មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈជំនួយបច្ចេកទេសលើការងារសំខាន់ៗ ការ កៀរគរចំណូល យុទ្ធសាស្ត្របែងចែក និងគ្រប់គ្រងចំណាយរយៈពេលមធ្យមជាដើម ដើម្បីរួមចំណែកក្នុងការពង្រឹងសមត្ថភាព ធនធាន មនុស្សលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែរឹងមាំ និងជឿទុកចិត្តបាន។
លោក Kenichiro Kashiwase ប្រធានបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅក្នុងកិច្ចពិភាក្សាការងារ រវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ លោកបានលើកឡើងអំពីស្ថានភាពសេដ្ឋកិច្ចសកលបន្ដមានភាពធន់ ក្នុងស្ថានភាពមិនប្រាកដប្រជា និងការកើនឡើងអតិផរណាជាសកល ព្រមទាំងកត់សម្គាល់ថាកំណើនសេដ្ឋកិច្ចកម្ពុជានៅរក្សាបានភាពធន់ គាំទ្រដោយវិស័យនាំចេញ ។
លោក Kenichiro បានលើកឡើងអំពីសារៈសំខាន់នៃសុចរិតភាពនៃវិស័យហិរញ្ញវត្ថុ និងការប្តេជ្ញារបស់មូលនិធិរូបិយវត្ថុ អន្តរជាតិ ក្នុងការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈជំនួយបច្ចេកទេសលើការងារសំខាន់ៗ ឆ្លើយតបនឹងតម្រូវការជាក់ស្តែង រួមមាន៖ ការកៀរគរចំណូល, យុទ្ធសាស្ត្របែងចែក និងគ្រប់គ្រងចំណាយរយៈពេលមធ្យម (MTEAMS) និងការគ្រប់គ្រងទ្រព្យ និម្មិត (Virtual asset management) និងការងារសំខាន់ៗផ្សេងទៀត ដែលនឹងរួមចំណែកក្នុងការពង្រឹងសមត្ថភាព ធនធានមនុស្ស លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែរឹងមាំ និងជឿទុកចិត្តបាន។
ក្នុងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងអំពីការវាយ តម្លៃឡើងវិញ នូវសេដ្ឋកិច្ចកម្ពុជាដោយប៉ាន់ស្មានថា នឹងសម្រេចបានកំណើនក្នុងអត្រាប្រមាណ ៤,០% ក្នុងឆ្នាំ២០២៦ និង ៤,៨% ក្នុងឆ្នាំ២០២៧, ដែលជាកំណើនមួយទាបជាងការវាយតម្លៃពីដើមឆ្នាំ។ កំណើនទាបជាងការវាយតម្លៃកន្លងទៅនេះ គឺដោយសារការ ទទួលរងនូវផលប៉ះពាល់ក្នុងទំហំធំជាងការរំពឹងទុកលើបញ្ហាផ្ទួនៗគ្នា ពោលគឺសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងការកើនឡើងថ្លៃប្រេង ឥន្ធនៈ, ការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបន្តបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ, ដែលបានទាញទម្លាក់កំណើន វិស័យសំខាន់ៗមួយចំនួនពិសេសវិស័យកសិកម្ម សំណង់-អចលនទ្រព្យ និងទេសចរណ៍ និងសេវាកម្មគាំទ្រផ្សេងទៀត ។ ទន្ទឹមគ្នានេះ, វិស័យកសិកម្ម ក៏ទទួលរងផលប៉ះពាល់ថែមមួយកម្រិតទៀតពីឥទ្ធិពល El Niño ពិសេសលើផ្ទៃដីបង្កបង្កើនផល ដែលនឹងជះឥទ្ធិពល ជាអវិជ្ជមានមកលើសមត្ថភាពផលិតកម្ម ។ ទោះបីជាយ៉ាងណា, វិស័យបម្រើការនាំចេញ តួយ៉ាងវិស័យកាត់ដេរ និងកម្មន្តសាលមិន មែនកាត់ដេរ រំពឹងថានឹងនៅបន្តរក្សាបានកំណើនល្អ ដែលបន្តគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៧ ជារួម។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើកឡើងបន្ថែមថា កម្ពុជាបាននិងកំពុងបន្សាំខ្លួនជាមួយនឹងភាពមិនប្រាកដប្រជា និងការណ៍ ដែលកម្ពុជាទទួលរងនូវផលប៉ះពាល់ ដែលបន្តសាយភាយពីពហុវិបត្តិផ្ទួនៗ ។ ក្នុងបរិការណ៍នេះ, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវវិធានការអន្តរាគមន៍ចំពោះមុខជាបន្តបន្ទាប់ ដើម្បីធានាបាននូវលំនឹងជីវភាពរបស់ប្រជាជន និងជនងាយរងគ្រោះ ដែលមានជាអាទិ៍ យន្តការអនុគ្រោះពន្ធលើមុខទំនិញនាំចូលមួយចំនួនដូចជា ប្រេងសាំង ម៉ាស៊ូត និងឧបករណ៍អគ្គិសនីមួយចំនួន សំដៅចូលរួមកាត់ បន្ថយសម្ពាធនៃការកើនឡើងថ្លៃ និងជំរុញការកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ពីការផ្លាស់ប្ដូរជំហរគោលនយោបាយហិរញ្ញវត្ថុសារធារណៈកម្ពុជា ទៅប្រកាន់យក“ជំហរគោលនយោបាយហិរញ្ញវត្ថុសាធារណៈ គាំពារកំណើនចំគោលដៅ ក្នុងគោលដៅបន្តរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងទ្រទ្រង់កំណើនក្នុងរយៈពេលមធ្យម”៕អត្ថបទ៖ សុន រ៉ាឌី





