កូនកន្ធាយក្បាលកង្កែបចំនួន ៥៨០ក្បាល ត្រូវបានលែងចូលក្នុងទីជម្រកធម្មជាតិតាមដងទន្លេមេគង្គ

2022/05/23 11:01:46 pm        728

ក្រចេះ ៖ អង្គការ WCS សហការជាមួយរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលក្រចេះ នាថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ នេះ បានលែងកូនកន្ធាយក្បាលកង្កែប ឬល្មិច ដែលជាប្រភេទជិតផុតពូជបំផុតចំនួន ៥៨០ក្បាលចូលទៅក្នុងទីជម្រកធម្មជាតិតាមដងទន្លេមេគង្គនៅខេត្តក្រចេះ ដើម្បីចូលរួមអបអរសាទរទិវាអណ្ដើកពិភពលោក។

លោកបណ្ឌិត កែន សេរីរដ្ឋា នាយកអង្គការ wcs បានមានប្រសាសន៍ថា៖ «ដោយមានការគាំទ្រជាបន្តបន្ទាប់ពី ម្ចាស់ជំនួយរបស់យើង និងមានកិច្ចសហប្រតិបត្តិការល្អពីរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការប្ដេជ្ញាចិត្តខ្ពស់របស់បុគ្គលិកនៅទីវាលរបស់យើងនិងក្រុមការពារសំបុកសហគមន៍ អង្គការ wcs សម្រេចបាននូវសមិទ្ធិផលជាច្រើនគួរឲ្យកត់សម្គាល់ក្នុងការអនុវត្តគម្រោងរបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។»

លោកបណ្ឌិត សេរីរដ្ឋា បានបន្ថែមទៀតថា៖ «កំណើននៃសំបុក និងពងកន្ធាយបានជំរុញ និងលើកទឹកចិត្តយើងឱ្យខិតខំប្រឹងប្រែងបន្តទៀត ដើម្បីអភិរក្សកន្ធាយក្បាលកង្កែបដែលកំពុងទទួលរងគ្រោះជិតផុតពូជបំផុតនេះ។ ក៏ប៉ុន្តែ កន្ធាយប្រភេទនេះកំពុងទទួលរងការគំរាមកំហែងដោយសារការប្រមាញ់និងការជួញដូរខុសច្បាប់។ នៅឆ្នាំ២០២១ យ៉ាងហោចណាស់មានកន្ធាយក្បាលកង្កែបចំនួន ៩ក្បាល ត្រូវបានគេជួញដូរតាមប្រព័ន្ធអនឡាញ និង ២ក្បាល បានស្លាប់ដោយសារការនេសាទខុសច្បាប់។»

នៅក្នុងរដូវពងកូនឆ្នាំ ២០២២ នេះ ក្រុមការពារសំបុកសហគមន៍បានរកឃើញសំបុកកន្ធាយក្បាលកង្កែប ចំនួន ៦៣សំបុក ស្មើនឹង ២.១៥៥ពង។ គិតត្រឹមពីដើមខែមីនា ដល់ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២២ មានកូនកន្ធាយក្បាលកង្កែបសរុបចំនួន ៩៨២កូន បានញាស់ចេញពីសំបុកចំនួន ៤០ សំបុក ហើយក្រុមការងារបានលែងកូនកន្ធាយចំនួន ៤០២ក្បាលចូលក្នុងទីជម្រកធម្មជាតិវិញ និងនៅសល់ ៥៨០ក្បាលទៀត ត្រូវលែងនៅថ្ងៃនេះ។  

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល បានមានប្រសាសន៍ថា៖ “យើងអបអរសាទរយ៉ាងក្រៃលែងចំពោះការចូលរួមពីអាជ្ញាធរមូលដ្ឋាន សហគមន៍ បងប្អូនប្រជាពលរដ្ឋ និងជា ពិសេស អង្គការ WCS ដែលបាននឹងកំពុងស្តារប្រភេទដែលកំពុងរងគ្រោះថ្នាក់នេះឲ្យមានវត្តមានក្នុងដែនទឹក ធម្មជាតិនេះឡើងវិញ។” លោកក៏បានស្នើឲ្យភាគីពាក់ព័ន្ធបន្តកិច្ចការស្តារប្រភេទកន្ធាយនេះ ព្រមទាំងក្រើន រំលឹកដល់ជនមួយចំនួន ដែលនៅតែបន្តជួញដូរប្រភេទសត្វនេះ នឹងត្រូវទទួលទោសចំពោះមុខច្បាប់។

លោក ក្លេមឹន បេគ័រ (Clemens Beckers) តំណាងប្រតិភូសហភាពអឺរ៉ុប បានថ្លែងថា៖ «ប្រទេសកម្ពុជាមានទីជម្រកនិងសត្វព្រៃដ៏សម្បូរបែបជាច្រើនប្រភេទ។ កន្ធាយក្បាលកង្កែបគឺជាប្រភេទដ៏កម្រមួយដែលត្រូវការការពារជាបន្ទាន់។ សហគមន៍មូលដ្ឋាន អាជ្ញាធរមូលដ្ឋាន រដ្ឋបាលជលផល និងអង្គការ wcs ត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីការពារនិងស្ដារប្រភេទដ៏កម្រនេះឡើងវិញ។ យើងទាំងអស់គ្នាមានគោលដៅរួមតែមួយក្នុងការជួយសង្គ្រោះប្រភេទនេះកុំឲ្យផុតពូជ ហើយសហភាពអឺរ៉ុបនៅតែប្ដេជ្ញាចិត្តធ្វើការជាមួយដៃគូទាំងអស់ដើម្បីសម្រេចគោលដៅរួមនេះ។»

កន្ធាយក្បាលកង្កែបគឺជាប្រភេទមួយក្នុងចំណោមប្រភេទកម្រៗជាច្រើនទៀតនៅតាមដងទន្លេមេគង្គ ព្រោះ កន្ធាយក្បាលកង្កែបរស់នៅក្នុងអន្លង់ជ្រៅៗជាមួយត្រីដូលហ្វីន និងត្រីបបែលយក្សជាដើម។ ការលែងកន្ធាយក្បាលកង្កែបដែលជាប្រភេទដ៏សំខាន់ចូលក្នុងជម្រកធម្មជាតិ គឺជាការរួមចំណែកយ៉ាងសំខាន់ដល់ការស្តារប្រភេទនេះឡើងវិញកុំឱ្យផុតពូជនាពេលអនាគត។ 

គួរជម្រាបថា គម្រោងអភិរក្សកន្ធាយក្បាលកង្កែបរបស់អង្គការ WCS ទទួលបានការគាំទ្រមូលនិធិពី សហភាពអឺរ៉ុបតាមរយៈគម្រោងដៃគូប្រឆាំងការជួញដូរសត្វព្រៃ Margaret A. Cargill Philanthropies និងអង្គការ Turtle Survival Alliance ៕ អត្ថបទ៖ ចេន សុជាតា​


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm