អ៊ុយក្រែន៖ ជីវិតកំពុងវិលមករកប្រក្រតីភាពវិញបន្តិចម្ដងៗក្នុងទីក្រុង Kharkiv ជាទីក្រុងធំទីពីររបស់ប្រទេសអ៊ុយក្រែន បន្ទាប់ពីរងសម្ពាធនៃសង្គ្រាមជាច្រើនខែ។ កងកម្លាំងរុស្ស៊ីបានរុលទៅកាន់ទីក្រុង Kharkiv ពីព្រំដែនក្បែរនោះទៅភាគខាងជើង ក្នុងថ្ងៃដំបូងនៃការវាយលុកក្នុងការប៉ុនប៉ងដើម្បីឡោមព័ទ្ធ និងដណ្តើមយកទីក្រុងនេះ។
ប៉ុន្តែការវាយលុកប្រឆាំងរបស់អ៊ុយក្រែនដែលទទួលបានជោគជ័យ កាលពីដើមខែឧសភាបានបញ្ចប់ការបាញ់ផ្លោង ហើយបានរុញច្រានទាហានរុស្ស៊ីឲ្យដកថយ។ បច្ចុប្បន្ននេះ ខណៈសង្គ្រាមខិតជិតដល់ខួបបីខែរបស់ខ្លួន ទីក្រុងនេះលែងជាគោលដៅដោយការបាញ់ផ្លោងឥតឈប់ឈរទៀតហើយ។ នេះមានន័យថា ជីវិតនៅទីក្រុង Kharkiv ទីបំផុតអាចត្រឡប់មករកប្រក្រតីភាពវិញបាន ហើយគ្មានកន្លែងណាលើសពីទីផ្សារដ៏ពេញនិយមមួយក្នុងទីក្រុងនោះទេ។ ទីផ្សារនេះសំបូរទៅដោយវត្ថុបុរាណ និងវត្ថុអនុស្សាវរីយ៍ពីអតីតកាល នៅពេលដែលអ៊ុយក្រែនជាផ្នែកមួយនៃសហភាពសូវៀត។
ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍នៃការបាញ់ផ្លោងខ្លាំង អ្នកលក់មួយចំនួនតូចប៉ុណ្ណោះដែលហ៊ានចេញមកដាក់ទំនិញលក់ ហើយមានតែអ្នកដើរទិញឥវ៉ាន់ពីរបីនាក់ប៉ុណ្ណោះដែលបានមកផ្សារនេះ។ ប៉ុន្តែពេលនេះអាជីវកម្មកំពុងចាប់ផ្តើមកើនឡើងវិញ ខណៈដែលមនុស្សកាន់តែច្រើនមានអារម្មណ៍ថា វាមានសុវត្ថិភាពគ្រប់គ្រាន់ក្នុងការចេញប្រកបមុខរបរ។ អ្នកលក់នៅទីផ្សារបាននិយាយថា បន្តិចម្ដងៗទីក្រុងនេះកំពុងដំណើរការឡើងវិញ ហើយអ្វីៗក៏ត្រលប់មកធម្មតាវិញ៕
អត្ថបទ៖ ប៊ុនថន