លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាសុខភាពភ្នែកពិភពលោក ដែលរៀបចំឡើងនៅមណ្ឌលសុខភាពចក ស្ថិតក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃសុខភាពភ្នែក ជំរុញការថែទាំ និងការការពារគំហើញ កាត់បន្ថយហានិភ័យនៃជំងឺភ្នែក និងបញ្ហាពិការភ្នែក តាមរយៈការផ្សព្វផ្សាយចំណេះដឹង ការពិនិត្យសុខភាពភ្នែក ការផ្តល់ការណែនាំពីក្រុមគ្រូពេទ្យជំនាញ និងការផ្តល់វ៉ែនតាការពារភ្នែកជូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់ទទួលបានសេវាថែទាំសុខភាពភ្នែកទាន់ពេលវេលា និងមានគុណភាព។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ បានមានប្រសាសន៍លើកឡើងពីសារៈសំខាន់នៃសុខភាពភ្នែក ដែលជាផ្នែកមួយមិនអាចខ្វះបានក្នុងការរស់នៅប្រចាំថ្ងៃ ការសិក្សា ការប្រកបការងារ និងការចូលរួមក្នុងសកម្មភាពសង្គម។ លោកថា បញ្ហាសុខភាពភ្នែកមួយចំនួនអាចបង្ការបាន និងអាចព្យាបាលបាន ប្រសិនបើប្រជាពលរដ្ឋមានការយល់ដឹង និងទទួលបានការពិនិត្យព្យាបាលទាន់ពេលវេលា។
លោកប្រធានមន្ទីរក៏បានជំរុញដល់មន្ត្រីសុខាភិបាល និងអ្នកផ្តល់សេវាសុខភាពទាំងអស់ បន្តយកចិត្តទុកដាក់លើការផ្សព្វផ្សាយអប់រំសុខភាព ការផ្តល់សេវាពិនិត្យ និងថែទាំសុខភាពភ្នែកឱ្យកាន់តែទូលំទូលាយ ពិសេសចំពោះកុមារ មនុស្សចាស់ និងប្រជាពលរដ្ឋដែលមានហានិភ័យខ្ពស់ ព្រមទាំងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទៅពិនិត្យសុខភាពភ្នែកជាប្រចាំ ដើម្បីការពារបញ្ហាពិការភ្នែក និងការបាត់បង់គំហើញ។
ក្នុងនោះលោកបានស្នើដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ បន្តសហការជាមួយមន្ត្រីសុខាភិបាល ក្នុងការផ្សព្វផ្សាយចំណេះដឹងអំពីការថែទាំសុខភាពភ្នែក ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានព័ត៌មានត្រឹមត្រូវ និងមានលទ្ធភាពទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងសមធម៌។
ក្នុងឱកាសនោះដែរលោកឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាល និងជាប្រធានកម្មវិធីសុខភាពភ្នែកខេត្ត ក៏បានធ្វើបទបង្ហាញ និងពន្យល់ណែនាំដល់ប្រជាពលរដ្ឋដែលបានចូលរួម អំពីបញ្ហាសុខភាពភ្នែកដែលតែងកើតមាន កត្តាប្រឈមនានាដែលអាចប៉ះពាល់ដល់គំហើញ ព្រមទាំងវិធីសាស្ត្រក្នុងការថែទាំ និងការការពារសុខភាពភ្នែកឱ្យបានត្រឹមត្រូវ។ លោកក៏បានណែនាំឱ្យប្រជាពលរដ្ឋចេះថែរក្សាអនាម័យភ្នែក ជៀសវាងទម្លាប់ដែលអាចបង្កគ្រោះថ្នាក់ដល់ភ្នែក និងស្វែងរកសេវាពិនិត្យសុខភាពភ្នែកនៅមូលដ្ឋានសុខាភិបាល ប្រសិនបើមានបញ្ហា ឬរោគសញ្ញាមិនប្រក្រតី ដើម្បីទទួលបានការពិនិត្យ និងព្យាបាលទាន់ពេលវេលា៕ អត្ថបទ៖ សេងឡុង









