សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ឯកសារ និងផែនទីចងក្រង និងរក្សាទុកដោយបារាំងជាអាវក្រោះការពារទឹកដីកម្ពុជាដោយស្របច្បាប់គ្រាកម្ពុជាមានជម្លោះអំពីបញ្ហាទឹកដី។
នៅក្នុងឱកាសអញ្ជើញបើកពិព័រណ៍ខួប១០០ឆ្នាំ បណ្ណសារដ្ឋានជាតិ នៃកម្ពុជា (១៩២៦-២០២៦) នាថ្ងៃទី៤ ខែវិច្ឆិកា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងមានបញ្ហាប្រឈមដោយមានជម្លោះព្រំដែនជាមួយប្រទេសជិតខាងនោះ បណ្ណសារ និងផែនទីដែលបានកងក្រង និងរក្សាទុកដោយបារាំង គឺជាអាវក្រោះការពារខាងផ្លូវច្បាប់ និងជាភស្តុតាងប្រវត្តិសាស្រ្តដ៏មានតម្លៃបំផុតក្នុងការអះអាង និងការពារបូរណភាពទឹកដី អធិបតេយ្យ និងខ្សែបន្ទាត់ព្រំដែនស្របច្បាប់របស់កម្ពុជា។
សម្ដេចធិបតី បានបញ្ជាក់ថា ការរៀបចំពិព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណាសារដ្ឋានជាតិ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងយូរលង់របស់កម្ពុជា និងបារាំង។ តាមស្មារតីស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ យើងមិនអាចមើលរំលងនូវតួនាទីដែលមិនអាចខ្វះបានរបស់ប្រទេសបារាំងទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។
ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងមានបញ្ហាជម្លោះជាមួយប្រទេសជិតខាង គឺឯកសារបណ្ណសារប្រវត្តិសាស្ត្រពីសន្ធិសញ្ញាផ្លូវការ និងផែនទីដែលបានចងក្រង និងរក្សាទុកដោយភាគីបារាំងនេះហើយ ដែលជាអាវក្រោះការពារតាមផ្លូវច្បាប់ និងភស្តុតាងប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុត ក្នុងការអះអាង និងការការពារទឹកដី អធិបតេយ្យ និងខ្សែព្រំដែនស្របច្បាប់របស់កម្ពុជា។
កិច្ចសហប្រតិបត្តិការជាមួយបារាំង ក្នុងការធ្វើមាតុភូមិនិវត្ត និងការស្គែនធ្វើឌីជីលូបនីយកម្មនូវបណ្ណសារមិនត្រឹមជាការតភ្ជាប់ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ តែជាស្ពានការពារអធិបតេយ្យភាពពិតប្រាកដ។
សម្ដេចធិបតី បានបន្ថែមថា ការរៀបចំពិព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណាសារដ្ឋានជាតិ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងយូរលង់របស់កម្ពុជា និងបារាំង។ ពិព័រណ៍នេះ ក៏ជាការត្រៀមលក្ខណៈដ៏មានសារសំខាន់របស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ជាឱកាសមាសក្នុងការបង្ហាញកិត្យានុភាព វប្បធម៌ឧត្ដុង្គឧត្ដម លើកកម្ពស់ការទូតវប្បធម៌ និងការប្ដេជ្ញាចិត្តការលើកកម្ពស់ពហុភាគីនិយមនៅលើឆាកអន្តរជាតិ៕អត្ថបទ៖ បាន ចក់







