អនុប្រធានទី១ អាជ្ញាធរមីន៖ កម្ពុជាមិនបោះបង់បេសកកម្មបោសសម្អាតគ្រាប់មីន​បន្សល់ពី​សង្គ្រាម​អតីតកាលហើយក៏មិនព្រងើយកន្តើយចំពោះការគំរាមកំហែងថ្មី

2026/11/02 04:09:24 pm        137

(ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦) តាងនាមឱ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍លើវិស័យមីន (TWG-MA) ក្រោមមូលបទ «រួមគ្នាដោះស្រាយបញ្ហាយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ពីអតីតកាល និងការគំរាមកំហែងថ្មីៗ៖ ការអំពាវនាវឱ្យមានសកម្មភាពជាសកល» នៅសណ្ឋាគារ Oakwood Premier Phnom Penh។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ សហគមន៍ផ្តល់ជំនួយ ប្រតិបត្តិករសកម្មភាពមីន និងវិស័យឯកជន បន្តរួមគ្នាដោះស្រាយបញ្ហាយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ពីសង្គ្រាមអតីតកាល និងការគំរាមកំហែងថ្មីៗ ដោយមិនទុកបញ្ហាណាមួយចោលឡើយ។

ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង៣០ឆ្នាំ កម្ពុជាសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានរំដោះផ្ទៃដីជាង ៣.៦០០ គីឡូម៉ែត្រក្រឡា ពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះ ផ្ទៃដីប្រមាណ ៧៥% ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម។

ទោះជាយ៉ាងណា ជម្លោះប្រដាប់អាវុធកម្ពុជា-ថៃក្នុងឆ្នាំ២០២៥ បានបង្កការគំរាមកំហែងថ្មីដោយគ្រាប់បែកចង្កោមនៅក្នុងខេត្តចំនួន៧។ តាមលទ្ធផលអង្កេតបឋម ផ្ទៃដីរងផលប៉ះពាល់ថ្មីនេះមានទំហំធំជាងផ្ទៃដីចាស់ទាំងអស់ដែលនៅសេសសល់ពីសង្គ្រាមជាង៣០ឆ្នាំមកនេះ។ កម្ពុជាកំពុងប្រឈមនឹងបន្ទុកពីរលើដែនដីតែមួយ គឺយុទ្ធភណ្ឌគ្រឿងផ្ទុះចាស់ដែលមិនទាន់បានបោសសម្អាត និងផលប៉ះពាល់ថ្មីពីជម្លោះប្រដាប់អាវុធ។ ដូច្នេះ ការគាំទ្រត្រូវបន្តផ្តោតលើបញ្ហាទាំងពីរក្នុងពេលតែមួយ។

ឯកឧត្តមបានថ្លែងអំណរគុណចំពោះប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ សហគមន៍ផ្តល់ជំនួយ ប្រតិបត្តិករ និងវិស័យឯកជន ដែលបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសការឆ្លើយតបទាន់ពេលវេលាចំពោះការគំរាមកំហែងថ្មីៗដែលបង្កឡើងដោយជម្លោះកម្ពុជា-ថៃក្នុងឆ្នាំ២០២៥។

ជាមួយគ្នានេះ ឯកឧត្តមបានដាក់ចេញនូវសំណើអាទិភាពចំនួន៣ ដល់ដៃគូពាក់ព័ន្ធ រួមមាន៖ ១. ពង្រឹងការអង្កេត និងវាយតម្លៃផលប៉ះពាល់ថ្មី ដើម្បីកំណត់ទំហំ និងទីតាំងរងផលប៉ះពាល់ឱ្យបានច្បាស់ ព្រមទាំងបង្កើនការអប់រំកាត់បន្ថយហានិភ័យនៅតាមបណ្តាខេត្តជាប់ព្រំដែន។ ២. បន្តគាំទ្រការបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមអតីតកាល ដែលនៅសេសសល់ប្រមាណ ១.៦៨៩ គីឡូម៉ែត្រក្រឡា។ ៣. ពង្រីកប្រភពធនធាន និងការចូលរួមពីវិស័យឯកជនក្នុងស្រុក ដើម្បីពង្រឹងភាពជាម្ចាស់ និងនិរន្តរភាពនៃសកម្មភាពមីន ព្រោះដីដែលបានរំដោះ គឺជាដីមានសុវត្ថិភាពសម្រាប់កសិកម្ម សំណង់ និងការវិនិយោគ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការអន្តរវិស័យ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ពីការប្តេជ្ញាចិត្តពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមីន តាមរយៈការប្រែក្លាយអនុស្សរណៈនៃការយោគយល់ដែលបានចុះហត្ថលេខារួច ទៅជាសកម្មភាពជាក់ស្តែង ដោយរៀបចំសិក្ខាសាលាបច្ចេកទេសរួម ដើម្បីកំណត់អាទិភាព និងផែនការសហការ។ កិច្ចសហការនេះក៏នឹងផ្តោតលើការកំណត់អត្តសញ្ញាណ និងអាទិភាពតំបន់ការពារធម្មជាតិដែលរងផលប៉ះពាល់ពីយុទ្ធភណ្ឌគ្រឿងផ្ទុះ ជាពិសេសតំបន់ដែលបង្កហានិភ័យដល់មន្ត្រីអភិរក្ស សហគមន៍មូលដ្ឋាន និងការងារការពារបរិស្ថាន។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យប្រតិបត្តិករសកម្មភាពមីនទាំងអស់បញ្ចូលវិធានការការពារបរិស្ថានក្នុងដំណើរការស្រាវជ្រាវ និងបោសសម្អាត ស្របតាមស្តង់ដារជាតិ និងបទប្បញ្ញត្តិបរិស្ថានជាធរមាន ដើម្បីធានាថា សកម្មភាពមីនមិនត្រឹមតែការពារអាយុជីវិតប្រជាពលរដ្ឋទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិរក្សធនធានធម្មជាតិ និងការគ្រប់គ្រងដីធ្លីប្រកបដោយចីរភាព។

ចំណែកឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងពីបញ្ហាប្រឈមទាំងចាស់ និងថ្មី ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងសមត្ថភាពបច្ចេកទេស ការអង្កេតវាយតម្លៃ និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ដើម្បីកំណត់តំបន់រងផលប៉ះពាល់ ធានាសុវត្ថិភាពប្រជាពលរដ្ឋ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។

ក្នុងកិច្ចប្រជុំ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ សហគមន៍ផ្តល់ជំនួយ និងវិស័យឯកជន បានសម្តែងការកោតសរសើរចំពោះសមិទ្ធផលរបស់កម្ពុជា និងអបអរសាទរចំពោះការដាក់ចេញនូវគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥។ ដៃគូទាំងអស់បានបញ្ជាក់ពីការបន្តគាំទ្រ និងជំរុញឱ្យការគាំទ្រនោះប្រែក្លាយទៅជាគោលដៅ និងផែនការអនុវត្តជាក់ស្តែងប្រចាំឆ្នាំ។ រីឯតំណាងក្រសួង-ស្ថាប័នជាតិ បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការ និងការយកចិត្តទុកដាក់ដោះស្រាយការគំរាមកំហែងថ្មីៗ។

ជាមួយគ្នានេះ កិច្ចប្រជុំបានបង្ហាញផែនការអនុវត្តរយៈពេលបីឆ្នាំ ២០២៦-២០២៨ នៃគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ដែលកំណត់សកម្មភាព កាលវិភាគ និងសូចនាករច្បាស់លាស់ ដើម្បីពង្រឹងប្រសិទ្ធភាព និងការទទួលខុសត្រូវក្នុងការអនុវត្តគោលនយោបាយ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត លី ធុជ បានសង្កត់ធ្ងន់ថា កម្ពុជាបានចំណាយពេលជាង៣០ឆ្នាំ ដើម្បីបង្ហាញថា ប្រទេសមួយអាចងើបឡើងវិញពីសោកនាដកម្មនៃសង្គ្រាមបាន ហើយកម្ពុជាប្តេជ្ញាបន្តបញ្ចប់បេសកកម្មទាំងពីរ គឺដោះស្រាយបញ្ហាយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ពីអតីតកាល និងឆ្លើយតបចំពោះការគំរាមកំហែងថ្មីៗ ដើម្បីធានាឱ្យប្រជាពលរដ្ឋមានដីសុវត្ថិភាព និងអនាគតប្រកបដោយសេចក្តីសង្ឃឹម។ ឯកឧត្តមបានបញ្ជាក់ថា៖ «យើងនឹងបញ្ចប់បេសកកម្មទាំងពីរ ព្រោះប្រជាពលរដ្ឋរបស់យើងស័ក្តិសមនឹងទទួលបានដីដែលមានសុវត្ថិភាព ហើយយើងនឹងអាចសម្រេចបានលឿនជាងមុន និងកាត់បន្ថយការបាត់បង់ជីវិត ប្រសិនបើយើងរួមគ្នាធ្វើវា»៕

អត្ថបទដែលទាក់ទង

ប្រមុខការពារជាតិ អញ្ជើញចុះពិនិត្យទីតាំងរៀបចំ ពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច និងស្ថានភាពទូទៅនៅតំបន់ចុងឃ្នាស់ និងតំបន់កំពង់ភ្លុក
2026/11/02 04:28:37 pm        1
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីចម្រើនព្រះបរិត្ត បុណ្យកឋិនទានមហាសាមគ្គី នៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
2026/11/02 04:28:07 pm        1
កម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០
2026/11/02 04:22:30 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមអ្នកគាំទ្ររបបរាជានិយមថៃ វាយ​មេដឹកនាំ​ពលករអន្តោរប្រវេសន៍មីយ៉ាន់ម៉ា​​ នៅមុខការិយាល័យ UN ក្នុងក្រុងបាងកក

2026/11/02 05:29:37 pm
​ប្រភព៖ ជប៉ុនពិចារណាផែនការចំណាយលើវិស័យការពារជាតិ ៥០០ពាន់លានដុល្លារ នៅ ៥ឆ្នាំបន្ទាប់​
2026/11/02 05:27:58 pm
​មានការផ្លាស់ប្តូរសារជាមួយសហរដ្ឋអាមេរិក ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់មន្ត្រីអ៊ីរ៉ង់នៅទីក្រុងដូហា
2026/11/02 05:20:51 pm
​មន្ត្រី៖ មនុស្ស ៩នាក់ ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះឯកជន Learjet នៅភាគខាងត្បូងរដ្ឋ Florida
2026/11/02 05:05:36 pm
​កូរ៉េខាងជើង៖ សមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញពីភាពចាំបាច់ក្នុងការពង្រឹងការទប់ស្កាត់
2026/11/02 04:59:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/01 11:58:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/02 10:14:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/02 12:39:50 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm