ក្រុមបិសាចក្រហម Manchester United បានបង្កើតការវាយបកយ៉ាងអស្ចារ្យ ដោយយកឈ្នះ AS Roma ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន Old Trafford បន្ទាប់ពីត្រូវគូប្រកួតនាំមុខដល់ទៅពីរគ្រាប់។
ខ្សែប្រយុទ្ធ Matheus Cunha បានស៊ុតបញ្ចូលទីពីរគ្រាប់យ៉ាងលឿនក្រោយចាប់ផ្ដើមវគ្គទី២ ជួយឱ្យ Man Utd ត្រឡប់មកយកឈ្នះ Roma វិញ បន្ទាប់ពីអ្នកគាំទ្រម្ចាស់ផ្ទះបានធ្វើការតវ៉ាមុនការប្រកួត។
Roma បានចាប់ផ្ដើមការប្រកួតយ៉ាងល្អ ដោយ Matias Soule រកគ្រាប់បាល់បើកឆាកនៅនាទីទី១១ មុនពេល Donyell Malen បន្ថែមគ្រាប់ទី២ ពីការស៊ុតបាល់ពិន័យ ១១ម៉ែត្រ នៅនាទីទី១៨។
ការរបូតគ្រាប់បាល់ពីរគ្រាប់តាំងពីដើមការប្រកួត បានធ្វើឱ្យអ្នកគាំទ្រ Man Utd កាន់តែមិនពេញចិត្ត ខណៈពួកគេបានបញ្ចេញប៉េងប៉ោងពណ៌បៃតង និងមាសរាប់រយគ្រាប់ នៅពេលកីឡាករទាំងពីរក្រុមចូលទីលាន ដើម្បីជានិមិត្តរូបនៃពណ៌ដើមរបស់ក្លិប មុនពេលបោះបាល់តិន្នីសពណ៌លឿងរាប់សិបគ្រាប់ចូលទីលានក្នុងវគ្គទី១។
យ៉ាងណាមិញ Man Utd បានចាប់ផ្ដើមការវាយបកនៅនាទីទី៥៨ នៅពេលប្រធានក្រុម Bruno Fernandes ស៊ុតបាល់ពិន័យ ១១ម៉ែត្រឡើងវិញបានសម្រេច។
បន្ទាប់មក Cunha បានក្លាយជាតួអង្គសំខាន់ក្នុងការផ្លាស់ប្ដូរលទ្ធផលប្រកួត ដោយរកគ្រាប់បាល់តាមស្មើនៅសល់ ៧នាទីមុនចប់ការប្រកួត ហើយបន្ថែមគ្រាប់ទី២ របស់ខ្លួនត្រឹម ៣នាទីបន្ទាប់ទៀត ជួយឱ្យ Man Utd បញ្ចប់ការវាយបកយ៉ាងអស្ចារ្យ និងបង្កឱ្យអ្នកគាំទ្រនៅ Old Trafford អបអរសាទរយ៉ាងកងរំពង។
ទោះជាយ៉ាងណា រាត្រីដ៏អស្ចារ្យរបស់ Cunha បានបញ្ចប់ដោយភាពចម្រូងចម្រាស។ ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះបានទទួលកាតលឿង បន្ទាប់ពីដោះអាវអបអរគ្រាប់បាល់ជ័យជម្នះ និងលោតចូលតំបន់អ្នកគាំទ្រ មុនពេលត្រូវអាជ្ញាកណ្ដាលបណ្ដេញចេញពីការប្រកួតដោយសារការបង្កកំហុសលើគូប្រកួតនៅម៉ោងបន្ថែម។
សម្រាប់លទ្ធផលផ្សេងទៀតមាន៖ Atletico Madrid ០-២ Bayern Munich, Barcelona ៣-០ Aston Villa, Feyenoord ០-៣ Inter Milan, Villarreal ០-៦ PSG, LASK ៤-០ Slovan Bratislava, Bodo/Glimt ០-០ Lille, Galatasaray ២-០ Stuttgart, Shakhtar Donetsk ០-១ Sporting៕ អត្ថបទ៖នាង សុភាវុធ