ភ្នំពេញ៖ គិតមកដល់ពេលនេះ ការសាងសង់អគារ វីវីអាយភី VVIP នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលរួមបញ្ចូលអត្តសញ្ញាស្ថាបត្យកម្មខ្មែរ និងស្តង់ដារទំនើប នៃអាកាសចរណ៍ស៊ីវិល សម្រេចបានជាង ៩៩.៩%ហើយ ក្នុងគោលបំណងផ្តល់បរិយាកាសសមរម្យ កក់ក្តៅរាក់ទាក់ សម្រាប់ការទទួលបដិសណ្ឋារកិច្ច ថ្នាក់ដឹកនាំជាន់ខ្ពស់ ខណៈរក្សាការយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព សន្តិសុខ ប្រសិទ្ធភាព ប្រតិបត្តិការ និងភាពងាយស្រួលក្នុងការប្រើប្រាស់។ នេះបើតាមការបញ្ជាក់របស់ ឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសមិន ឯ.ក (CAIC)។
នៅក្រោយចប់ពិធីសែនព្រេនក្រុងពាលីតាមប្រពៃណី នៅអគារស្ថានីយអ្នកដំណើរថ្នាក់ VVIP ថ្មី នៃអាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឧកញ៉ា ឆារស៍ វ៉ាន់ បានមានប្រសាសន៍ឱ្យដឹងថា អគារ VVIP នេះ ចំណុចដែលនៅសេសសល់ គឺត្រូវការតែផ្នែកសម្អាត ការបន្ថែមគ្រឿងសង្ហារឹម និងការកម្អរសួនជាដើម ដើម្បីឱ្យអគារថ្មីនេះ កាន់តែស្រស់ស្អាតថែមទៀត។ លោក បានបន្តថា អគារនេះ បានដាក់បញ្ចូលអត្តសញ្ញាណខ្មែរជាមួយការរចនាទំនើប អាចក្លាយជាចំណុចសម្គាល់ស្ថាបត្យកម្មមួយ និងជួយលើកកម្ពស់រូបភាពនៃការទទួលបដិសណ្ឋារកិច្ចរបស់កម្ពុជា។ ទោះយ៉ាងណា ភាពលេចធ្លោនៃសំណង់ត្រូវដើរទន្ទឹមនឹងភាពអនុលោមតាមតម្រូវការនិយតកម្ម ការគ្រប់គ្រងហានិភ័យ ភាពធន់នឹងអាកាសធាតុ និងការចំណាយប្រតិបត្តិការប្រកបដោយចីរភាព។
ការរៀបចំពិធីសែនព្រេនក្រុងពាលីតាមប្រពៃណី នៅអគារស្ថានីយអ្នកដំណើរថ្នាក់ VVIP ថ្មី នៃអាកាសយានដ្ឋានអន្តរជាតិតេជោនាពេលនេះ ដើម្បីធានាថា អាកាសយានដ្ឋានលំដាប់អន្តរជាតិមួយនេះ បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ខណៈកម្ពុជាធ្វើជា ម្ចាស់ផ្ទះក្នុងការរៀបចំ ដែលនឹងចាប់ផ្តើម ពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ។
សូមបញ្ជាក់ទៀតថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីប្រមាណ ២ ៦០០ហិកតា ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ ដែលត្រូវបានចាត់ថ្នាក់ជាអាកាសយានដ្ឋានលំដាប់ 4F ដែលជាកម្រិតខ្ពស់បំផុតក្នុង វិស័យអាកាសចរណ៍។ អាកាសយានដ្ឋានដ៏ទំនើបនេះមានសមត្ថភាពអាចទទួលចុះចតនូវប្រភេទយន្តហោះខ្នាតយក្សឆ្លងទ្វីប ដូចជា Airbus A380-800 និង Boeing 747-800 ជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី



