អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ចាត់ទុកការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន គឺជាកាតព្វ-កិច្ចអាទិភាព និងចាំបាច់ ដើម្បីពង្រីងការយល់ដឹងដល់ប្រជាជនតាមមូលដ្ឋាន និងគ្រប់វិស័យពាក់ព័ន្ធ ដែលជាកតាលីករជួយជំរុញ និង លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

លោក ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលាស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន” នៅស្រុកប្រាសាទសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី២ ខែវិឆ្ឆិកា ឆ្នាំ២០២៦ នេះថា ការ ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយតម្លាភាព និងក្រមសីលធម៌ បានផ្តល់នូវគុណតម្លៃយ៉ាងសំខាន់សម្រាប់អ្នកប្រើប្រាស់។ ទន្ទឹមនេះ ការពង្រីកវិសាលភាពនៃសេវាហិរញ្ញវត្ថុ ការពង្រឹងគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ភាពងាយស្រួល និងរហ័សទាន់ចិត្ត និង កាត់បន្ថយ តម្លៃប្រតិបត្តិការ តាមរយៈថ្នាលឌីជីថល គឺបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា។

លោក សង្កត់ធ្ងន់ថា បើទោះបីមានការខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធយ៉ាងសកម្ម ទាំងរូបភាព ផ្សព្វផ្សាយដល់ទីកន្លែង និងតាមប្រព័ន្ធឌីជីថលបណ្តាញសង្គម ក៏កម្ចីខុសច្បាប់បាននិងកំពុងកើតមាននៅតាមមូលដ្ឋាន ដែលនាំឱ្យ ប្រជាពលរដ្ឋរងការជំពាក់បំណុលដោះខ្លួនមិនរួច នាំឱ្យកើតទៅជាវិបត្តិ និងបង្កផលអវិជ្ជមានដល់មូលដ្ឋាន និងការអភិវឌ្ឍសង្គម ឬមានការចុះផ្សាយនៅតាមបណ្តាញសង្គម ដែលនាំឱ្យយល់ច្រឡំជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់។ ដូច្នេះការបញ្រ្ជាបចំណេះ ដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន គឺជាកាតព្វកិច្ចអាទិភាព និងចាំបាច់ ដែលធនាគារជាតិនៃកម្ពុជា បាននិងកំពុងអនុវត្ត ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដើម្បីបញ្រ្ជាបការយល់ដឹងនេះដល់ប្រជាជនតាមមូលដ្ឋាន និងគ្រប់វិស័យ ពាក់ព័ន្ធ ដែលជាកាត្តាលីករជួយជំរុញ និងលើកកម្ពស់បិរយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។
លោក បន្តថា បញ្ហានេះធនាគារជាតិនៃកម្ពុជា បាននិងកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងការត្រួតពិនិត្យធនាគារ ក្នុងទិស ដៅធានាឱ្យបាននូវការប្រកួតប្រជែងដែលស្មើភាព សុចរិតភាព តម្លាភាព និងគិតគូរដល់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការរីកចម្រើន ប្រព័ន្ធធនាគារប្រកបដោយចីរភាព និងការអភិវឌ្ឍ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាក៏បានអនុវត្តកិច្ចការសំខាន់រួមមាន៖ បន្តពង្រឹង ការអនុវត្តបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌វិជ្ជាជីវៈ បុគ្គលិករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងទីស្នាក់ការកណ្តាល និងសាខា, បន្តសហការជាមួយក្រសួងមហាផ្ទៃ ក្នុងការពង្រឹងប្រព័ន្ធ Smart Hotline Scam, ពង្រឹងយន្តការដោះស្រាយបណ្តឹង, រៀបចំ សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងកិច្ចការពារអតិថិជន ថ្នាក់ខេត្ត ក្រុង-ស្រុក, បន្តផ្សព្វផ្សាយបទប្បញ្ញតិនានា ឬប្រធានបទថ្មីៗ, បន្តផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមបណ្តាញសង្គមផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា, រៀបចំកម្មវិធីបញ្ជ្រាប ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់កម្មករ-កម្មការិនីនៅតាមរោងចក្រ សិស្សានុសិស្ស-និស្សិត នៅតាមគ្រឹះស្ថានឧត្តមសិក្សា និងបន្តសហការ ជាមួយក្រសួង/ស្ថាប័ន ដៃគូអភិវឌ្ឍ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងកិច្ចការពារអតិថិជន៕ អត្ថបទ៖ សុន រ៉ាឌី




