ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របានឲ្យដឹងថា កងទ័ពជើងទឹកជ្រើសរើសពលនាវិកថ្មីចំនួន៥០០នាក់ ឲ្យបំពេញក្របខណ្ឌឲ្យកងទ័ពជើងទឹក ស្របទៅតាមផែនការរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គ បញ្ជាការ ហើយខណៈការជ្រើសរើសនេះក៏ដើម្បីបង្កើនសមត្ថភាពបន្ថែមទៀតសម្រាប់កងទ័ពជើងទឹកផងដែរ។

ថ្លែងនៅក្នុងឱកាសអញ្ជើញបើកវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលពលនាវិកថ្មី កងទ័ពជើងទឹកឆ្នាំ២០២៦ សម្ពោធដាក់ឲ្យប្រើប្រាស់ អគារស្នាក់នៅសម្រាប់សិក្ខាកាមមួយខ្នង និងបញ្ចុះបឋមសិលា អគារស្នាក់នៅសិក្ខាកាមមួយខ្នង នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរនោះ ឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់ថា ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹក និងអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពទៅតាមផែនការរបស់ប្រមុខ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការនោះហើយបន្ទាប់ពីជ្រើសរើសនាវិកថ្មីទាំងនេះក៏បានធ្វើការបណ្តុះបណ្តាលឲ្យមានសមត្ថភាព មានលក្ខណៈសម្បត្តិគ្រប់គ្រាន់មានជំនាញច្បាស់លាស់ និងយល់ដឹងនូវជំនាញមូលដ្ឋានយោធា ដើម្បីក្លាយខ្លួនជាយោធិនអាជីព នៃកងយោធពលខេមរភូមិន្ទ ជាពិសេសនាវិកភាព ដែលមានសមត្ថភាពពេញលេញរបស់កងទ័ពជើងទឹក។
ក្នុងឱកាសបើកវគ្គហ្វឹកហ្វឺននោះដែរ ឧត្តមនាវីឯក ទៀ សុខា ក៏បានក្រើនរំលឹកទៅនាវិកថ្មីទាំងនោះផងដែរថា ត្រូវចេះស្រលាញ់រាប់អានគ្នា ចេះជួយមិត្តរួមជំនាន់ ត្រូវតស៊ូអំណត់គ្រប់កាលៈទេសៈពេលកំពុង ហ្វឹកហ្វឺន ត្រូវមានសាមគ្គីភាពល្អ និងត្រូវគោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់លក្ខន្តិកៈ បទវិន័យទូទៅ និងសណ្តាប់ធ្នាប់របស់កងយោធពលខេមភូមិន្ទ ដោយខិតខំយកចិត្តទុកដាក់រៀនសូត្រ ហ្វឹកហ្វឺនទាំងនៅក្នុងថ្នាក់ និងនៅទីលាន ដើម្បីលត់ដំខ្លួនឲ្យក្លាយជាយោធិនឆ្នើម និងជាអ្នកបន្តវេន ជាពិសេសបំផុតនោះគឺ ត្រូវមានឆន្ទៈស្មោះត្រង់ចំពោះជាតិមាតុភូមិ លើកកម្ពស់មនសិការស្នេហាជាតិ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ដោយត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារបូរណភាពទឹកដី និងសន្តិភាពឲ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ។
ជាមួយគ្នានោះដែរ ឧត្តមនាវីឯក ទៀ សុខា ក៏បានលើកឡើងផងដែរថា កងទ័ពជើងទឹកក៏បានប្តេជ្ញាចិត្ត អនុវត្តយ៉ាងម៉ឺងម៉ាត់ ទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជា ការក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងអង់អាចក្លាហាន និងហ៊ានពលីកម្មគ្រប់បែបយ៉ាង ក្នុងការ ការពារអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ការពារឲ្យបានរឹងមាំ នូវ ដែនទឹក កោះ ឆ្នេរ និងរាល់បណ្តាភូមិសាស្រ្តពាក់ព័ន្ធដទៃទៀត ដែលថ្នាក់លើបានកំណត់ ក្នុងស្មារតីទទួល សុខស្រូវខ្ពស់បំផុតផងដែរ៕ អត្ថបទ បាន ចក់















