សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ជាថ្មីប្រាប់ជនរួមជាតិថា រាជរដ្ឋាភិបាលមានប្លង់រឹកហើយសម្រាប់ធ្វើការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ និងដោះស្រាយបញ្ហានេះដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ បញ្ចៀសឱ្យបាននូវការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនដល់បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣០ ខែតុលា នេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា អ្នកណាថាយើងកំសាកក៏ថាទៅ តែយើងអាណិតជីវិតកងទ័ព និងប្រជាពលរដ្ឋដូច្នេះហើយបានជារាជរដ្ឋាភិបាលសុខចិត្តជ្រើសរើសផ្លូវការទូត និងច្បាប់អន្តរជាតិ ដោយសារជីវិតកងទ័ព និងប្រជាពលរដ្ឋមានតម្លៃខ្លាំងណាស់ បើយើងច្បាំងគ្នាវានឹងធ្វើឲ្យបាត់បង់ជីវិតច្រើន រួមទាំងខូចខាតដល់សេដ្ឋកិច្ចជាតិផងដែរ។
សម្ដេចធិបតី បានបញ្ជាក់ថា (ការសម្រេចចិត្តឱ្យមានការវាយប្រយុទ្ធគ្នា មិនមែនស្លាប់ខ្ញុំទេ ដែលជាអ្នកដឹកនាំ។ អ៊ុយក្រែន និងរុស្ស៊ី ប្រយុទ្ធគ្នា មិនមែនស្លាប់មេដឹកនាំប្រទេសឯណា ស្លាប់តែកងទ័ព និងប្រជាពលរដ្ឋ។ ដូច្នេះក្នុងនាមជាថ្នាក់ដឹកនាំបើមានផ្លូវបញ្ចៀសការវាយប្រយុទ្ធគ្នាបាន ហើយរក្សាទឹកដីបាន គឺត្រូវតែធ្វើ។)
ទាក់ទងនឹងការឈ្លានពានរបស់ភាគីថៃនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏លើកឡើងថា រាជរដ្ឋាភិ បាលសុខចិត្តឲ្យគេថាយើងកំសាក មិនហ៊ានវាយថៃ ដើម្បីជ្រើសយកការចរចា និងធ្វើការដោះស្រាយតាម ផ្លូវការទូត និងច្បាប់អន្តរជាតិ ដែលការណ៍នេះអាចជួយការពារជីវិតប្រជាជន កងទ័ព បើទោះបីការដោះស្រាយនេះត្រូវប្រើពេលវេលាយ៉ាងណាក៏ដោយនោះ។
សម្តេចធិបតីបានសង្កត់ធ្ងន់ថា«អ្នកណាថាយើងកំសាក ក៏កំសាក តែយើងមិនមែននោះទេ យើងដោះស្រាយការប្រឈមផ្ទាល់ មិនបានរត់ទេ ប៉ុន្តែយើងយកសមរភូមិការទូត សមរភូមិផ្លូវច្បាប់ដោះស្រាយសិន ពីព្រោះជីវិតប្រជាពលរដ្ឋនិងកងទ័ពថ្លៃ ហើយវីរកងទ័ព វីរនគរបាល និងវីរកងរាជអាវុធហត្ថយើង បានចេញច្បាំងផ្ទាល់ និងការពារទឹកដីហើយ តែយើងរកវិធីដោះស្រាយដែលមិនចាំបាច់ ពីព្រោះសង្រ្គាម មិនបានប៉ះពាល់តែកងទ័ពនោះទេ វាប៉ះពាល់ទាំងសេដ្ឋកិច្ច។
ជាមួយគ្នានោះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានបង្ហាញការសោកស្តាយ និងអាណិតអាសូរចំ ពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ ដែលបានរងគ្រោះផ្ទួនៗ ដោយទីមួយបញ្ហាបិទព្រំដែន និងរងគ្រោះដោយសារថៃឈ្លានពាន និងមួយវិញទៀតរងគ្រោះដោយសារទឹកជំនន់។ យ៉ាងណាក៏ដោយសម្តេចបានថ្លែងកោតសរសើរចំពោះភាពរឹងមាំរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង ដែលបានឆ្លងកាត់សង្រ្គាម គ្រាប់ផ្លោងនិងទឹកជំនន់ក្តី ប៉ុន្តែស្មារតីរឹងមាំរបស់បងប្អូនគ្រប់អាយុកាលនៃការលំបាកដែលយើងបានប្រឈម៕អត្ថបទ៖ បាន ចក់



