ព្រឹត្តិការណ៍ ពិព័រណ៍ផលិតផលខ្មែរ លើកទី២ កំពុងតែទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណជន។ នៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ ក្រុមអាជីវករ កសិករ និងសហគ្រិនក្នុងស្រុក បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យបង្កើនការគាំទ្រ និងងាកមកប្រើប្រាស់ផលិតផលជាតិឱ្យបានកាន់តែខ្លាំងក្លា ដើម្បីចូលរួមចំណែកស្ដារ និងស្ទួយសេដ្ឋកិច្ចជាតិ។

លោក ណាត បញ្ញា ប្រធានពាណិជ្ជសញ្ញានៃក្រុមហ៊ុន មីជាតិ បាននិយាយថា រាល់ការសម្រេចចិត្តជ្រើសរើសផលិតផលខ្មែររបស់ប្រជាពលរដ្ឋ មិនមែនត្រឹមតែជាការទិញទំនិញនោះទេ ប៉ុន្តែគឺជាការផ្តល់កម្លាំងិត្ត និងដង្ហើមសេដ្ឋកិច្ចដល់ការផលិតក្នុងស្រុក។ លោកបន្តថា កាលមានការគាំទ្រកាន់តែច្រើន ក្រុមហ៊ុនក្នុងស្រុក នឹងមានលទ្ធភាពកាន់តែខ្លាំងក្នុងការអភិវឌ្ឍគុណភាព ពង្រីកខ្សែសង្វាក់ផលិតកម្ម និងជាពិសេសគឺការបង្កើតការងារយ៉ាងច្រើនជូនដល់ប្រជាពលរដ្ឋក្នុងស្រុក។

ដោយឡែក អ្នកស្រី លីម សេងលាង ស្ថាបនិកសិប្បកម្មផលិតសសៃគុយទាវ ក៏បានបង្ហាញពីមោទនភាព និងការប្តេជ្ញាចិត្តខ្ពស់ក្នុងព្រឹត្តិការណ៍នេះដែរ។ អ្នកស្រី បានចែករំលែកទៀតថា រហូតមកដល់ពេលនេះសិប្បកម្មតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍អនាម័យ គុណភាព និងសុវត្ថិភាពម្ហូបអាហារជាចម្បង ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់។

តាមរយៈព្រឹត្តិការណ៍លើកទី២នេះ អ្នកស្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យបន្តជឿជាក់ និងជួយគាំទ្រផលិតផលដែលជារបស់កូនខ្មែរ ពីព្រោះថា ការរួមគ្នាចាយវាយលើផលិតផលក្នុងស្រុក គឺជាកាតាលីករដ៏មានឥទ្ធិពល ដែលឱ្យសេដ្ឋកិច្ចរបស់ជាតិបង្វិលនៅក្នុងប្រទេស និងជួយឱ្យសហគ្រាសធុនតូច និងមធ្យម អាចរីកចម្រើនទៅមុខបានដោយចីរភាព។ នៅក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកាកន្លងនេះ លោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ហ៊ុន ម៉ាណែត ជំទាវទី១ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការជ្រើសរើសគាំទ្រផលិតផលខ្មែរដែលមានគុណភាពពីសំណាក់ប្រជាពលរដ្ឋ គឺជាការចូលរួមពង្រឹងកម្លាំងសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ ម្ចាស់អាជីវកម្មក៏ត្រូវយកចិត្តទុកដាក់លើការវេចខ្ចប់ឱ្យមានភាពទាក់ទាញ ការបង្ហាញព័ត៌មានផលិតផលឱ្យបានច្បាស់លាស់ ការរក្សាគុណភាព និងការកំណត់តម្លៃសមរម្យ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង។អ្វីដែលពិសេសបំផុតនោះគឺ ស្មារតីស្នេហាជាតិអាចបើកទ្វារឱកាសឱ្យផលិតផលរបស់យើងបាន ក៏ប៉ុន្តែគុណភាព សុវត្ថិភាព សេវាកម្ម និងតម្លៃសមរម្យ ទើបធ្វើឱ្យទ្វារឱកាសរបស់យើងនេះបន្តរយៈពេលយូរអង្វែងទៅមុខបាន។
សូមបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» រៀបចំនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍ផលិតផលខ្មែរលើកទី២នេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញការប្រើប្រាស់ និងគាំទ្រផលិតផលក្នុងស្រុក ព្រមទាំងរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ ឈិត បូរ៉ាវី









