ភ្នំពេញ៖ ក្នុងយុទ្ធនាការថ្ងៃដំបូង នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ក្រុមប្រជាពលរដ្ឋអាទិភាពដែលមានអាយុចាប់ពី៦០ឆ្នាំ រស់នៅរាជធានីភ្នំពេញ សម្រាប់ខណ្ឌកំបូលមានប្រជាពលរដ្ឋរាប់រយនាក់ បាននាំគ្នាមកទទួលវ៉ាក់សាំងលើសពីការគ្រោងទុក ខណៈអាជ្ញាធររំពឹងថាយុទ្ធនាការចាក់វ៉ាក់សាំងក្នុងខណ្ឌកំបូលអាចនឹងបញ្ចប់មុនយុទ្ធនាការដែលមានរយៈពេល១៥ថ្ងៃ។
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ជាថ្ងៃដំបូងនៃការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនក្រុមប្រជាពលរដ្ឋអាទិភាពដែលមានអាយុចាប់ពី៦០ឆ្នាំឡើង និងរស់នៅក្នុងខណ្ឌទាំង១៤ នៃក្របខណ្ឌរាជធានីភ្នំពេញ និងមានរយះពេល១៥ថ្ងៃនោះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលបានប្រាប់BTVឱ្យដឹងថា ចំពោះខណ្ឌកំបូលបានដំណើរការនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាទិភាព ដោយតាមស្ថិតិរបស់អាជ្ញាធរមូលដ្ឋាននៃសង្កាត់ចំនួន៧ ខណ្ឌកំបូលមានប្រជាពលរដ្ឋវ័យចំណាស់ដែលនឹងត្រូវទទួលវ៉ាក់សាំងសរុបចំនួនជិត៥ពាន់នាក់ ដោយក្នុងចំណោមនោះមានប្រជាពលរដ្ឋប្រមាណ១ពាន់នាក់ហើយដែលបានទទួលវ៉ាក់សាំងកាលពីពេលកន្លង។
លោក ឃឹម ស៊ុនសូដា បានបញ្ជាក់ថា ក្នុងថ្ងៃដំបូងនេះមានប្រជាពលរដ្ឋជាង៣០០នាក់ហើយដែលបានមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ខណៈតាមការគ្រោងទុកដែលបានរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ត្រឹម២៦០នាក់ក្នុងមួយថ្ងៃ។
លោក ឃឹម ស៊ុនសូដា បានបញ្ជាក់ថា ស្របពេលចំនួនប្រជាពលរដ្ឋដែលមកទទួលវ៉ាក់សាំងលើសពីការគ្រោងទុក អាជ្ញាធរ និងក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់បំផុតចំពោះការអនុវត្តនូវវិធានការបង្ការការពារពីជំងឺកូវីដ១៩ ដោយតម្រូវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវពាក់ម៉ាស លាងសម្អាតដៃនឹងអាល់កុល ក៏ដូចជាការរក្សាគម្លាតឱ្យបានត្រឹមត្រូវ ដើម្បីបញ្ជៀសការចម្លងនូវជំងឺកូវីដ។ លោក ឃឹម ស៊ុនសូដា បានគូសបញ្ជាក់ទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋអាទិភាពក្នុងភូមិសាស្ត្រខណ្ឌកំបូលអាចបញ្ចប់មុនយុទ្ធនាការដែលមានរយះពេល១៥ថ្ងៃផងដែរ។
ជាមួយគ្នានោះប្រជាពលរដ្ឋដែលបានទទួលវ៉ាក់សាំង បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋវ័យចំណាស់ ក្នុងពេលស្ថានភាពនៃជំងឺនេះបន្តរីករាលដាល។ បន្ថែមលើសពីនេះប្រជាពលរដ្ឋជាច្រើនក៏បានបង្ហាញពីការបន្តចូលរួមអនុវត្តពីវិធានការអនាម័យ និងការពារជំងឺកូវីដ១៩ បើទោះបីពួកគាត់បានចាក់វ៉ាក់ការពារជំងឺកូវីដ១៩ក៏ដោយ។
សូមជម្រាបជូនថា ចំពោះដំណើរការចាក់វ៉ាក់ជូនក្រុមប្រជាពលរដ្ឋអាទិភាពវ័យ៦០ឆ្នាំឡើងនេះ គណៈកម្មការចំពោះការចាក់វ៉ាក់សាំងកូវីដ១៩ បានប្រកាសថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្របខណ្ឌរាជធានីភ្នំពេញ បានកម្រិតចំនួន ៥៥,៧០០នាក់ ដោយការចាក់វ៉ាក់សាំងនេះធ្វើឡើងនៅទីតាំងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកចំនួន២០ ក្នុងខណ្ឌទាំង១៤នៃរាជធានីភ្នំពេញ៕ អត្ថបទ៖ សេក ឧត្តម