សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា ក្នុងកាលៈទេសៈ និងគ្រាអាសន្នយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា នឹងនិតនៅជាមួយពលរដ្ឋ មិនទុកពលរដ្ឋចោលជាដាច់ខាត។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញសំណេះសំណាល ចែកស្រូវពូជ និងស្បៀងជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣០ ខែតុលា នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តការជឿទុកចិត្តលើរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាចុះ ដែលបានប្តេជ្ញាចិត្តដ៏មុតមាំក្នុងការយកចិត្តទុកដាក់ខ្ពស់ និងមិនបោះបង់ប្រជាពលរដ្ឋរបស់ខ្លួនឡើយ ទោះនៅគ្រាជួបទុក្ខលំបាក ឬវិបត្តិយ៉ាងណាក៏ដោយ ពោលគឺគ្រប់កាលៈទេសៈ រាជរដ្ឋាភិបាលតែងនៅជាមួយប្រជាពលរដ្ឋជានិច្ច។
សម្ដេចធិបតី បានបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងជួយសង្គ្រោះពលរដ្ឋ និងស្ដារជីវភាពឡើងវិញក្រោយបញ្ហា ជាពិសេសថ្មីៗនេះ ដែលពលរដ្ឋរងគ្រោះផ្ទួនៗគ្នា ដោយសារសង្គ្រាម វិបត្តិតម្លៃប្រេងលើពិភពលោក និងគ្រោះទឹកជំនន់ ជាដើម។
សម្ដេចបានបញ្ជាក់ថា (អញ្ចឹងបានថាក្នុងកាលៈទេសៈណាទេ គឺមានវត្តមានរាជរដ្ឋាភិបាលចុះជួយពលរដ្ឋ តាមរយៈអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ទាំងគ្រាគ្រាប់ផ្លោង និងទឹកជំនន់ និងគ្រាកសាងស្ដារឡើងវិញ។ នេះជាស្មារតីទទួលសុខត្រូវរបស់រាជរដ្ឋាភិបាល។ ពេលស្រណុកខិតខំប្រឹងបង្កើនលទ្ធភាព ឱ្យមានជីវភាពរស់នៅល្អ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់, ពេលជួបការលំបាកបំផុត គ្រោះថ្នាក់បំផុត គឺមានមុខរបស់រាជរដ្ឋាភិបាលចុះជួយ)។
សម្ដេចធិបតី បានបញ្ជាក់បន្ថែមថា ថ្នាក់ដឹកនាំ មន្ត្រី អាជ្ញាធរគ្រប់ជាន់ថ្នាក់ នៅជាមួយពលរដ្ឋ តែងចុះសួរសុខទុក្ខ ដោះស្រាយបញ្ហាពលរដ្ឋនៅពេលជួបការលំបាក ឬគ្រោះអាសន្នណាមួយជាយថាហេតុ។ ប្រពៃណីផ្សារភ្ជាប់ជាមួយពលរដ្ឋ រួមសុខទុក្ខ និងបម្រើប្រជាពលរដ្ឋ គឺជាគុណធម៌ និងអត្តសញ្ញាណ របស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា ដែលបន្តពីជំនាន់មួយទៅជំនាន់មួយឥតប្រែប្រួលឡើយ។ ស្មារតីទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ដែលមានអាជ្ញាធរមូលដ្ឋានជាសេនាធិការ កងកម្លាំងប្រដាប់អាវុធ ក្នុងកាលៈទេសៈណាក៏ដោយ មិនចោលប្រជាពលរដ្ឋនោះទេ៕អត្ថបទ៖ វ៉ាន់








