ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអង់គ្លេស Harry Kane បានសម្រេចបន្តកិច្ចសន្យាថ្មីជាមួយក្លឹប Bayern Munich រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៩ ខណៈក្លឹបយក្សអាល្លឺម៉ង់បានប្រកាសជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍។
ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានផ្លាស់ពី Tottenham Hotspur មកចូលរួមជាមួយ Bayern Munich កាលពីឆ្នាំ២០២៣ ហើយបានរួមចំណែកជួយក្លឹបឈ្នះជើងឯក Bundesliga ចំនួនពីរលើក ពានរង្វាន់ German Cup មួយលើក និង German Super Cup ចំនួនពីរលើក។
ក្នុងវ័យ ៣៣ ឆ្នាំ Kane បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ដោយស៊ុតបញ្ចូលទីបាន ១៥៦ គ្រាប់ ក្នុងការបង្ហាញខ្លួន ១៦១ ប្រកួត គ្រប់កម្មវិធីប្រកួតឱ្យ Bayern Munich។ អ្វីដែលកាន់តែពិសេស ខ្សែប្រយុទ្ធរូបនេះទើបតែឈ្នះពានរង្វាន់ Ballon d’Or កាលពីសប្តាហ៍មុន ដែលធ្វើឱ្យគេក្លាយជាកីឡាករអង់គ្លេសដំបូងគេ បន្ទាប់ពី Michael Owen ក្នុងឆ្នាំ២០០១ ដែលឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពនេះ។
កន្លងមក Kane តែងតែមានព័ត៌មានភ្ជាប់ជាមួយការវិលត្រឡប់ទៅកាន់ក្របខណ្ឌ Premier League វិញ ដោយរូបគេនៅតែខ្វះ ៤៧ គ្រាប់ទៀត ដើម្បីតាមស្មើកំណត់ត្រាស៊ុតបញ្ចូលទីច្រើនបំផុតរបស់ Alan Shearer ដែលមាន ២៦០ គ្រាប់ក្នុងប្រវត្តិសាស្ត្រលីគកំពូលអង់គ្លេស។
ទោះជាយ៉ាងណា ខ្សែប្រយុទ្ធរូបនេះធ្លាប់បានបញ្ជាក់កាលពីខែសីហាថា Premier League លែងមានភាពទាក់ទាញដូចមុនសម្រាប់រូបគេទៀតហើយ ដោយបច្ចុប្បន្នរូបគេផ្តោតសំខាន់លើអាជីពបាល់ទាត់នៅប្រទេសអាល្លឺម៉ង់។
ទាក់ទងនឹងកិច្ចសន្យាថ្មីនេះ Bayern Munich មិនបានបង្ហើបពីតម្លៃហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងឡើយ។ ប៉ុន្តែ សារព័ត៌មានអាល្លឺម៉ង់បានរាយការណ៍ថា កុងត្រាថ្មីនេះគឺជាកិច្ចសន្យាដែលមានតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប និងជាផ្នែកមួយនៃការប្តេជ្ញាចិត្តរយៈពេលវែងចំពោះប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ។
គួរឱ្យដឹងថា Kane បានបញ្ចប់ក្នុងនាមជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំ Bundesliga នៅគ្រប់រដូវកាលចាប់តាំងពីចូលរួមជាមួយ Bayern Munich ហើយថែមទាំងត្រូវបានជ្រើសរើសជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់អាល្លឺម៉ង់ក្នុងឆ្នាំ២០២៦ ផងដែរ។
លើសពីនេះ រូបគេក៏ធ្លាប់ឈ្នះពានរង្វាន់ European Golden Shoe ចំនួនពីរលើក ដែលប្រគល់ជូនកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងលីគកំពូលអឺរ៉ុប ខណៈក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ Kane បានដឹកនាំក្រុមជម្រើសជាតិអង់គ្លេសបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ផងដែរ៕ អត្ថបទ៖នាង សុភាវុធ


