ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ សិស្សានុសិស្សចំនួនជាង ៨០០នាក់ ត្រូវបានបំពាក់បំប៉នចំណេះដឹងដើម្បីក្លាយជា «ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» ខណៈយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» (Say No to Fake News) ជំហានទី២ បានឈានចូលដល់ខេត្តក្នុងភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា។

ពិធីបើកយុទ្ធនាការជំហានទី២ នេះ បានប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន និង ឯកឧត្តម ប៉ាង ណាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តក្រចេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត តំណាងអាជ្ញាធរដែនដី លោកនាយកនិងលោកគ្រូ អ្នកគ្រូទាំងអស់នៃវិទ្យាល័យ។
យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹង បង្កើនអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដល់សិស្សានុសិស្ស និងយុវជន អំពីរបៀបការពារខ្លួនពីហានិភ័យ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិតនៅក្នុងសង្គមឌីជីថល ដោយមានការសម្របសម្រួលអនុវត្តផ្ទាល់ពីមន្ទីរព័ត៌មានខេត្តក្រចេះ ព្រមទាំងទទួលបានការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធពីអាជ្ញាធររដ្ឋបាលខេត្ត និងក្រុងក្រចេះ។
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារចំពោះកិច្ចរៀបចំយុទ្ធនាការ បានគូសបញ្ជាក់ថា៖ «ការបំពាក់បំប៉នសមត្ថភាពដល់សិស្សានុសិស្សនាឱកាសនេះ គឺជាជំហានយុទ្ធសាស្ត្រសំខាន់ក្នុងការបំប្លែងអ្នកប្រើប្រាស់បណ្តាញសង្គមពីជនរងគ្រោះ នៃព័ត៌មានក្លែងក្លាយ និងការផ្សាយបែបបំពុល ឱ្យក្លាយទៅជាភ្នាក់ងារសុវត្ថិភាពសកម្ម ដែលមានភាពម្ចាស់ការលើការផ្ទៀងផ្ទាត់ព័ត៌មាន និងរួមចំណែកការពារបរិស្ថានឌីជីថលប្រកបដោយការទទួលខុសត្រូវ» ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្តថា យុទ្ធនាការនានេះ មិនត្រឹមផ្ដល់ចំណេះដឹងជាមូលដ្ឋានអំពីការសង្កេត កំណត់អត្តសញ្ញាណព័ត៌មានក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែមានគោលដៅយុទ្ធសាស្ត្រក្នុងការ ផ្លាស់ប្តូរឥរិយាបទនៃការប្រើប្រាស់បណ្តាញសង្គមដោយការទទួលខុសត្រូវ ដើម្បីលើកកម្ពស់សុវត្ថិភាពព័ត៌មានក្នុងសង្គម។ ឯកឧត្តមបានពន្យល់ពីសារៈសំខាន់នៃយុទ្ធនាការនេះថា តាមរយៈការអប់រំ និងការបំពាក់បំប៉នស្មារតីប្រុងប្រយ័ត្ន យុទ្ធនាការនេះធានាថា អ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់រូប ជាពិសេសសិស្សានុសិស្ស និងយុវវ័យ មិនងាយធ្លាក់ចូលអន្ទាក់នៃព័ត៌មានបំពុល ព័ត៌មានបំភ្លៃ និងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ។
ឯកឧត្តម ទេព អស្នារិទ្ធ៖ «ចំណុចស្នូល និងជាបេះដូងនៃយុទ្ធនាការជាតិដែលដឹកនាំដោយក្រសួងព័ត៌មាន នេះគឺការពង្រឹងសមត្ថភាពអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយក្នុងចំណោមយុវជនទូទាំងប្រទេស ពោលគឺជំនួសឱ្យការធ្លាក់ជាជនរងគ្រោះ យុវជនមានសមត្ថភាពចេះត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងវិភាគប្រភពព័ត៌មាន ដោយមិនប្រញាប់ជឿ ឬប្រញាប់ចែករំលែក (Share) ព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ឡើយ។ ជាងនេះ យុវជនយើងក្លាយជាភ្នាក់ងារសុវត្ថិភាពសកម្ម ក្នុងការជួយអប់រំ បន្តចែករំលែកចំណេះដឹងដល់មិត្តភក្តិ គ្រួសារ និងមនុស្សជុំវិញខ្លួន ព្រមទាំងចូលរួមរាយការណ៍ (Report) រាល់ខ្លឹមសារមិនសមរម្យ គណនីក្លែងក្លាយ ឬល្បិចឆបោកផ្សេងៗ ដើម្បីការពារបរិស្ថានឌីជីថលជុំវិញខ្លួន និងការទទួលព័ត៌មានសាធារណៈប្រកបដោយសុវត្ថិភាព» ។
ការរួមគ្នាកសាងបរិស្ថានព័ត៌មានប្រកបដោយសុវត្ថិភាព គុណតម្លៃ និងភាពវិជ្ជមាន គឺជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងយុគសម័យបច្ចេកវិទ្យា៕









