រាជធានីភ្នំពេញ៖ យុវជនជាប់កាតព្វកិច្ចយោធា បានបង្ហាញស្មារតីហានក្លា ហ៊ានប្រឈមមុខជាមួយសមរភូមិពិត ប្រសិនបើជាតិទទួលការរងការឈ្លានពានពីរដ្ឋបរទេស។ ពួកគេត្រៀមខ្លួនរួចរាល់ជាមួយស្មារតីរឹងមាំ ដើម្បីការពារជាតិ។

ក្រុមយុវជន ដែលបានស្ម័គ្រចិត្ត បានជាប់ឈ្មោះបំពេញកាតព្វកិច្ចយោធាសម្រាប់ឆ្នាំ២០២៦នេះ បានបង្ហាញស្មារតីរឹងមាំ និងត្រៀមខ្លួនពេញលេញ សម្រាប់រួមចំណែកជាមួយវិស័យការពារជាតិ ហើយក៏ហ៊ានប្រឈមមុខជាមួយសមរភូមិពិតប្រាកដដោយគ្មានភាពភ័យខ្លាចអ្វីបន្តិចនោះឡើយ ប្រសិនបើមានរដ្ឋបរទេសណាមួយហ៊ានបើកការឈ្លានពានមកលើបូរណភាពទឹកដីរបស់កម្ពុជានោះ។

យុវជនជាប់កាតព្វកិច្ចយោធា មានឈ្មោះ ទុំ រស្មីរតនៈ មានវ័យ២៤ឆ្នាំ មានទីលំនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ប្តេជ្ញាខ្ពស់ថា នឹងខិតខំដុះខាត់ និងអភិវឌ្ឍសមត្ថភាពខ្លួនឲ្យបានខ្លាំង កំឡុងពេលឋិតក្នុងការហ្វឹកហ្វឺន០២ឆ្នាំ ដើម្បីប្រែក្លាយខ្លួនឲ្យក្លាយជា អ្នកការពារបន្តវេនដ៏រឹងមាំមួយសម្រាប់ជាតិ ហើយក៏មិនបណ្តោយឲ្យខ្មាំងសត្រូវណាអាចរំលោភបំពានទឹកដីរបស់ជាតិបានសូម្បីមួយមីលីម៉ែត្រនោះឡើយ ។
រូបគេ បង្ហាញទឹកចិត្តរំភើប តាំងពីប្រមុខរាជរដ្ឋាភិបាល ប្រកាសបើកឱកាសឲ្យយុវជនបន្តវេន អាចមានឱកាសរួមចំណែកជាមួយវិស័យការពារជាតិ ហើយឈានមកដល់ដំណាក់កាលនេះ អារម្មណ៍គេកាន់តែរំភើបខ្លាំងជាងពេលដំបូងទៅទៀត ពិសេសពេលដឹងថាខ្លួនបានជាប់ឈ្មោះ ហើយក៏ត្រៀមឈានទៅដំណាក់កាលពិនិត្យកាយសម្បទា និងសុខភាព នៅពេលដ៏លឿនបំផុតខាងមុខនេះ មុនឈានទៅហ្វឹកហ្វឺន ។
យុវជនរូបនេះ បន្ថែមថា ៖ ការចូលរួមចំណែកជាមួយវិស័យការពារជាតិ គឺជាអ្វីដែលរូបគេប៉ងប្រាថ្នា ស្រលាញ់ និងចង់ធ្វើវាតាំងពីក្មេង ហើយឥលូវនេះបំណងប្រាថ្នានេះ ក៏បានក្លាយជាការពិត ។ បន្ថែមពីនេះទៅទៀត សម្រាប់ឪពុកម្តាយបង្កើតរបស់រូបគេ មានតែលើកទឹកចិត្ត និងជម្រុញ ឲ្យរូបគេចូលបំពេញកាតព្វកិច្ចយោធា ព្រោះការលះបង់សម្រាប់ជាតិទោះក្នុងតម្លៃណាក៏ដោយ គឺជាកិត្តិយសដ៏ឧត្តុងឧត្តម និងមានអត្ថន័យបំផុត សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងបុព្វហេតុប្រទេសជាតិ ។
គួរជម្រាបថា ៖ ក្នុងជំហានដំបូងនេះ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានសម្រេចជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ច ចំនួន៥ពាន់នាក់ នៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០២៦នេះ ដើម្បីចូលបំពេញកាតព្វកិច្ចជាមួយវិស័យការពារប្រទេសជាតិ ។ សម្រាប់ក្របខណ្ឌរាជធានីភ្នំពេញវិញ យុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ច ៣០០នាក់ ត្រូវបានជ្រើសរើសឲ្យជាប់ឈ្មោះបំពេញកាតព្វកិច្ច ។
ច្បាប់កាតព្វកិច្ចកាតព្វកិច្ចយោធា គឺកំហិតសម្រាប់យុវជន ដែលមានអាយុចាប់ពី១៨ ដល់២៥ឆ្នាំត្រូវបំពេញកាតព្វកិច្ចយោធា ។ ដោយឡែកសម្រាប់នារី គឺជាគោលការណ៍ស្ម័គ្រចិត្តប៉ុណ្ណោះ ។ ហើយការជ្រើសរើសយុវជន ដើម្បីបំពេញកាតព្វកិច្ចនេះ គឺនឹងត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ ស្របតាមតម្រូវការជាក់ស្តែងរបស់កងទ័ព ៕ លីហេង
