ការរៀបចំ និងគ្រប់គ្រងកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ គឺជាការវាស់ស្ទង់សមត្ថភាព និងជាការដុសខាត់មន្ត្រីប្រតិបត្តិការដ៏សំខាន់បំផុត ដើម្បីរៀបចំខ្លួនឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន៣ រួមមាន៖ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨, ការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩, និងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១។

នៅក្នុងកិច្ចប្រជុំគណៈកម្មការរួម នៃការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦ នៅថ្ងៃទី០៤ ខែវិច្ឆិកា នៅសាលប្រជុំមជ្ឈមណ្ឌហ្វឹកហ្វឺនកីឡា មានការអញ្ជើញចូលរួមជាគណៈអធិបតីពីឯក ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឧត្តម កែ ប៊ុន ខៀង និងឯកឧត្តម សាមីឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ។

ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា ការរៀបចំ និងគ្រប់គ្រងកីឡាជាតិឆ្នាំ២០២៦ នេះ គឺជាការសម្រួចគោលដៅឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន៣ ដូចជា៖
១-ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨ (23rd ASEAN University Games 2028)
២-ការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ (Asian Youth Para Games 2029) ជាមួយការបន្តលើកកម្ពស់វិស័យកីឡាជនពិការកម្ពុជាលើឆាកអន្តរជាតិ។
៣-ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ (Asian Youth Games 2031) ដែលជា ព្រឹត្តិការណ៍កីឡា យុវជនកម្រិតទ្វីបដ៏ធំ ក្នុងប្រវត្តិសាស្រ្តកីឡាកម្ពុជា។
ហេតុនេះ ការបំពេញភារកិច្ចរបស់គណៈ កម្មការរួមនាពេលនេះ គឺជាការសាងសង់មូលដ្ឋានគ្រឹះរឹងមាំសម្រាប់កិត្តិយស និងកិត្យានុភាព ជាតិនាពេលអនាគត។
ក្នុងនាមក្រសួងអបរំ ឯកឧត្តមបានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗមួយចំនួន ដើម្បីជំរុញឱ្យការរៀបចំព្រឹត្តិការណ៍ដ៏ធំរៀងរាល់២ឆ្នាំម្តងមួយនេះដំណើរការដោយរលូន និងជោគជ័យ។
ព្រឹត្តិការណ៍ឆ្នាំនេះត្រូវបានរៀបចំឡើងក្រោមបុព្វបទ «កីឡាដើម្បី ឯកភាពជាតិ» ស្របតាមទិសស្លោកដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា គឺ«យុវជនម្នាក់លេងកីឡាយ៉ាងតិច មួយប្រភេទប្រចាំជីវិត» ព្រមទាំងស្មារតី «កីឡារស់ក្នុងសន្តិភាព»។
បើតាមរបាយការណ៍របស់លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាបានឲ្យដឹងថា ការប្រកួតកីឡាជាតិមាន៣២ប្រភេទកីឡាស្មើនឹង ២៥៨វិញ្ញាសា ខណៈការប្រកួតកីឡាជនពិការមាន១០ប្រភេទកីឡាស្មើនឹង ៤៦វិញ្ញាសា ដោយត្រូវដំណើរការប្រកួតចាប់ពីថ្ងៃទី០៥-១៣ ខែវិច្ឆិកា នៅភ្នំពេញ ស្វាយរៀង កំពង់ឆ្នាំង និងខេត្តកែប៕
