ឱកាសការងារក្នុងស្រុក និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាច្រើនកន្លែង ត្រូវបាននាំយកមកផ្ដល់ជូនដល់ដៃបងប្អូនប្រជាពលរដ្ឋ យុវជន និងអតីតពលករវិលត្រឡប់ពីក្រៅប្រទេស ក្នុងខេត្តមណ្ឌលគិរី ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ»នេះឡើងនៅខេត្តមណ្ឌលគិរីរយៈពេល០២ថ្ងៃ ដោយកាលពីថ្ងៃទី០៦ ខែវិច្ឆិកាម្សិលមិញនេះ បានធ្វើឡើងនៅសាលាស្រុកកោះញែក មានពលរដ្ឋចូលរួមជាងជិត១០០០នាក់ ហើយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានបន្តរៀបចំនៅបរិវេណសាលាក្រុងសែនមនោរម្យ ដោយមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករអញ្ជើញមកចូលរួមដាក់ពាក្យ និងសម្ភាសការងារ។

លោក ងូក សុវណ្ណ អ្នកនាំពាក្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា វេទិកាការងារនេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត និងអត់ការងារធ្វើនៅតាមជនបទ ឱ្យមានមុខរបរច្បាស់លាស់ដើម្បីរកចំណូលទ្រទ្រង់គ្រួសារ និងកាត់បន្ថយការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។ នៅក្នុងកម្មវិធីនេះ មានក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុ និងផ្នែកកសិកម្មជាច្រើនបានមកជ្រើសរើសបុគ្គលិកផ្ទាល់។ ជាមួយគ្នានេះ មន្ទីរក៏បានផ្សព្វផ្សាយពីការរៀនជំនាញវិជ្ជាជីវៈឥតគិតថ្លៃ (TVET) ដល់យុវជនដែលបោះបង់ការសិក្សា ឬចប់ថ្នាក់ទី១២ តែគ្មានលទ្ធភាពបន្តទៅរៀននៅភ្នំពេញ ដូចជាជំនាញជួសជុលឡាន ម៉ូតូ ជាងភ្លើង ផ្សារដែក កាត់សក់ សំអាងការ និងកែច្នៃបន្លែធម្មជាតិ ដោយរដ្ឋាភិបាលមានផ្តល់កន្លែងស្នាក់នៅ និងផ្តល់ប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀល ក្នុងមួយខែសម្រាប់សិស្សមកពីគ្រួសារក្រីក្រ។

កញ្ញា ចាន់ មុតឌៀង អាយុ ១៨ឆ្នាំ រស់នៅភូមិជ្រៃសែន សង្កាត់មនោរម្យ បានបង្ហាញក្តីរំភើប និងបានចាប់អារម្មណ៍ចង់រៀនជំនាញវិជ្ជាជីវៈ ដើម្បីទទួលបានចំណេះដឹងពិតប្រាកដសម្រាប់កសាងអនាគត។ កញ្ញាក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានរៀបចំវេទិកានេះឡើង ព្រមទាំងផ្តល់អាហារ និងភេសជ្ជៈដោយឥតគិតថ្លៃ ធ្វើឱ្យបងប្អូនមកចូលរួមមិនបាច់ចំណាយប្រាក់កាក់ផ្ទាល់ខ្លួនឡើយ ។

ចំណែក កញ្ញា វិសា នីតា ដែលបានមកចូលរួមស្វែងរកការងារដែរនោះ បាននិយាយថា កម្មវិធីនេះពិតជាជួយសម្រាលបន្ទុកគ្រួសារ និងជួយដល់បងប្អូនអតីតពលករមកពីថៃឱ្យមានការងារធ្វើសមរម្យ។ ដោយឡែកសម្រាប់រូបនាងផ្ទាល់ គឺមានបំណងចង់រៀនសូត្រលើផ្នែកកសិកម្ម ព្រោះជាជំនាញស្នូលដែលប្រទេសយើងកំពុងត្រូវការចាំបាច់។

ឯកឧត្តម សោម អូន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការធ្វើការងារនៅក្នុងស្រុក ក្រៅពីទទួលបានប្រាក់ឈ្នួលសមរម្យ បងប្អូននឹងទទួលបានអត្ថប្រយោជន៍ពេញលេញពី ប.ស.ស. ទាំងការថែទាំសុខភាព ហានិភ័យការងារ និងប្រាក់សោធននិវត្តន៍នៅពេលចាស់ទៅ ព្រមទាំងបានរស់នៅជួបជុំក្រុមគ្រួសារប្រកបដោយសុភមង្គល ជៀសផុតពីការកេងប្រវ័ញ្ច និងគ្រោះថ្នាក់ពីការចំណាកស្រុកខុសច្បាប់។
សូមជម្រាបបន្ថែមថា ចំពោះបងប្អូនប្រជាពលរដ្ឋ និងយុវជន ដែលមិនបានមកចូលរួមដោយផ្ទាល់ក្នុងថ្ងៃនេះ អាចអញ្ជើញទៅទាក់ទងនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ដោយគ្រាន់តែភ្ជាប់ឯកសារសម្គាល់ខ្លួន ឬអាចទូរស័ព្ទទៅកាន់លេខឥតគិតថ្លៃរបស់ក្រសួងការងារគឺ ១២៩៧ សម្រាប់ព័ត៌មានការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ព័ត៌មានពី ប.ស.ស.៕ អត្ថបទ៖ អ៊ិត ភីរុណ



