អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃចន្ទថា លោកប្រធានាធិបតី Vladimir Putin គឺជាមន្ត្រីរុស្ស៊ីតែមួយរូបគត់ដែលលោកចង់ជួប ដើម្បីពិភាក្សាពីវិធីដើម្បីបញ្ចប់សង្គ្រាម។
លោក Zelenskyy ដែលបានថ្លែងសុន្ទរកថាតាមវីដេអូនៅវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos ប្រទេសស្វីស ក៏បាននិយាយផងដែរថា ការរៀបចំកិច្ចចរចាណាមួយជាមួយរុស្ស៊ីកាន់តែមានការលំបាកខ្លាំងឡើយ ដូចអ្វីដែលលោកបាននិយាយថា អ៊ុយក្រែនមានភស្តុតាងគ្រប់គ្រាន់នៃសកម្មភាពរបស់រុស្ស៊ី ដែលបានធ្វើលើជនស៊ីវិល។ រុស្ស៊ីច្រានចោលការដាក់គោលដៅលើជនស៊ីវិល សម្រាប់អ្វីដែលខ្លួនហៅថា ជាប្រតិបត្តិការសឹកពិសេសដើម្បីបំបាក់សមត្ថភាពយោធារបស់ប្រទេសអ៊ុយក្រែន។
លោក Zelenskyy បាននិយាយតាមរយៈអ្នកបកប្រែថា ប្រធានាធិបតីសហព័ន្ធរុស្ស៊ីជាអ្នកចាត់ចែងគ្រប់ការសម្រេចចិត្តទាំងអស់ ប្រសិនបើយើងនិយាយពីការបញ្ចប់សង្គ្រាមដោយពុំបានជួបលោក Putin ដោយផ្ទាល់នោះទេ អញ្ចឹងការសម្រេចចិត្តទាំងឡាយនឹងមិនអាចធ្វើទៅបានឡើយ៕
អត្ថបទ៖ សុខមាន