ក្លិបបាល់ទាត់ភ្នំពេញក្រោន ពិតជាបានផ្ដល់ការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ រហូតទទួលបានការសរសើពីលោក Calderon Zapateria គ្រូបង្វឹកក្រុម Kitchee SC របស់ហុងកុង បន្ទាប់ពីរកបាន ៩ពិន្ទុពេញពីការប្រកួតជុំទី១ ក្នុងពូលH នៃពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី២ ទ្វីបអាស៊ី AFC Champions League Two (ACL-2) 2026/27។

នេះបើតាមការលើកឡើងក្រោយបញ្ចប់ជំនួបជើងទី១ រវាងក្រុមទាំងពីរ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុម Kitchee SC ដោយលទ្ធផល ២-០ នៅចុងម៉ោង ចំពោះមុខអ្នកទស្សនាផ្ទាល់ជិត ៤ពាន់នាក់ កាលពីរាត្រីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ។
លោក Calderon Zapateria បានអបអរសាទរក្រុមភ្នំពេញក្រោន ក៏ដូជាគ្រូបង្វឹក ដែលពួកគេធ្វើបានល្អគ្រប់ការប្រកួតក្នុងពូល រហូតរកបាន ៩ពិន្ទុពេញ។ ជុំវិញការប្រកួតរវាងក្រុមទាំងពីរវិញ លោកមិនបន្ទោសកូនក្រុមឡើយ ដ្បិតពួកគេបានខំប្រឹងអស់ពីសមត្ថភាព ហើយក៏បានបង្កើតឱកាសច្រើនជាងក្រុមម្ចាស់ផ្ទះផងដែរ តែធ្វើមិនបានសម្រេច ផ្ទុយពីភ្នំពេញក្រោន ដែលបញ្ចប់ទីបានល្អជាង។
ទន្ទឹមជាមួយគ្នាលោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានសម្ដែងក្ដីរីករាយជាមួយក្រុម ក៏ដូចជាអ្នកគាំទ្រនៅកម្ពុជា សម្រាប់ការទទួលបាន ៣ពិន្ទុបន្ថែមដ៏សំខាន់ ទោះបីជួបក្រុមមួយដ៏ល្អ និងរឹងមាំ ដែលអាចធ្វើឲ្យការប្រកួតបញ្ចប់ដោយជម្រើសជាច្រើនក្ដី។ យ៉ាងណាដោយសារកិច្ចសហការ និងការខំប្រឹងដល់វិនាទីចុងក្រោយរបស់ក្រុម ទើបអាចសម្រេចបានលទ្ធផលដ៏ពិបាកស្មាននេះ។

គួរដឹងថា ជំនួបរវាងក្រុមទាំងពីរ ពិតជាបានបញ្ចប់ដោយភាពតានតឹង បន្ទាប់ពីការព្យាយាមវាយសម្រុកគ្នាតាំងពីដើមវគ្គទី១ រហូតដល់ចុងវគ្គទី២ ដែលស្ទើរតែរក្សាលទ្ធផល ០-០ តែឱកាសចែកគ្នា ១ពិន្ទុ ត្រូវបានបញ្ចប់ បន្ទាប់ពីកីឡាករ សារ ទី ស៊ុតបាល់ពីចម្ងាយបញ្ចូលទីយ៉ាងល្អ នៅនាទី៩០ ដែលត្រូវបានចាត់ទុកជាការបើកឱកាសសម្រាប់ក្រុមឆ្ពោះទៅបន្ថែមគ្រាប់ទី២ ដែលរកបានដោយមិត្ដរួមក្រុម Baniel Bares នៅនាទី៩០+៤ ដើម្បីទទួលបានជ័យជម្នះ ២-០ លើក្រុម Kitchee។
ជ័យជម្នះ ដោយរក្សាបាននូវ Clean Sheet លើកដំបូងនេះ បានធ្វើឲ្យភ្នំពេញក្រោន បន្ដឈរកំពូលតារាង ដោយរកបាន ៩ពិន្ទុពេញ បន្ទាប់ពីយកឈ្នះក្រុម Kuching City របស់ម៉ាឡេស៊ី និងក្រុម Gangwon FC របស់កូរ៉េខាងត្បូង ដោយលទ្ធផល ២-១ ដូចគ្នា កាលពីថ្មីៗ ។ យ៉ាងណាភ្នំពេញក្រោន នៅសល់ ៣ប្រកួតទៀត នៅជុំទី២ ដែលត្រូវការពិន្ទុបន្ថែម ដើម្បីធានាកៅអីវគ្គបន្ដក្នុងយុទ្ធនាការប្រកួតពានរង្វាន់កម្រិតទី២ ទ្វីបអាស៊ីនេះ តែអ្នកគាំទ្រជឿជាក់លើក្រុមតំណាងកម្ពុជានេះ នឹងអាចធ្វើបាន ដើម្បីបង្កើតប្រវត្តិសាស្ដ្រថ្មីមួយទៀត សម្រាប់វិស័យបាល់ទាត់កម្ពុជា៕ អត្ថបទ លី ឈុនឡា










