាមួយមកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ។
យុវតីហានក្លា នុត សុជាតិតា អាយុ២២ឆ្នាំ ជានិស្សិតបរិញ្ញាបត្រច្បាប់ឆ្នាំទី៤ ក្នុងនាមស្ត្រីភេទ ដែលមានសុឆន្ទៈមុតមាំមិនចាញ់បុរស យល់ថា ៖ ការរួមចំណែក០២ឆ្នាំជាមួយការហ្វឹកហ្វឺនកាតព្វកិច្ចយោធា ពុំមែនជាបន្ទុកសម្រាប់យើងម្នាក់ៗនោះឡើយ ផ្ទុយទៅវិញវាជាឱកាសដ៏ប្រពៃសម្រាប់រូបនាង ក៏ដូចជាពលរដ្ឋខ្មែរដទៃ ដែលគ្រប់អាយុត្រូវបំពេញកាងព្វកិច្ច អាចដុះខាត ពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឲ្យក្លាយជាធនធានបន្តវេនដ៏មានសក្តានុពល និងរឹងមាំបំផុតសម្រាប់ខ្លួនឯង និងប្រទេសជាតិទាំងមូល ។
នាងបន្ថែមថា ៖ ការរួបរួមគ្នាជាថ្លុងមួយ ជាកម្លាំងតែមួយ គឺជាសសរគ្រឹះ និងជាខឿនដ៏រឹងមាំបំផុត សម្រាប់ការការពារជាតិ ពីខ្មាំងសត្រូវទាំងឡាយប៉ងឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជា ។ យុវតីដដែល ចាត់ទុកថា ការដែលរដ្ឋាភិបាលបង្កើនទ័ពនេះ ក៏ពុំមែនទុកសម្រាប់យកទៅឈ្លានពានប្រទេសជិតខាងណានោះដែរ គឺដើម្បីតែការការពារទឹកដីខ្លួនតែមួយមុខប៉ុណ្ណោះ ព្រោះទាំងរាជរដ្ឋាភិបាល ទាំងប្រជាជនកម្ពុជា ស្រលាញ់ និង ចង់បានតែសន្តិភាពប៉ុណ្ណោះ កម្ពុជាជាប្រទេសដែលឆ្អែតឆ្អន់អស់ជាច្រើនទស្សវត្សកន្លងមកហើយជាមួយភ្នក់ភ្លើង នៃសង្គ្រាម ។
យុវជនស្ម័គ្រចិត្តម្នាក់ទៀត បង្ហាញពីស្មារតីប្តូរផ្តាច់ថា ៖ ទោះខ្លួនត្រូវប្តូរដោយជីវិត ក៏រូបគេហ៊ានលះបង់ដែរ ព្រោះជាតិមួយនេះ គ្មានបរទេសដទៃណា គេមកការពារជំនួសយើងដែលមានឈាមជ័រជាខ្មែរនោះទេ ដូច្នេះហើយ បើមានសត្រូវឈ្លានពាន គឺជីវិតមួយនេះទុកជូនជាតិ ។
គួរជម្រាបថា ៖ ក្នុងឆ្នាំ២០២៦នេះ សម្រាប់ជំហានដំបូង នៃការស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា មានប្រជាពលរដ្ឋខ្មែរទាំង២ភេទ គ្រប់អាយុចាប់ពី១៨ ដល់២៥ឆ្នាំ ជិត១ម៉ឺន៥ពាន់នាក់នៅទូទាំងប្រទេស បានស្ម័គ្រចូលបំពេញកាតព្វកិច្ច ដោយគោលការណ៍ស្ម័គ្រចិត្តប្រកបដោយស្មារតីមុះមុត និងទឹកចិត្តស្នេហាជាតិ ៕ លីហេង



