ទោះបីមិនសូវពេញចិត្តនឹងទម្រង់លេងខុសពីការរំពឹងរបស់កូនក្រុម តែលោក Matthew McConkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានអបអរសាទរការទទួលបាន ៣ពិន្ទុបន្ថែម ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two 2026/27 ស្របពេលលោក Nazri Nasir គ្រូបង្វឹកក្រុម Tampines Rovers បានជូនពរឲ្យក្រុមតំណាងកម្ពុជាឲ្យសម្រេចគោលដៅឡើងវគ្គ ១៦ក្រុមចុងក្រោយ។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបជើងទី២ រវាងក្រុមទាំងពីរ ដោយក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានយកឈ្នះក្រុម Tampines Rovers របស់សិង្ហបុរី ដោយលទ្ធផល ២-០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីរាត្រីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ។

លោក Matthew McConkey ទទួលស្គាល់ការប្រកួតនេះ ខុសឆ្ងាយពីការរំពឹងទុក ដ្បិតស្ថានភាពមួយចំនួនក្រុមធ្វើមិនបានល្អ ដែលព្យាយាមពង្រឹងបន្ថែម។ យ៉ាងណាឱកាសកំពុងស្ថិតក្នុងដៃរបស់ក្រុម ដែលជំរុញឲ្យក្រុមត្រូវត្រៀមការប្រកួតបន្ទាប់ឲ្យបានល្អ ដើម្បីឡើងវគ្គបន្ដ។ ដូច្នេះមានចំណុចមួយចំនួន ដែលក្រុមត្រូវការអភិវឌ្ឍបន្ថែម ក្រោយចប់ការប្រកួតនេះ។
ដោយឡែកលោក Nazri Nasir ថា Tampines Rovers បានប្រឹងប្រែងអស់ពីសមត្ថភាពហើយ ហើយការប្រកួតនេះ ក៏ខុសពីជំនួបក្នុងដី ដែលចាញ់ព្រះខ័នរាជស្វាយរៀង ៥-១ ដែរ។ លោកគ្មានលេស្ដត្រូវប្រកែក និងការខំប្រឹងកែតម្រូវបន្ថែម។ ជាមួយគ្នាលោកក៏បានជូនពរក្លិបព្រះខ័នរាជស្វាយរៀង ឲ្យឡើងទៅវគ្គបន្ដ ក្នុងនាមក្រុមកំពុងធ្វើបានល្អ និងមានឱកាសក្នុងពូលG ផងដែរ។
គួរដឹងថា ជំនួបជើងទី២ ដែលមានអ្នកទស្សនាផ្ទាល់ជិត ៥ពាន់នាក់រវាងក្រុមទាំងពីរ បានបញ្ចប់ដោយភាពជក់ចិត្ត ក្រោយការព្យាយាមវាយសម្រុកគ្នា និងបង្កើតឱកាសរៀងៗខ្លួន តែក្នុងចំណោមឱកាសជាច្រើនរបស់ក្រុមម្ចាស់ផ្ទះ បានបំប្លែងចេញជាគ្រាប់បាល់ចំនួន ២គ្រាប់ ដែលធ្វើសម្រេចដោយកីឡាករ Tiago Alves នៅនាទី៣២ និង Johannes Tartarotti នាទី៧៨ គ្រាដែលឱកាសរបស់ក្រុមភ្ញៀវ Tampines Rovers ត្រូវបានរារាំងដោយខ្សែការពារ និងអ្នកចាំទី វីរៈ ដារ៉ា។
ជ័យជម្នះនេះ បានធ្វើឲ្យព្រះខ័នរាជស្វាយរៀង បន្ដឈរលេខ២ ក្នុងពូលG ដោយរកបាន ៧ពិន្ទុ ក្រោមក្រុមកំពូលតារាង Machida Zelvia របស់ជប៉ុន ដែលមាន ១២ពិន្ទុពេញ ក្រោយបន្ដជ័យជម្នះលើកទី៤ របស់ខ្លួន លើក្រុម Shanghai Shenhua របស់ចិន ដោយលទ្ធផល ២-១។ លទ្ធផលពេលនេះ បានធ្វើឲ្យព្រះខ័នរាជស្វាយរៀង រក្សាបាននូវឱកាសដើម្បីប្រជែងកៅអីវគ្គបន្ដ ដ្បិតនៅសល់ ២ប្រកួតទៀត ដែលត្រូវជួបក្រុម Machida Zelvia នាថ្ងៃទី២៦ ខែវិច្ឆិកា និងជួបក្រុម Shanghai Shenhua នាថ្ងៃទី៣ ខែធ្នូខាងមុខ៕ អត្ថបទ លី ឈុនឡា







