ក្លឹបឥណ្ឌូនេស៊ី Persib Bandung បានធានាកៅអីទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ នៃពានរង្វាន់ AFC Champions League Two រដូវកាល ២០២៦-២០២៧ បន្ទាប់ពីវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះ Melbourne Victory ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតទី៤ ប្រចាំពូល E នៅកីឡដ្ឋាន AAMI Park ប្រទេសអូស្ត្រាលី កាលពីរសៀលថ្ងៃពុធ។
ក្នុងការប្រកួតនេះ Persib បានរបូតគ្រាប់បាល់មុននៅនាទីទី៧១ បន្ទាប់ពីខ្សែការពារ Julio Cesar ភ្លាត់ស្នៀតធ្វើឱ្យបាល់ចូលទីខ្លួនឯង។ យ៉ាងណាមិញ ក្រុមរហស្សនាម Maung Bandung បានវាយបកយ៉ាងអស្ចារ្យ ដោយ Luka Menalo តាមស្មើនៅនាទីទី៨៥ មុនពេល Balsa Sekulic ស៊ុតគ្រាប់ជ័យជម្នះនៅនាទីទី៩០។
ជ័យជម្នះនេះបានជួយឱ្យ Persib Bandung បន្តឈរយ៉ាងរឹងមាំនៅកំពូលតារាងពូល E ដោយមាន ១២ ពិន្ទុ ខណៈ Melbourne Victory ឈរនៅចំណាត់ថ្នាក់លេខ២ មាន ៤ ពិន្ទុ។
សូមរំលឹកថា Persib Bandung មុនទទួលបានកៅអីនៅ AFC Champions League Two នេះ ពួកគេបានយកឈ្នះក្រុមហ្វីលីពីន Manila Diggers នៅវគ្គជម្រុះ Play-Off មុនឡើងមកលេងវគ្គវិលជុំក្នុងពូល E នេះ។
ពីក្រុមដែលមកពីវគ្គជម្រុះ ក្រុមជើងឯកឥណ្ឌូនេស៊ីមួយនេះបានយកឈ្នះទាំង ៤ ប្រកួតនៅ ACL II នេះ រួមមានឈ្នះនៅទឹកដី FC Seoul ឈ្នះក្រុមវៀតណាម The Cong និងឈ្នះ Melbourne Victory របស់អូស្រ្តាលី ទាំងទៅទាំងមក៕ អត្ថបទ៖នាង សុភាវុធ

