ព្រឹត្តិការណ៍លីគអាជីពកីឡាអេឡិចត្រូនិច MPL Cambodia រដូវកាលទី១១ បានរកឃើញបេក្ខភាព ៦ក្រុម ដែលបានឡើងវគ្គ Playoffs ជាផ្លូវការហើយ ក្រោយឆ្លងកាត់ការប្រកួតសន្សំពិន្ទុវិលជុំរយៈពេល ៥សប្ដាហ៍ គឺមានក្រុមកំពូលតារាង Vigor Apex, ក្រុម Team RVZ ឈរលេខ២, ក្រុមការពារជើងឯក Pro Esports ឈរលេខ៣, ក្រុម Team Flash KH ឈរលេខ៤, ក្រុម Valhalla ឈរលេខ៥ និងក្រុម TNR Esports ឈរលេខ៦។

ទន្ទឹមជាមួយដំណើរទៅវគ្គបន្ដរបស់ក្រុមខ្លាំងៗទាំង ៦ ក្រឡេកទៅចាប់អារម្មណ៍ក្រុម Queen Phoenix ដែលជាក្រុមកីឡាការិនីតែមួយក្រុមគត់ ចូលរួមព្រឹត្តិការណ៍ដ៏ធំប្រចាំប្រទេសនេះ បានបញ្ចប់ដោយលទ្ធផលមិនគាប់ប្រសើរឡើយ ពោលគឺពួកគេបានរងបរាជ័យ ៩ប្រកួតជាប់គ្នា តែគ្រូបង្វឹកលោក ឃាង សុវណ្ណដារិទ្ធ បានមើលឃើញពីចំណុចវិជ្ជមានរបស់កូនក្រុម បើធៀបនឹងរដូវកាលមុន។
លោក ឃាង សុវណ្ណដារិទ្ធ ថា ការប្រកួត MPL Cambodia រដូវកាលនេះ មានប្រកួតខ្លះ ពេលកូនក្រុមដាក់ចិត្ត និងព្យាយាមលេងអស់ពីសមត្ថភាព ពួកគេមានការរីកចម្រើនមួយកម្រិតទៀត ដែលបង្ហាញពីការអាចប្រកួតប្រជែងជាមួយក្រុមខ្លាំង គ្រាន់តែពួកគេត្រូវការពេលវេលាបន្ដិច។ បន្ថែមលើនេះ លោកក៏បានពន្យល់ពីហេតុផលក្នុងការនាំយកកីឡាការិនីបរទេសមកជួយក្រុម ស្របពេលទៅអនាគតក្រុមអាចនឹងផ្ដោតសំខាន់លើកីឡាការិនីក្នុងស្រុកទៀតផង។

សម្រាប់ការប្រកួតវគ្គបន្ទាប់វិញ ក្នុងចំណោម ៦ក្រុម ដែលបានឡើងវគ្គ Playoffs គឺមាន ២ក្រុម ដែលឈរចាំនៅវគ្គ Upper Bracket Semi-Final គឺក្រុម Vigor Apex និងក្រុម Team RVZ ដែលឈរលេខ១ និងលេខ២ កាលពីវគ្គ Regular គ្រាដែល ៤ក្រុមទៀត នឹងត្រូវជួបគ្នានៅវគ្គ Play-Ins ក្នុងនោះក្រុម Pro Esports ត្រូវជួបក្រុម TNR Esports និងក្រុម Team Flash KH ត្រូវជួបក្រុម Valhalla។
ក្នុងវគ្គចែកធ្លាក់នេះដែរ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ហើយក្រុមទទួលបានជ័យជម្នះ នឹងត្រូវឡើងទៅជួបក្រុម Vigor Apex និងក្រុម Team RVZ ដែលកំពុងឈរចាំ ដើម្បីបន្ដការប្រកួតសម្រិតសម្រាំងរកក្រុមខ្លាំងឡើងវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។ ចាំមើលតើក្រុមណាខ្លះ នឹងត្រូវឡើងវគ្គ Grand Final ហើយក្រុមណានឹងក្លាយជាម្ចាស់ជើងឯកពានរង្វាន់ MPL Cambodia រដូវកាលទី១១នេះ? អត្ថបទ លី ឈុនឡា






