អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា មានប្រសាសន៍បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជា បន្តធ្វើការងារកាទូតយ៉ាងសកម្មដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី។
ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា ក្នុងឱកាសទទួលជំនួបសម្តែងការគួរសមពីឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ក្រៅពីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនឯកអគ្គរាជទូត អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។
សម្តេចធិបតី បានសង្កត់ធ្ងន់លើការប្ដេជ្ញាចិត្តនិងជំហររបស់កម្ពុជាក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ។
ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា៖«កម្ពុជាក៏បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្លួននៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយឈរលើគោលការណ៍នៃការគោរពគ្នានិងការជឿទុកចិត្តទៅវិញទៅមក ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួម»។ ការគូសបញ្ជាក់បែបនេះបានធ្វើឡើងតាមរយៈបទអន្តរាគមន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១១ ក្រោមមូលបទ «ពង្រឹងការកសាងសហគមន៍វាសនារួម៖ ការចាប់ផ្តើមជំពូកថ្មីសម្រាប់ មេគង្គ-ឡានឆាង២.០» ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
បើតាមការឱ្យដឹងពីឯកឧត្តម ប៉ែន បូណា, ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនក៏បានអញ្ជើញសមភាគីកម្ពុជា និងថៃចូលរួមកិច្ចសន្ទនាពិសាតែជាមួយគ្នា ដោយភាគីទាំងបីបានផ្លាស់ប្តូរទស្សនៈប្រកបដោយស្ថាបនា និងមិត្តភាព អំពីការពង្រឹងកិច្ចសហប្រតិបត្តិការ ការថែរក្សាស្ថិរភាពក្នុងតំបន់ និងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជានិងថៃ។ ដោយឡែក ក្នុងជំនួបទ្វេភាគីរវាងប្រមុខការទូតកម្ពុជា-ចិន ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលផ្តល់ផលប្រយោជន៍រួមទៅវិញទៅមក ក៏ដូចជាការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តការសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់៕




