ការប្រកួតបាល់ទាត់យុវជនអាយុក្រោម ២០ ឆ្នាំនៅប្រទេសប្រេស៊ីល បានបង្កភាពចលាចលយ៉ាងខ្លាំង រហូតមានការបណ្តេញកីឡាករ និងមន្ត្រីក្រុមសរុប ៥១ នាក់ ដោយប្រើកាតក្រហម ដែលជាកំណត់ត្រាពិភពលោកថ្មី។
ការប្រកួតជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ Minas Gerais Under-20 Championship រវាងក្រុម Uberlandia និង Mamore បានក្លាយជាហេតុការណ៍ដ៏អស្ចារ្យមួយ បន្ទាប់ពីកីឡាករចំនួន ៤៣ នាក់ និងសមាជិកក្រុមការងារបង្វឹកចំនួន ៨ នាក់ ត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួត។
កំណត់ត្រាមុនមានកាតក្រហមសរុប ៣៦ សន្លឹក ដែលកើតឡើងក្នុងការប្រកួតលីគលំដាប់ទី៥ របស់ប្រទេសអាហ្សង់ទីន រវាងក្រុម Club Atletico Claypole និង Victoriano Arenas កាលពីឆ្នាំ២០១១។
យោងតាមសារព័ត៌មានប្រេស៊ីល O Tempo ប៉ូលិសយោធាត្រូវបានកោះហៅឱ្យចុះអន្តរាគមន៍ បន្ទាប់ពីមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅកីឡដ្ឋាន Parque do Sabia។
យោងតាមរបាយការណ៍របស់អាជ្ញាកណ្តាល ជម្លោះបានផ្ទុះឡើងក្នុងវគ្គទី២ បន្ទាប់ពីកីឡាករ Davi របស់ក្រុម Mamore បានធ្វើកាយវិការចំអកដាក់កៅអីបម្រុងរបស់ក្រុមគូប្រកួត អំឡុងពេលអបអរគ្រាប់បាល់ដែលជួយឱ្យក្រុមរបស់ខ្លួននាំមុខ ៣-១។ បន្ទាប់មក គ្រូបង្វឹកអ្នកចាំទីរបស់ Uberlandia លោក Paulo Sergio Dias Dos Santos បានរត់ចូលទីលានដើម្បីប្រឈមមុខជាមួយកីឡាកររូបនោះ ដែលជាហេតុបង្កឱ្យមានការប៉ះទង្គិចគ្នារវាងកីឡាករទាំងសងខាង និងនាំទៅដល់ការបណ្តេញចេញជាបន្តបន្ទាប់។ គួរបញ្ជាក់ថា មុនពេលកើតហេតុ ក៏មានកីឡាករ ៣ នាក់ត្រូវបានបណ្តេញចេញរួចទៅហើយដែរ។
របាយការណ៍របស់ប៉ូលិសបានបញ្ជាក់ពីការខូចខាតទ្វារចំនួន ១៤ កន្លែង បន្ទប់ទឹក បង្អួច ព្រមទាំងកៅអីអង្គុយ និង តុ ជាច្រើនផ្សេងទៀត។ ការប្រកួតត្រូវបានផ្អាកអស់រយៈពេលប្រមាណ ៤០ នាទី មុនពេលអាជ្ញាកណ្តាល Fernando Patrick Drosghic Modesto សម្រេចបញ្ឈប់ការប្រកួតទាំងស្រុង។
ក្រោយមក ក្លឹប Uberlandia បានប្រកាសជាផ្លូវការថា ពួកគេសម្រេចចិត្តប្រគល់ជ័យជម្នះក្នុងការប្រកួតជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឱ្យទៅក្រុម Mamore ដោយសារក្រុមគូប្រកួតនៅសល់កីឡាករអាចចូលលេងបានត្រឹមតែ ៧ នាក់ប៉ុណ្ណោះ បន្ទាប់ពីមានការពិន័យកាតក្រហមដ៏ច្រើននេះ។
Uberlandia បានពណ៌នាការសម្រេចចិត្តរបស់ខ្លួនថា ជា «កាយវិការនៃស្មារតីកីឡាដោយយុត្តិធម៌» (Fair Play) ដែលអនុញ្ញាតឱ្យក្រុម Mamore បន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រ ខណៈ Uberlandia នឹងផ្តោតលើការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ជំនួសវិញ៕ អត្ថបទ៖នាង សុភាវុធ



