ម៉ាឡេស៊ី៖ ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិហែលទឹកពាក់ជើងទាកម្ពុជា បានបង្ហាញសមត្ថភាពគួរឱ្យកត់សម្គាល់ នាពេលនេះដណ្តើមបានមេដាយសរុប ៦ គ្រឿងហើយបើគិតត្រឹមថ្ងៃនេះ ក្នុងនោះមេដាយមាស ៣ ប្រាក់១ និងមេដាយសំរិទ្ធ ២ គ្រឿង ពីការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ (Southeast Asia Finswimming Championship 2026) និងការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ីអាគ្នេយ៍តាមក្រុមអាយុ ឆ្នាំ២០២៦ (Southeast Asia Age Group Finswimming Championship 2026) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី។

លោក ហែម ថុនពន្លឺ គ្រូបង្វឹកក្រុមជម្រើសជាតិហែលទឹកពាក់ជើងទាកម្ពុជា បានប្រាប់ពីប្រទេសម៉ាឡេស៊ីថា គិតត្រឹមការប្រកួតនេះ អត្តពលិកកម្ពុជាដណ្តើមបានមេដាយចំនួន៦ គ្រឿង ក្នុងនោះធ្វើបានដោយកីឡាករ ទូ ថានៈ ដណ្តើមបានមេដាយមាស ១ គ្រឿង លើវិញ្ញាសា ១០០ ម៉ែត្រ Bifins ផ្នែកបុរសអាយុពី ១៤ ដល់ ១៥ ឆ្នាំ។
ដោយឡែក កីឡាការិនី កាំង មុយនីន ដណ្តើមបានមេដាយមាស ១ ក្នុងវិញ្ញាសាហែល Girls 18 & Over 100 LC Meter Bifin ។
កីឡាការិនី លឹម សុខគន្ធពណ៍ ក៏បានបង្ហាញសមត្ថភាពល្អ ដណ្តើមបានមេដាយមាស ១ គ្រឿងបន្ថែមទៀត ក្នុងវិញ្ញាសាហែល Girls 14-15 100LC Meter Bifin ជូនក្រុមជម្រើសជាតិកម្ពុជា។
ចំណែកកីឡាករ លឹម សុខវារៈស័ក្តិ ទទួលបានមេដាយប្រាក់ លើវិញ្ញាសាហែល Boys 16-17 50 LC Meter APNEA ព្រមទាំង កីឡាករលឹម សុខវារៈស័ក្តិ និង កីឡាករ លឹម នរវិទូ ទទួលបានមេដាយសំរឹទ្ធរៀងៗខ្លួន។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹកកម្ពុជា តំណាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានលើកឡើងថា ការបញ្ជូនអត្តពលិកទៅចូលរួមប្រកួតនៅប្រទេសម៉ាឡេស៊ី គឺជាឱកាសដ៏សំខាន់សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ក្នុងការបង្ហាញសមត្ថភាព បច្ចេកទេស និងកម្រិតត្រៀមខ្លួនរបស់ពួកគេ តាមរយៈការប្រកួតប្រជែងជាមួយអត្តពលិកមកពីបណ្តាប្រទេសក្នុងតំបន់។
សូមបញ្ជាក់ថា សហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិហែលទឹកពាក់ជើងទាសរុប ១៩ រូប ទៅចូលរួមព្រឹត្តិការណ៍ប្រកួតទាំងពីរនេះ ក្នុងនោះមានលោក ហែម ថុនពន្លឺ ជាគ្រូបង្វឹក និងលោក លឹម កែវឧត្តម ជាគ្រូជំនួយ៕








